Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញស្រោមសំបុត្រគួរឲ្យសង្ស័យ នៅការិយាល័យរបស់លោក Netanyahu

បានផុស

នៅ

ស្រោមសំបុត្រមួយត្រូវបានរកឃើញនៅការិយាល័យរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu ដែលបង្កឲ្យមានការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង និងឈានដល់ការបញ្ជូនក្រុមដោះគ្រាប់បែក ទៅពិនិត្យថែមទៀតផង។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu (រូប៖ Reuters)

តាមការផ្សាយរបស់សារព័ត៌មាន Hebrew នៅថ្ងៃចន្ទទី១៦ខែកុម្ភៈឆ្នាំ២០២៦ ស្រោមសំបុត្រនេះបានបង្កឲ្យមានការសង្ស័យ ប៉ុន្តែការិយាល័យរបស់លោក Netanyahu មិនបញ្ជាក់ឡើយថាតើក្នុងស្រោមសំបុត្រនោះមានអ្វី ហើយនរណាផ្ញើមកឬផ្ញើចេញពីកន្លែងណា?

ជុំវិញករណីនេះ អ៊ីស្រាអែលបានដាក់ពង្រាយកងកម្លាំង និងពង្រឹងសន្តិសុខខ្លាំងបំផុតនៅជុំវិញការិយាល័យរបស់លោក Netanyahu ហើយកំពុងបើកការស៊ើបអង្កេតជាបន្ទាន់។

នេះមិនមែនទើបលើកដំបូងឡើយដែលមានគេផ្ញើស្រោមសំបុត្រសង្ស័យទៅការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល។ កាលពីខែមេសាឆ្នាំ២០១៧ ក៏មានស្រោមសំបុត្រសង្ស័យមួយត្រូវបានរកឃើញនៅការិយាល័យលោក Netanyahu ក្នុងទីក្រុងហ្សេរុយសាឡឹមផងដែរ។ កាលនោះ បុគ្គលិក ៤ នាក់មានអាការៈមិនស្រួលខ្លួន និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យ ប៉ុន្តែលោក Netanyahu មិនស្ថិតនៅទីនោះឡើយ។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu (រូប៖ Reuters)

នៅខែកញ្ញាឆ្នាំ២០១៧ ស្រោមសំបុត្រមួយដែលមានផ្ទុក «ម្សៅពណ៌ស» និងលិខិតគំរាមលោក Netanyahu ក៏ត្រូវបានផ្ញើទៅកាន់ស្ថានកុងស៊ុលអ៊ីស្រាអែលក្នុងទីក្រុងញូវយ៉កដែរ មុនពេលលោកធ្វើដំណើរទៅដល់ទីនោះដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។

លុះមកដល់ខែមករាឆ្នាំ ២០២៣ ការិយាល័យរបស់លោកបានរាយការណ៍ពីការទទួលស្រោមសំបុត្រដែលមាន «ស្នាមប្រឡាក់ខ្លាញ់» គួរឲ្យសង្ស័យទៀត។ ក្រុមអ្នកជំនាញដោះមីនបានត្រួតពិនិត្យ និងបញ្ជាក់ថាគ្មានគ្រោះថ្នាក់អ្វីឡើយ។

ចុងក្រោយនៅខែវិច្ឆិកាឆ្នាំ២០២៥ ស្រោមសំបុត្រសង្ស័យមួយទៀតត្រូវបានរកឃើញនៅក្នុងការិយាល័យរបស់លោក ដែលធ្វើឲ្យផ្អើលដល់ក្រុមប្រតិកម្មរហ័សនិងសមត្ថកិច្ច ប៉ុន្តែក្រោយមកត្រូវបានបញ្ជាក់ថាគ្មានសារធាតុគ្រោះថ្នាក់ទេ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម