Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេស៖ យោធាថៃបើកប្រតិបត្តិការទ្រង់ទ្រាយធំពីថ្ងៃ ៧-២៧ ធ្នូ ដោយគិតទុកជាមុន និងជាប្រព័ន្ធ

បានផុស

នៅ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រាប់សហគមន៍អន្តរជាតិថា ក្នុងអំឡុងពេលប្រតិបត្តិការយោធាទ្រង់ទ្រាយធំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥ កងកម្លាំងប្រដាប់អាវុធថៃបានបើកប្រតិបត្តិការវាយលុកផ្នែកយោធាដែលបានគិតទុកមុន និងជាប្រព័ន្ធ លើទីតាំងជាច្រើនតាមបណ្តោយព្រំដែនដែលមានការទទួលស្គាល់ជាអន្តរជាតិ ដោយវាយសំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្តែងលើតំបន់នានាដែលស្ថិតយ៉ាងជាក់ច្បាស់ក្នុងទឹកដីកម្ពុជា នៅខេត្តចំនួន៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្តចំនួន ៤ ដែលយោធាថៃគិតទុកជាមុនសម្រាប់បើកការវាយប្រហាររួមមាន ខេត្តបន្ទាយមានជ័យ​ នៅ ភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបឹងត្រកួន, ខេត្តពោធិ៍សាត់ នៅតំបន់ភ្លុកដំរី ច្រកអន្តរជាតិថ្មដា (ច្រកជ័យជំនះ) ខេត្តព្រះវិហារ នៅតំបន់អានសេះ តំបន់តាថាវ តំបន់ភ្នំទ្រព្យ និងខេត្តឧត្តរមានជ័យ នៅតំបន់អូស្មាច់ ប្រាសាទខ្នា ប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តំបន់ជប់អង្គុញ និងតំបន់ចូកគ្រួស។ នេះបើតាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេស ដែលបានជម្រាបជូនសហគមន៍អន្តរជាតិ និងសាធារណជនទូទៅអំពីការបន្តសកម្មភាពគឃ្លីនរបស់កងកម្លាំងប្រដាប់អាវុធថៃប្រឆាំងនឹងអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។

ក្នុងប្រតិបត្តិការឈ្លានពានទាំងកម្រោលនេះ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាបំផុតប្រឆាំងនឹងការរំលោភបំពានរបស់ថៃ រួមទាំងការបន្តឈរជើង និងកាន់កាប់ដោយខុសច្បាប់ ប្រតិបត្តិការយោធារបស់កងកម្លាំង ប្រដាប់អាវុធថៃ នៅខេត្តទាំងបួនខាងលើរបស់កម្ពុជា។ ក្រសួងការបរទេស សង្កត់ធ្ងន់ថា៖«ការកាន់កាប់ទឹកដីកម្ពុជាដោយកងទ័ពថៃក្រោយបទឈប់បាញ់ ហើយបន្ទាប់មកវាយកម្ទេចផ្ទះសម្បែងរបស់ប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឯទៀតរបស់កម្ពុជាដោយបន្តបិទសិទ្ធិរបស់ជនស៊ីវិលភៀសសឹកកម្ពុជាជាច្រើនមិនឱ្យវិលត្រឡប់ទៅលំនៅដ្ឋានរបស់គេវិញបាន គឺជាការរំលោភយ៉ាងជាក់ច្បាស់ចំពោះគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់មនុស្សធម៌ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។

រាជរដ្ឋាភិបាលកម្ពុជា សង្កត់ធ្ងន់ថា ការបន្តឈរជើង និងកាន់កាប់ជាក់ស្តែងដោយកងកម្លាំងយោធាថៃលើទឹកដីកម្ពុជា ដែលនៅតំបន់ខ្លះគឺហួសពីខ្សែបន្ទាត់ព្រំដែនតាមជំហថៃទៅទៀត គឺជាការបន្តកាន់កាប់ដោយខុសច្បាប់ និងគ្មានមូលដ្ឋានទាល់តែសោះក្រោមច្បាប់អន្តរជាតិ។ ការកាន់កាប់ និងបន្តកាន់កាប់តាមរយៈការគំរាមកំហែង និងការប្រើប្រាស់កម្លាំងនេះ គឺផ្ទុយទៅនឹងគោលការណ៍ជាមូលដ្ឋាន និងមិនអាចបដិសេធបាននៃច្បាប់អន្តរជាតិ ដែលហាមឃាត់ការកាន់កាប់យកទឹកដីដោយប្រើប្រាស់កម្លាំង។

កម្ពុជាសង្ឃឹមថាសហគមន៍អន្តរជាតិ នឹងជួយជំរុញប្រទេសថៃឱ្យដោះស្រាយជម្លោះព្រំដែន ស្របតាមច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់ខ្លួន ក្រោមសន្ធិសញ្ញា កិច្ចព្រមព្រៀងដែលមានស្រាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម