Connect with us

ព័ត៌មានអន្ដរជាតិ

ការនាំចេញអង្ករថៃធ្លាក់ចុះ​ជាគំហុកខែមុន បង្កក្ដីបារម្ភក្នុងវិស័យ

បានផុស

នៅ

ការនាំចេញអង្ករថៃបានធ្លាក់ចុះយ៉ាង​គំហុកទាំងតម្លៃ និងបរិមាណ ​នៅខែមករា ដោយបង្កើនក្ដីបារម្ភថា ការនាំចេញសរុបរបស់ប្រទេសពេញមួយឆ្នាំ ២០២៦ អាចធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ ដោយសារតែកំណើនតម្លៃប្រាក់បាត និងការប្រកួតប្រជែងសកល ចំពេលតម្រូវការចុះខ្សោយ។ នេះបើតាម​ការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃព្រហស្បតិ៍ (២៦ កុម្ភៈ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​សមាគមអ្នកនាំចេញអង្ករថៃ លោក Charoen Laothamatas បាននិយាយថា ការនាំចេញអង្ករ​នៅខែមករាបាន​ធ្លាក់ចុះប្រមាណ ១៧,៥% ធៀបនឹង​រយៈពេលដូចគ្នាឆ្នាំមុន មកត្រឹម ៥៣០ ០០០ តោន ខណៈតម្លៃនាំចេញ បាន​ធ្លាក់ចុះខ្លាំងរហូតដល់ ៣០,៧% មកត្រឹម ៩,៧ ប៊ីលា​នបាត (ប្រហែល ៣១២ លាន​ដុល្លារ)។ ​

សមាគមបាន​ព្យាករ​ថា ​ការនាំចេញ​អង្ករ​​នៅឆ្នាំ ២០២៦ នេះ នឹងធ្លាក់ចុះ ១១% គិតជាបរិមាណ មកត្រឹម ៧,០៣ លាន​តោន ​និងធ្លាក់ចុះ ១២,៣% គិតជាតម្លៃមកត្រឹម ១៣០ ប៊ីលានបាត។ ​

សមាគមបាន​គូសបញ្ជាក់ថា កត្តាហានិភ័យចម្បង​ដ៏ធំមួយ​នោះគឺការឡើងថ្លៃនៃប្រាក់បាត ​ដែល​ធ្វើឱ្យអង្ករថៃ​ឡើងថ្លៃ ពិបាក​ប្រកួតប្រជែងនឹង​ប្រទេសផ្សេងៗ រួមទាំងវៀតណាម​ ឥណ្ឌា ប៉ាគីស្ថាន និងកម្ពុជា។ ​

លើសពីនេះ ពន្ធបណ្ដោះអាសន្ន ១៥% របស់សហរដ្ឋអាមេរិករយៈពេល ១៥០ ថ្ងៃ អាចកាត់បន្ថយការនាំចេញអង្ករក្រអូបរបស់ថៃទៅកាន់​អាមេរិកចន្លោះពី ១៥-២០%។ បច្ចុប្បន្ន​អាមេរិក គឺជាទីផ្សារអង្ករក្រអូបធំបំផុតរបស់​ថៃ ដែល​ស្រូបយកប្រហែល​ពាក់កណ្ដាលនៃការនាំចេញរបស់ថៃ។

សមាគមអ្នកនាំចេញអង្ករថៃបាន​បន្ថែមថា កង្វល់ដ៏ធំបំផុតមួយទៀតគឺពាក់ព័ន្ធនឹង​កម្សោយតម្រូវការពីប្រទេសនាំចូលដូចជាឥណ្ឌូណេស៊ី និងហ្វីលីពីន ដោយសារតែកំណើនផលិតកម្មនៅក្នុងប្រទេសរបស់ពួកគេ និងកំណើននៃការផ្គត់ផ្គង់ពីប្រទេសផលិតអង្ករសំខាន់ៗ ដូចជាឥណ្ឌាជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម