ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ជំហររឹងមាំរបស់កម្ពុជា លើសន្តិភាព និងការដោះស្រាយជម្លោះដោយសន្តិវិធី
នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើបទបង្ហាញជូនប្រធាន និងតំណាងស្ថានបេសកកម្មការទូត និងអង្គការអន្តរជាតិប្រចាំនៅរាជធានីភ្នំពេញ អំពីការវិវត្តចុងក្រោយនៃស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា–ថៃ។

ក្នុងបទបង្ហាញនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការចូលរួម និងការតាមដានយ៉ាងសកម្មរបស់អង្គទូត ហើយបានកត់សម្គាល់ថា បន្ទាប់ពីកំណើនភាពតានតឹងថ្មីៗ ស្ថានការណ៍ព្រំដែនកម្ពុជា–ថៃ ហាក់ដូចជាកំពុងវិលត្រឡប់ទៅរកទិសដៅវិជ្ជមានវិញ តាមរយៈសមិទ្ធផលការទូតសំខាន់ៗជាបន្តបន្ទាប់។
សមិទ្ធផលទាំងនេះ រួមមាន កិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា–ថៃ នាថ្ងៃទី ២៧ ខែធ្នូ និងកិច្ចប្រជុំត្រីភាគីរវាងកម្ពុជា ថៃ និងចិន នៅខេត្តយូណាន ប្រទេសចិន នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៥។

លោក ប្រាក់ សុខុន បានគូសបញ្ជាក់ពីលទ្ធផលវិជ្ជមាននៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់ GBC ដែលផ្តោតលើការកាត់បន្ថយភាពតានតឹង ការកសាងទំនុកចិត្ត និងការស្តារសន្តិភាព និងភាពប្រក្រតីឡើងវិញ។ លទ្ធផលសំខាន់ៗរួមមាន ការអនុវត្តបទឈប់បាញ់មានប្រសិទ្ធភាព ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ទី២៧ ខែធ្នូ ឆ្នាំ២០២៥ ការធានាឱ្យជនភៀសសឹកអាចវិលត្រឡប់ទៅទីលំនៅវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ព្រមទាំងការប្តេជ្ញាចិត្តឡើងវិញ ចំពោះដំណោះស្រាយជម្លោះដោយសន្តិវិធី។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្វាគមន៍ចំពោះការដោះលែងយោធិនកម្ពុជាទាំង ១៨រូប ដែលត្រូវបានចាត់ទុកថា ជាជំហានសំខាន់ក្នុងការកសាងទំនុកចិត្តឡើងវិញ និងបានថ្លែងអំណរគុណដល់គ្រប់ភាគី ដែលបានរួមចំណែកគាំទ្រដល់ការវិវត្តវិជ្ជមានទាំងនេះ។
ទោះជាយ៉ាងណាក្តី លោក ប្រាក់ សុខុន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពជនភៀសសឹកកម្ពុជារាប់សិបម៉ឺននាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ នៅតាមមូលដ្ឋានជាច្រើនក្នុងខេត្តចំនួនបួន។ លោកបានលើកឡើងពីការបន្តរក្សាវត្តមានយោធា និងសកម្មភាពមួយចំនួន ដែលបានប៉ះពាល់ដល់រចនាសម្ព័ន្ធស៊ីវិល និងរារាំងដល់ការវិលត្រឡប់របស់ប្រជាពលរដ្ឋ។

ស្តីពីបញ្ហាព្រំដែន លោក ប្រាក់ សុខុន បានបញ្ជាក់ថា ព្រំដែនរវាងកម្ពុជា និងថៃ គឺជាព្រំដែនដែលទទួលស្គាល់ជាអន្តរជាតិ កំណត់ដោយផែនទីស្របតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ លោកក៏បានលើកឡើងពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការងារវាស់វែង និងកំណត់ខណ្ឌសីមាព្រំដែនគោក ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក ជាពិសេសនៅតំបន់ចន្លោះបង្គោលព្រំដែនលេខ ៥២–៥៩ និង ៤២–៤៧។

លោកបានសង្កត់ធ្ងន់ថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានខ្ជាប់ខ្ជួន និងពេញលេញ។ អាទិភាពបន្ទាន់របស់កម្ពុជា រួមមាន ការអនុញ្ញាតឱ្យជនស៊ីវិលភៀសសឹកវិលត្រឡប់ទៅទីលំនៅវិញដោយសុវត្ថិភាព ការបន្តដំណោះស្រាយជម្លោះតាមយន្តការសន្តិវិធី ការពន្លឿនការងារកំណត់ខណ្ឌសីមាព្រំដែន កិច្ចសហប្រតិបត្តិការដោះមីនមនុស្សធម៌ និងការរក្សាច្រកទំនាក់ទំនងបើកចំហរវាងអាជ្ញាធរទាំងពីរ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារៈសំខាន់នៃតួនាទីក្រុមអ្នកសង្កេតការណ៍អាស៊ាន ក្នុងការផ្ទៀងផ្ទាត់ និងធានាការអនុវត្តពេញលេញនៃបទឈប់បាញ់ ដើម្បីកសាងតម្លាភាព ទំនុកចិត្ត និងការជឿទុកចិត្តគ្នា។
លោក ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីថា កម្ពុជា និងថៃ ជាប្រទេសជិតខាងដែលមានការទទួលខុសត្រូវរួមគ្នា ក្នុងការធានាសន្តិភាព ស្ថិរភាព និងវិបុលភាពចីរកាល សម្រាប់ប្រជាជននៃប្រទេសទាំងពីរ តំបន់ និងគ្រួសារអាស៊ានទាំងមូល។ កម្ពុជា នឹងបន្តជ្រើសរើសផ្លូវសន្តិភាព និងការទូត ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ខ្លួន។
ក្នុងឱកាសនោះ តំណាងក្រសួងការពារជាតិ និងលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏បានធ្វើបទបង្ហាញបន្ថែម អំពីបច្ចុប្បន្នភាពនៃស្ថានភាពព្រំដែនជូនអង្គទូតផងដែរ៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


