Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ជំរុញឱ្យយុវវ័យកុំស្ទាក់ស្ទើរប្រើស្រោមអនាម័យដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលមេរោគអេដស៍នៅកម្ពុជា

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានជំរុញដល់ប្រជាពលរដ្ឋពិសេសយុវវ័យកុំមានការស្ទាក់ស្ទើរក្នុងការប្រើប្រាស់ស្រោមអនាម័យដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលមេរោគអេដស៍នៅប្រទេសកម្ពុជាឱ្យកាន់តែថយចុះបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងទិវាស្រោមអនាម័យអន្តរជាតិ ស្របជាមួយទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ «កុំស្ទាក់ស្ទើប្រើស្រោមអនាម័យ» ដែលរៀបចំឡើងដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ( AHF) កម្ពុជា កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើប ខេម៉ល ផ្លូវវេងស្រេង រាជធានីភ្នំពេញ លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិកាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានមានប្រសាសន៍ថា ការរៀបចំទិវាស្រោមអនាម័យអន្តរជាតិ ស្របជាមួយទិវានែក្តីស្រឡាញ់ របស់អង្គការ AHF កម្ពុជា ក្រោមប្រធានបទ «កុំស្ទាក់ស្ទើប្រើស្រោមអនាម័យ» នាពេលនេះគឺជាការឆ្លើយតបទៅនឹងគោលនយោបាយររបស់រាជរដ្ឋាភិបាលក្នុងការឆ្លើយតប និងទប់ស្កាត់នូវមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ខណៈមកដល់ពេលនេះប្រទេសកម្ពុជានៅតែចាត់ទុកមេរោគអេដស៍ និងជំងឺអេដស៍ នៅតែមាន ហានិភ័យ និងត្រូររួមគ្នាទប់ស្កាត់កុំឱ្យមានការរីករាលដាលបន្ថែមទៀត។

លោកបណ្ឌិត ឈឹម ឃិនដារ៉េត បានបន្តថា ថ្មីៗនេះរាជរដ្ឋាភិបាលក្រោមកិច្ចដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានដាក់ចេញផែនការដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង និងជំរុញនូវការអនុវត្តន៍ស្រោមអនាម័យឱ្យបាន ១០០% ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ឱ្យខានតែបាននូវការឆ្លងថ្មីនៃមេរោគអេដស៍ដ៏កាចសាហាវមួយនេះ និងទប់ស្កាត់ធ្វើយ៉ាងឱ្យកុំឱ្យមានការឆ្លងមេរោគនេះថ្មីបន្ថែមទៀត និងធ្វើយ៉ាងណាឱ្យការឆ្លងថ្មីនេះ មានតិចជាងម្នាក់ក្នុងមួយថ្ងៃ ឫក្នុងរង្វង់ ២០០នាក់ ក្នុងមួយឆ្នាំ ខណៈបច្ចុប្បន្នមានអ្នកឆ្លងមេរោគអេដស៍១២០០នាក់ ក្នុងមួយឆ្នាំឬស្មើនឹងប្រមាណជាង៣នាក់ក្នុង១ថ្ងៃដែលជាចំនួនមួយខ្ពស់គួរឱ្យព្រួបារម្ភផងដែរ។

លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឺងជំងឺអេដស៍សើស្បែក និងកាមរោគបានបញ្ជាក់ថាទិវាស្រោមអនាម័យអន្តរជាតិនេះធ្វើឡើងដើម្បីជាការក្រើនរម្លឹកដល់យុវជន និងប្រជាពលរដ្ឋដែលថា ជំងឺអេដស៍នៅតែមានហានិភ័យដ៏ធំមួយនៅកម្ពុជា ខណៈមកដល់សព្វថ្ងៃនេះមានមនុស្សបានឆ្លងមេរោគអេដស៍នេះកើនឡើងជាបន្តបន្ទាប់ ហើយមានតែការប្រើប្រាស់ស្រោមអនាម័យទេ ជាមធ្យោបាយដ៏ល្អបំផុត និងមានប្រសិទ្ធភាពបំផុត ក្នុងការការពារពីមេរោគអេដស៍ និងជំងឺផ្សេងៗ។

ចំណែកលោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិកាក្រសួង ក្រសួងអប់រំយុវជន និងកីឡាបានលើកឡើងថាការប្រើប្រាស់ស្រោមអនាម័យពិតជាមានសារសំខាន់ណាស់ព្រោះថាក្រៅពីទប់ស្កាត់ការឆ្លងមេរោគអេដស៍ ជំងឺកាមរោគផ្សេងៗបានប៉ុណ្ណោះទេថែមទាំងអាចការពារការមានផ្ទៃពោះដែលមិនបានគ្រោងទុកផងដែរ។

លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)បានបញ្ជាក់ថា ការរៀបចំអបអរសាទរទិវាស្រោមអនាម័យអន្តរជាតិ ជាមួយយុទ្ធនាការផ្សព្វផ្សាយកម្មវិធីយុទ្ធនាការផ្សព្វផ្សាយទិវានៃក្តីស្រឡាញ់១៤ កុម្ភៈ ឆ្នាំ២០២៦នេះ ធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីសារប្រយោជន៍នៃស្រោមអនាម័យ និងដើម្បីលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ ដែលជាវិធីសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពក្នុងការរក្សាសុខភាព និងសុវត្ថិភាព ដែលបានរៀបចំទូទាំងពិភពលោកដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេស៍ ទូទាំង ៤៧ប្រទេស។

លោកវេជ្ជបណ្ឌិត ចន ផាន់ណា បានបញ្ជាក់ទៀតថា ការកើនឡើងនៃអត្រាឆ្លងជំងឺកាមរោគនៅទូទាំងពិភពលោក ជាពិសេសជំងឺស្វាយ មិនមែនជារឿងអាថ៌កំបាំងទេ វាជាអ្វីដែលកើតឡើងនៅពេលដែលមូលនិធិសកលថយចុះ ហើយស្រោមអនាម័យមិនត្រូវបានផ្តល់អាទិភាពសម្រាប់ការបង្ការមេរោគអេដស៍។ បើគ្មានការកែតម្រូវជាបន្ទាន់ទេ ការឆ្លងមេរោគអេដស៍នឹងកើនឡើងក្នុងពេលឆាប់ៗនេះ ដូចនេះយើងទាំងអស់គ្នាត្រូវមានការប្តេជ្ញាចិត្តឡើងវិញដើម្បីធានាថា ស្រោមអនាម័យគឺឥតគិតថ្លៃ ឬមានតម្លៃសមរម្យ និងអាចរកបានយ៉ាងទូលំទូលាយសម្រាប់អ្នកដែលត្រូវការវាបំផុត។ ទិវាស្រោមអនាម័យអន្តរជាតិក៏បានរម្លឹកយើងថា ស្រោមអនាម័យមានសុវត្ថិភាពជាង ទាក់ទាញ និងការបង្កាសម្រាប់ទូទាំងពិភពលោក៖ «កុំស្ទាក់ស្ទើរប្រើស្រោមអនាម័យ»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម