Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់ទើបស្រក ស្រាប់តែ ថៃ ចាប់ផ្តើមបើកបញ្ចេញទឹកពីទំនប់នៅភាគខាងត្បូង សាជាថ្មី

បានផុស

នៅ

ក្រោយទឹកជំនន់ស្រកមិនទាន់បានប៉ុន្មានថ្ងៃស្រួលបួលផង ថៃស្រាប់តែប្រកាសបញ្ចេញទឹកពីទំនប់នៅខេត្តភាគខាងត្បូងសាជាថ្មី ប៉ុន្តែមានការធានាថា ការបញ្ចេញនេះមិនបង្កជាទឹកជំនន់នៅតំបន់ក្រោមខ្សែទឹកនោះទេ។

ទំនប់ Banglang (រូបថត៖ Say Hi to Thailand)

តាមការផ្សាយរបស់ Bangkok Post នៅថ្ងៃពុធទី៣ខែធ្នូឆ្នាំ២០២៥, អាជ្ញាធរថៃ នឹងទម្លាយទឹកចេញពីទំនប់ Banglang ក្នុងខេត្ត Yala ចាប់ពីថ្ងៃព្រហស្បតិ៍ទី៤ទៅ ក្រោយពេលទំនប់នេះ ផ្អាករំដោះទឹកតាំងតែពីថ្ងៃទី២៣ខែវិច្ឆិកាមកម្ល៉េះ ដោយសារតែស្ថានភាពទឹកជំនន់ដ៏អាក្រក់នៅភាគខាងត្បូង។

សេចក្តីប្រកាសបានឲ្យដឹងថា ទំនប់នឹងទម្លាយទឹកតាមដំណាក់កាលចូលទៅក្នុងទន្លេ ប៉ាតានី ពោលគឺនៅថ្ងៃព្រហស្បតិ៍និងសុក្រនឹងបញ្ចេញ ៣លានម៉ែត្រគូបក្នុងមួយថ្ងៃ បន្ទាប់មកដល់ថ្ងៃសុក្រនិងសៅរ៍ នឹងបង្កើនការបញ្ចេញទ្វេដងដល់៦លានម៉ែត្រគូបក្នុងមួយថ្ងៃ លុះចាប់ពីថ្ងៃចន្ទ នឹងឈានដល់៨លានម៉ែត្រគូបក្នុងមួយថ្ងៃ។

ដ្បិតតែស្ថានភាពទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃបានធូរស្រាលបន្តិចហើយក៏ពិតមែន ប៉ុន្តែវានៅតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសេដ្ឋកិច្ច បណ្តាលឲ្យខូចខាតក្នុងទំហំទឹកប្រាក់រាប់លានដុល្លារ។

ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ (រូបថត៖ Bangkok Post)

ទាក់ទិននឹងការស្លាប់វិញ ក្រសួងសុខាភិបាលសាធារណៈថៃ ចេញរបាយការណ៍ថា តួលេខមនុស្សបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់ដ៏សាហាវនៅភាគខាងត្បូងនេះ បានកើនដល់១៨០នាក់ គិតត្រឹមព្រឹកថ្ងៃពុធទី៣ខែធ្នូឆ្នាំ២០២៥។ 

យ៉ាងណា មានការជជែកវែកញែកបែកផ្សែងរឿងចំនួនមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់នៅ Hat Yai ដល់ថ្នាក់ចោទរដ្ឋាភិបាលទីក្រុងបាងកក ថា លាក់បាំងតួលេខពិតថែមទៀ។ 

ពាក់ព័ន្ធរឿងនេះ នាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុល ប្រកាសក្តែងៗថា លោកជឿតែគ្រូពេទ្យជំនាញប៉ុណ្ណោះ រឿងតួលេខមនុស្សស្លាប់នេះ៕

អត្ថបទ៖ សុខ សុវណ្ណ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម