ព័ត៌មានអន្ដរជាតិ
អង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឲ្យកម្ពុជា-ថៃ ទប់ស្កាត់ហានិភ័យបន្ថែមទៀតដល់ជនស៊ីវិល
ស្របពេលការប៉ះទង្គិចនៅព្រំដែនកម្ពុជា-ថៃ មិនទាន់ធូរស្រាលឈានដល់មានមនុស្សស្លាប់នោះ អង្គការលើកលែងទោសអន្តរជាតិ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងអំពីជម្លោះនេះ ដោយអំពាវនាវឲ្យភាគីទាំងពីរ ត្រូវតែទប់ស្កាត់ហានិភ័យបន្ថែមទៀតចំពោះជនស៊ីវិល ដែលបណ្តាលមកពីអរិភាពដែលបានផ្ទុះឡើងវិញ។

ក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃចន្ទទី៨ខែធ្នូឆ្នាំ២០២៥ លោកស្រី Montse Ferrer ដែលជានាយកផ្នែកស្រាវជ្រាវប្រចាំតំបន់របស់អង្គការលើកលែងទោស បាននិយាយថា៖ «ការផ្ទុះឡើងវិញនៃអរិភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ អាចបង្កជាហានិភ័យដល់ អាយុជីវិតជនស៊ីវិល ការផ្លាស់ទីលំនៅទ្រង់ទ្រាយធំ និង ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិលចាំបាច់។ រដ្ឋាភិបាលកម្ពុជា និងថៃ ត្រូវតែចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារជនស៊ីវិលស្របតាមច្បាប់មនុស្សធម៌អន្តរជាតិនិងទប់ស្កាត់រាល់ហានិភ័យបន្ថែមទៀតចំពោះជនស៊ីវិល។ ចំពេលមានរបាយការណ៍គួរឲ្យព្រួយបារម្ភអំពី ជនស៊ីវិលរងគ្រោះកាលពីថ្ងៃចន្ទ យើងសូមជំរុញឲ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធលើរដ្ឋាភិបាលទាំងពីរឲ្យគោរពតាមកាតព្វកិច្ចរបស់ពួកគេ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជម្លោះមកលើជនស៊ីវិល និងទ្រព្យសម្បត្តិជនស៊ីវិល ឲ្យនៅកម្រិតអប្បបរមា»។

ការអំពាវនាវនេះកើតឡើងស្របពេលអង្គការសហប្រជាជាតិ ក៏ជំរុញឲ្យភាគីជម្លោះថៃនិងកម្ពុជា អត់ធ្មត់និងវិលទៅរកកិច្ចព្រមព្រៀងសន្តិភាពវិញផងដែរ។
លោក Stephane Dujarric ដែលជាអ្នកនាំពាក្យរបស់ប្រមុខ UN បាននិយាយថា លោក Antonio Guterres មានក្តីបារម្ភចំពោះរបាយការណ៍នៃការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាថ្មីរវាងកម្ពុជា និងថៃ ជាពិសេសការវាយប្រហារតាមអាកាស និងការចល័តឧបករណ៍ធុនធ្ងន់នៅតំបន់ព្រំដែន។

ទន្ទឹមនោះ លោក Dujarric ក៏និយាយដែរថា អគ្គលេខាធិការបានរំលឹកឡើងវិញនូវការអំពាវនាវរបស់លោកឲ្យភាគីនានាវិលត្រឡប់ទៅរកក្របខ័ណ្ឌនៃសេចក្តីប្រកាសរួមដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ២៦ខែតុលាវិញ ហើយប្តេជ្ញាចិត្តជាថ្មីចំពោះបទឈប់បាញ់ និងអនុវត្តវិធានការកាត់បន្ថយការកើនឡើង និងការកសាងទំនុកចិត្តគ្នា។
លោក Guterres ថែមទាំងអំពាវនាវឲ្យភាគីទាំងពីរប្រើប្រាស់ឲ្យបានពេញលេញនូវរាល់យន្តការសម្រាប់កិច្ចសន្ទនា ដើម្បីស្វែងរកដំណោះស្រាយយូរអង្វែងចំពោះជម្លោះតាមរយៈមធ្យោបាយសន្តិវិធី៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


