Connect with us

កីឡា

វឿន ណាវ៉ន​ ម្ចាស់​មេដាយ​មាស​ជើងឯក​ថ្នាក់​ជាតិ​បាល់ទាត់​លើ​តុ​ផ្ដើម​ចេញ​ពី​អ្នក​រើស​បាល់​ឲ្យ​គេ​តាម​សួនច្បារ​

បានផុស

នៅ

ម្ចាស់​មេដាយ​មាស​ និង​មេដាយ​ប្រាក់​ជើងឯក​ថ្នាក់​ជាតិ​កីឡាបាល់ទាត់​លើ​តុ​ ឆ្នាំ​២០២៦​ កីឡាករ​ វឿន​ ណារ៉ន​ មាន​និស្ស័យ​ជា​មួយ​បាល់​តាំង​ពី​តូចៗ​ និង​​ចាប់​ផ្ដើម​ពី​អ្នក​រើស​បាល់​ឲ្យ​គេ​លេង​នៅ​តាម​សួនច្បារ​ក្ដាន់ពីរ​រហូត​មាន​ឱកាស​ជាប់​ជម្រើសជាតិ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ វឿន ណាវ៉ន

កីឡាករ​ វឿន​ ណាវ៉ន​ បាន​ឲ្យ​ដឹង​ថា​ អំឡុង​ឆ្នាំ​២០១៣​ រូប​គេ​គ្រាន់​តែ​ជា​ក្មេង​ម្នាក់​អង្គុយ​មើល​ចាស់ៗ​លេង​បាល់​ លេង​សីដក់​ និង​ចាំ​ជួយ​រើស​បាល់ឲ្យ​គេ​​នៅ​ម្ដុំ​សួនច្បារ​ក្ដាន់ពីរ​តែ​ប៉ុណ្ណោះ។​ ដោយ​ចិត្ត​ស្រឡាញ់​តាំង​ពី​តូច​ និង​ឧស្សារហ៍​រើស​បាល់​ជា​ច្រើន​ឆ្នាំ​ទើប​រូប​គេ​បាន​ការ​ទុកចិត្ត​ពី​ចាស់ៗ​រហូត​មាន​ឱកាស​ហាត់​រៀន និង​បាន​ចូល​លេង​បាល់​ជា​មួយ។​

ម្ចាស់​មេដាយ​មាស​ឆ្នាំ​២០២៦​ រូប​នេះ​បន្ថែម​ទៀត​ថា​ ដោយ​សារ​តែ​ការ​ខំប្រឹង​ប្រែង​ និង​ឧស្សាហ៍​ព្យាយាម​ទើប​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​គ្រូ​ចាស់ៗ​រហូត​ឲ្យ​បាន​ចូល​ហ្វឹកហាត់​កីឡា​បាល់ទាត់​លើ​តុ​ និង​បាន​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​ដូច​ពេល​នេះ។​

កីឡាករ វឿន ណាវ៉ន

កីឡាករ​វ័យ​ ២៥​ឆ្នាំ​រូប​នេះ​មិន​ភ្លេច​ឡើយ​គុណ​បំណាច់​របស់​លោក​ ស្រូយ​ សុវណ្ណារ៉ា​ ដែល​ជា​គ្រូ​នៃ​ក្លឹប​បាល់ទាត់​ We Are DN និង​លោក​ស្រី​ ងួន​ ច័ន្ទបរមី​ ​គ្រូ​បង្វឹក​ជម្រើសជាតិ​បាល់​ទាត់​លើ​តុ​ដែល​អ្នក​ទាំង​ពីរ​បាន​ផ្ដល់​ឱកាស​ និង​បង្ហាត់​បង្រៀន​កន្លង​មក​រហូត​ក្លាយ​ជា​កីឡាករ​អាជីពមួយ​រូប។​ យ៉ាងណា​ខ្លួន​នឹង​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត​ដើម្បី​បំពេញ​នូវ​ចំណុច​ខ្វះខាត​ឲ្យក្លាយជា​កីឡាករ​ដែល​មាន​សមត្ថភាព​ល្អ​អាច​ប្រជែង​មេដាយ​ជូន​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ​នៅ​ថ្ងៃ​ខាង​មុខ​នេះ។​

ទិដ្ឋភាព ណាវ៉ន ហ្វឹកហាត់នៅក្ដាន់ពីរ

បញ្ជាក់​ដែរ​ថា​ វឿន​ ណាវ៉ន​ ជា​កីឡាករ​ជម្រើស​ជាតិ​កីឡា​បាល់ទាត់​លើ​តុ​ ឆ្នាំ​២០២៦​ នេះ។​ រូប​គេ​ទើប​តែ​មាន​ឱកាស​ជាប់​ជម្រើស​ជាតិ​នៅ​ឆ្នាំ​នេះ​នោះ​ទេ។​ ក្នុង​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៦​ រូប​គេ​លេង​តំណាង​ក្លឹប​ក្រសួង​មហាផ្ទៃ​ និង​ដណ្ដើម​បាន​មេដាយ​ ២គ្រឿង​ មាស១​ វិញ្ញាសា​គូ​បុរស​ និង​មេដាយ​ប្រាក់១ លើ​វិញ្ញសា​ចម្រុះ​ (បុរស-នារី)​ ដែល​ទើប​បញ្ចប់​កាល​ពី​ថ្ងៃ​ទី៣១​ ខែ​ឧសភា​ ២០២៦​ នេះ​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ រាជធានីភ្នំពេញ៕​

វឿន ណាវ៉ន និងគ្រូ

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម