ព័ត៌មានជាតិ
ឆ្នាំ២០២៥ កម្ពុជានាំចេញផលិតផលវិស័យកាត់ដេរមានតម្លៃ១៥,៧ពាន់លានដុល្លារកើនឡើង ១៥,៨%
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ឆ្នាំ២០២៥ កម្ពុជាបាននាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរមានតម្លៃប្រមាណ ១៥,៧ពាន់លានដុល្លារអាមេរិក កើនឡើងកើនឡើង ១៥,៨%បើធៀបទៅនឹងឆ្នាំ២០២៤ ដែលមានតម្លៃប្រមាណ ១៣,៥ពាន់លានដុល្លារអាមេរិក ប៉ុណ្ណោះ។

នៅក្នុងសន្និបាតលើកទី១៧ របស់សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ លោក រដ្ឋមន្ត្រីបានបន្តថា ចំណែកចំនួនរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជីនៅក្រសួងបានកើនឡើងដល់ ៤៦ ៦៤៩សហគ្រាស និងចំនួនកម្មករនិយោជិតកើនដល់ ២ ១៤១ ២៤១នាក់ ចាប់ពីដើមអាណត្តិទី៧ រហូតមកដល់ដំណាច់ឆ្នាំ២០២៥។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងរយៈពេល ២៩ឆ្នាំមកនេះ សមាគម TAFTAC បានដើរតួនាទីជាតំណាងសំឡេងរួមតែមួយរបស់វិនិយោគិន ការពារ និងលើកកម្ពស់សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់វិនិយោគិនទាំងអស់ និងបានបង្កើតនូវវេទិកាសម្រាប់ការប្រឹក្សាយោបល់ និងកិច្ចសន្ទនាសង្គមនានាជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតនូវបរិយាកាសវិនិយោគដែលអំណោយផលដល់កំណើននៃការនាំចេញ និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោក រដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសមាគម TAFTAC ដែលបានដើរតួយ៉ាងសំខាន់ជាដៃគូដែលអាចជឿទុកចិត្តបានរបស់រាជរដ្ឋាភិបាល និយោជក និងជាដៃគូដ៏ល្អរបស់កម្មករនិយោជិត ក្នុងការចរចា និងពិភាក្សាការងារផ្សេងៗ សំដៅរក្សា និងពង្រីកវិស័យនេះ ព្រមទាំងរួមចំណែកជំរុញលើកកម្ពស់លក្ខខណ្ឌការងារ សុខុមាលភាព និងសិទ្ធិការងារនៅកម្ពុជា។

នៅក្នុងឱកាសនោះដែរ លោក ហេង សួរ បានអបអរសាទរយ៉ាងកក់ក្តៅចំពោះលោក He Enjia ដែលត្រូវបានអង្គសន្និបាតបោះឆ្នោតជ្រើសតាំងជាប្រធានសមាគម TAFTAC សម្រាប់អាណត្តិទី១៧ (២០២៦-២០២៨)។
លោករដ្ឋមន្ត្រីមានជំនឿយ៉ាងមុតមាំថា ការដឹកនាំថ្មីនេះនឹងធ្វើឱ្យសមាគមបន្តស្មារតីសាមគ្គីភាពដ៏រឹងមាំ ដើម្បីក្លាយជាកម្លាំងចលករក្នុងការទាក់ទាញវិនិយោគិនថ្មីៗ និងបង្កើនទំនុកចិត្តជូនអ្នកវិនិយោគដែលមានស្រាប់។ ភាពជោគជ័យនៃអាណត្តិថ្មីនេះ នឹងនាំមកនូវផលប្រយោជន៍ដោយផ្ទាល់ដល់និយោជក និងកម្មករនិយោជិត តាមរយៈការបង្កើតការងារ និងប្រាក់ចំណូល ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងពិពិធកម្មរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ឱ្យស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រី ណែនាំដល់សមាគម TAFTAC ឱ្យបន្តបង្កើនជំនឿទុកចិត្តរបស់សមាជិកភាព ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងវិជ្ជាជីវៈ ត្រូវគោរពលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ជាពិសេសត្រូវយកចិត្តទុកដាក់ពិគ្រោះយោបល់ជាមួយសមាជិករបស់ខ្លួននៅពេលដែលលើកនូវសំណើណាមួយ ព្រមទាំងបន្តជំរុញកិច្ចការអាទិភាពក្នុងស្មារតីបុរេសកម្មជាមួយគម្រោង ILO-BFC និងចូលរួមយុទ្ធនាការ «សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ» ដើម្បីពង្រឹងវប្បធម៌អនុលោមភាព និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


