Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ ពង្រឹងសមត្ថភាព សិទ្ធិអំណាច ពិសេសការបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំ គឺបានសម្រេចចិត្តជារួមដល់សមភាពយេនឌ័រ​

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​ជា​ប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ បាន​ថ្លែងថា ការពង្រឹង​សមត្ថភាព សិទ្ធិអំណាច និង​ការបង្កើន​ចំនួន​ស្ត្រី​ក្នុងតួនាទី​ដឹកនាំ គឺ​បាន​សម្រេចចិត្តជារួម​ដល់​សមភាព​យេនឌ័រ ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន ដើម្បី​ការកាត់បន្ថយ​បញ្ហា​អវិជ្ជមាន​ក្នុងសង្គម​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ក្នុងពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ទទួល​ស្គាល់​សមាសភាព​គណៈកម្មការ​សាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព​ និង​អភិវឌ្ឍន៍​ខេត្ត​តាកែវ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ១៣​រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៦​។

លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​លើកឡើងថា ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជា​នារីរតនៈ គឺ​សសរស្តម្ភ​ដ៏​សំខាន់​ក្នុង​ការគាំទ្រ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ដោយបាន​ចាត់ទុក​ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ដែល​ផ្តោត​លើ​ការលើកកម្ពស់​សមភាព​យេនឌ័រ ការបង្កើន​ភាព​អង់អាច​ដល់​ស្ត្រី និង​ការបញ្ជ្រាប​យេនឌ័រ​គ្រប់​វិស័យ ដើម្បី​ធានាបាន​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។ លោក​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ក្នុងការ​លើកកម្ពស់​តួនាទី​របស់​ស្ត្រី និង​ក្មេងស្រី​នៅក្នុង​បរិ​ប​ត្ត​កម្ម​ឌីជីថល​។

មានប្រសាសន៍​ក្នុង​ពិធី​សំណេះសំណាល​នោះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំយក​ការ​ផ្តាំផ្ញើ​សាកសួរសុខទុក្ខ និង​ការ​នឹករលឹក​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ជូន​ដល់​សមាជិក​សមាជិកា​ទាំងអស់ ដែល​បាន​ចូលរួម​នា​ថ្ងៃនេះ​។ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ថ្លែង​កោតសរសើរ​ចំពោះ​ការដឹកនាំ និង​សមាជិកា​របស់​សាខា​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្តតាកែវ បាន​បំពេញ​ការងារ​របស់ខ្លួន​តាម​តួនាទី និង​ភារកិច្ច​យ៉ាងសកម្ម​រហូត​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ។

‎សម្តេច​កិត្តិ​សង្គហ​បណ្ឌិត​ បាន​បន្តទៀត​ថា រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​អាណត្តិ​ទី​៧ បានដាក់​ចេញ​ក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដើម្បី​កំណើន​ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព ក្នុង​ការកសាង​មូលដ្ឋានគ្រឹះ​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​។ ទន្ទឹមនឹងនោះ​ផងដែរ នារី​នៅ​ទូទាំង​ខេត្ត​តាកែវ ក៏បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការជំរុញ​ការអភិវឌ្ឍ ដោយបាន​បង្កើន​ចំនួន​ស្ត្រី​ក្នុងតួនាទី​ធ្វើ​សេចក្តីសម្រេច​នៅ​គ្រប់​រចនាសម្ព័ន្ធ​របស់​ខេត្ត​។ សម្តេច​ក៏បាន​បន្តទៀត​ថា ​ការលើកកម្ពស់​នារី​នៅក្នុង​រចនាសម្ព័ន្ធ​រដ្ឋ​បាល​ខេត្ត គឺ​បាន​ផ្តោត​សំខាន់​លើ​ការពង្រឹង​សមត្ថភាព សិទ្ធិ​អំណាច និង​ការបង្កើន​ចំនួន​ស្ត្រី​ក្នុងតួនាទី​ដឹកនាំ និង​សម្រេចចិត្ត តាមរយៈ​ការអនុវត្ត​យុទ្ធសាស្ត្រ​បញ្ជ្រាប​យេនឌ័រ​។ សកម្មភាព​នេះ​រួមចំណែក​ដល់​សមភាព​យេនឌ័រ ការអភិវឌ្ឍ​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ការកាត់បន្ថយ​បញ្ហា​អវិជ្ជមាន​ក្នុងសង្គម។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត បាន​ចូលរួម​អបអរសាទរ​ចំពោះ លោកស្រី ឈុន ស៊ីន ប្រធានកិត្តិយស និង​លោកស្រី ឡុង បូ​ណា​រ៉េត ប្រធាន​ប្រតិបត្តិ​សាខាសមាគម​នារី​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​តាកែវ ដែល​បានទទួល​បានការ​តែងតាំង​ថ្មី និង​បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ សមាសភាព​ដែល​បាន​ប្រកាស​កែសម្រួល​បំពេញបន្ថែម​ថ្ងៃនេះ សូម​បន្ត​ការខិតខំ​ប្រឹងប្រែង​គ្រប់​សកម្មភាព ដែលជា​សេនាធិការ​ឱ្យ​ខេត្តតាកែវ​សម្រេចបាន​តាម​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​ពង្រឹង​ស្ថាប័ន និង​បាន​ចូលរួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម