Connect with us

នយោបាយ

សម្ដេចតេជោ រម្លឹក​UNពី​គោល​បំណង​នៃការ​បង្កើតអង្គការ​នេះស្របពេល​ដែលថៃ​បន្ត​ឈ្លាន​ពាន​កម្ពុជា

បានផុស

នៅ

ប្រធានព្រឹទ្ធសភា​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន ​បាន​បង្ហោះ​លើបណ្ដាញ​សង្គម​របស់​សម្ដេច​នៅ​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ ដោយ​បាន​អប​អរសាទរ​ខួប​៧០​ឆ្នាំ​ដែល​កម្ពុជា​បាន​ក្លាយ​ជាសមាជិក​អង្គការ​សហប្រជាជាតិ និង​បានរម្លឹក​ពី​គោល​បំណង​នៃ​ការ​បង្កើតស្ថាប័ន​ពិភព​លោក​នេះ​ក្នុង​ពេល​ដែល​កម្ពុជា​កំពុង​រង​ការ​ឈ្លានពាន​ពីប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេច​តេជោ​បាន​សរសេរ​លើ​ហ្វេសបុក​ផេក​របស់​សម្ដេច​ថា​៖ «គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក»។

កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​​​​សមាជិក​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ១៩៥៥ ១០ឆ្នាំ​ក្រោយ​អង្គការ​ពិភព​លោក​នេះ​ត្រូវ​បាន​បង្កើត។ ក្នុង​នាម​ជា​សមាជិក​កម្ពុជា​បាន​ប្រកាន់​ខ្ទាប់​នូវ​តួនាទី និង​ការ​ចូលរួម​ជាមួយ​អង្គការ​នេះ​ជា​និច្ច ជា​ពិសេស​គឺ​ការ​បញ្ជូន​កង​ទ័ពរក្សាសន្ដិភាព​ក្រោម​ឆ័ត្រ​ UN ទៅ​កាន់​ប្រទេស​ជាច្រើនលើ​ពិភព​លោក​។

កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិផងដែរ។

ចាប់​តាំង​ពី​មាន​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​និង​ថៃ​មក​ស្ថាប័ន​នានា​របស់​អង្គការ​សហប្រជាជាតិ​ហាក់​បី​ដូច​ជា​ឆ្លើយ​តប​នៅ​ទាប​នៅ​ឡើយ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​សន្ដិសុខ​ សណ្ឋាប់​ធ្នាប់​ពិភព​លោក​។

សាស្ត្រាចារ្យ​ជាន់​ខ្ពស់​ជំនាញ​ទំនាក់ទំនង​អន្តរជាតិ និង​យុទ្ធសាស្ត្រនៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​លោក ប៉ូ សុរីនដា មើល​ឃើញ​ថា បច្ចប្បន្ន​ស្ថាប័ន​អន្តរជាតិ​របស់​ UN ហាក់​បី​ដូច​ជា​ដើរ​ថយ​ក្រោយ​ ឆ្លើយ​តប​យឺ​តយ៉ាវចំពោះ​ជម្លោះ​ក្នុង​ពិភពលោក​រួម​ទាំង​ជម្លោះ​កម្ពុជា​និង​ថៃ​ផងដែរ​។ លោក​ជំរុញ​ដល់​រដ្ឋាភិបាល​មាន​វិធាន​បន្ថែម​ទៀត​ដាស់​ឱ្យស្ថាប័ន​ UN ពង្រឹង​នូវ​គោល​គំនិត​របស់​ខ្លួន​ឡើង​វិញ​។

លោក​ថា៖ «​អង្គការ​អន្តរជាតិ​នេះ​ដើរ​តួនាទី​សំខាន់​ណាស់​នៅ​ក្នុង​ការ​រៀបចំ​សណ្ឋាប់​ធ្នាប់អន្តរជាតិល្អ​មាន​របៀបរៀបរយ​ដែល​ប្រទេស​ទាំង​អស់​នៅ​ទូទាំង​ពិភព​លោក​បាន​ប្រយោជន៍​មាន​សន្តិសុខ​ សន្ដិភាព មាន​ការរីក​ចម្រើន​សេដ្ឋកិច្ច។ ប៉ុន្ដែ​ឥឡូវ​នេះ​ស្ថាប័ន​អន្តរជាតិ​ទាំង​អស់​ហ្នឹង​ហាក់​បី​ដូច​ជា​ដើរ​ថយ​ក្រោយ ហាក់​ដូច​ជា​មិន​មាន​ភាព​វៀង​វៃ​ក្នុង​ការ​ចូល​រួម​ជាមួយ​ជម្លោះ​បែប​នេះ។ អ៉ីចឹង​ពួក​គាត់​ទាំង​អស់គ្នា​ត្រូវ​តែ​ចូល​រួម​ឱ្យ​បាន​ស្វាហាប់​ជាង​មុន​បន្តិច ហើយ​កម្ពុជា​យើង​ត្រូវ​ប្រាប់ពួកគាត់​ឱ្យ​ដឹង​​»។

ប្រទេស​ថៃ​បើក​ការ​បាញ់​ប្រហារ​លើ​កម្ពុជានៅ​ថ្ងៃ​ទី​៧ ខែធ្នូ ដោយ​ប្រើប្រាស់​អាវុធធុនធ្ងន់ និង​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​មក​លើ​កម្ពុជា​បំពាន​លើ​កិច្ច​ព្រមព្រៀង​សន្ដិភាពជាមួយ​កម្ពុជា​។ ទោះ​បី​ជាមាន​ការ​សម្រប​សម្រួល​​ពីប្រធានាធិបតី​អាមេរិក​ដើម្បី​បញ្ចប់​សង្គ្រាម​នេះ​ក្ដី ក៏ថៃ​នៅ​តែ​បន្តសង្គ្រាម​កាន់​តែ​ខ្លាំង​ឡើង​លើ​កម្ពុជា​ថែម​ទៀតរហូត​មក​ដល់​ថ្ងៃទី​១៤​ ខែ​ធ្នូ​នេះ។ អំពើ​ឈ្លាន​ពាន​នេះ​​​បាន​សម្លាប់​ពលរដ្ឋ​ខ្មែរ​ចំនួន​១១នាក់ និង​រង​របួស​មនុស្ស​ចំនួន​៧៦​នាក់ ខណៈ​រាប់​ម៉ឺននាក់​ផ្សេង​ទៀត​ត្រូវ​ភៀស​ខ្លួន​ទៅ​កាន់​ទី​តាំង​សុវត្ដិភាព។

នាយករដ្ឋមន្ត្រី​ចាំ​ផ្ទះ​ថៃ​ អនុទីន បាន​សរសរ​លើ​ហ្វេសបុក​របស់​ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ​ថា​ ថៃ​នឹងបន្ត​សកម្មភាព​យោធា​លើ​កម្ពុជា​រហូត​ដល់​ពេល​ដែល​មាន​អារម្មណ៍​ថា​គ្មាន​ការគំរាម​កំហែងទឹកដី និង​ប្រជាជន​ថៃ។ បន្ថែម​លើ​នេះ​សារព័ត៌មាន​ថៃ​ក៏បាន​ដក​ស្រង់​សំដី​របស់​នាយករដ្ឋមន្ត្រី​នេះ​មក​ចុះ​ផ្សាយផងដែរ​ថា​ «ពេល​នេះ​ថៃ​មិន​ត្រូវ​ការ​ស្ដាប់​អ្នក​ណា​ទាំង​អស់​ទៀត​ហើយ​»

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម