Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ប្រកាសអាសន្ន៖ នឹងប្រែក្លាយច្រកសមុទ្រ Hormuz ទៅជាសមុទ្រភ្លើង បើនាវាហ៊ានឆ្លងកាត់

បានផុស

នៅ

ច្រក​សមុទ្រ Hormuz នឹង​ត្រូវ​ក្លាយ​ជា​សមុទ្រ​ភ្លើង។ នេះ​ជា​សារ​ព្រមាន​ខ្លាំងៗ​របស់​កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ (IRGC) ដែល​បាន​សម្រេច​​បិទខ្ទប់​ផ្លូវទឹកដ៏សំខាន់​មួយ​នេះ ដោយ​ហាមឃាត់​រាល់​ការ​ធ្វើ​នាវា​ចរណ៍​​គ្រប់​ប្រភេទ​ទាំង​អស់ ហើយ​បើ​នៅ​តែ​រឹងរូសព្យាយាម​ចូល​បំពាន​​ផ្គើន​នឹង​សេចក្ដីការណ៍​​របស់​ក្រុង​តេហេរ៉ង់ នោះ​នឹង​​ត្រូវប្រឈមមុខនឹងការវាយប្រហារ «ដុតកម្ទេច​ឲ្យ​ក្លាយជាផេះ» ភ្លាមៗដោយគ្មានការលើកលែងឡើយ។

លោក Ebrahim Jabari
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចេញ​ផ្សាយ​ថ្ងៃទី​៣​ខែ​មីនា​ឆ្នាំ​២០២៦ សារព័ត៌មាន TRT World បាន​ឲ្យ​ដឹង​ថា លោក Ebrahim Jabari ទីប្រឹក្សាជាន់ខ្ពស់របស់មេបញ្ជាការកងឆ្មាំបដិវត្តន៍ បានបញ្ជាក់ថា ទាំងកងឆ្មាំបដិវត្តន៍ និងកងទ័ពជើងទឹក បានត្រៀមខ្លួនជាស្រេចដើម្បីដុតបំផ្លាញ​នាវាទាំងឡាយណាដែលហ៊ានឆ្លងកាត់។ ចំណាត់ការនេះអាចនឹងបញ្ឈប់ការដឹកជញ្ជូនពាណិជ្ជកម្មតាមច្រកសមុទ្រ ដែលជាកន្លែងឆ្លងកាត់នៃការនាំចេញប្រេងប្រហែលមួយភាគប្រាំនៃពិភពលោក ដែលភាគច្រើនផ្គត់ផ្គង់ទៅកាន់ទីផ្សារអាស៊ី។

ច្រកសមុទ្រនេះមានទទឹងត្រឹមតែ​៣៣គីឡូម៉ែត្រប៉ុណ្ណោះ ដោយវាជាផ្លូវតភ្ជាប់ឈូងសមុទ្រពែរ្សទៅកាន់ឈូងសមុទ្រអូម៉ង់។ មុន​ការ​ប្រកាស​បិទ​ខ្ទប់​នេះ ចរាចរណ៍នាវាដឹកប្រេងបានធ្លាក់ចុះយ៉ាងខ្លាំងរួច​ទៅ​ហើយ ដោយសារតែការរំខានដល់ប្រព័ន្ធរុករកតាមផ្កាយរណប និងការជ្រៀតជ្រែកតាមប្រព័ន្ធអេឡិចត្រូនិក។ ក្រុមអ្នកជំនាញបានព្រមានថា ប្រសិនបើការបិទនេះអូសបន្លាយដល់មួយខែ តម្លៃប្រេងឆៅអាចនឹងហក់ឡើង​ពី​ខ្ទង់៧០​ដុល្លារ​ដល់ «លេខបីខ្ទង់» ហើយតម្លៃហ្គាសនៅអឺរ៉ុបនឹងត្រឡប់ទៅរកកម្រិតវិបត្តិដូចកាលពីឆ្នាំ២០២២វិញ។

ថ្មីៗនេះ ស្ថានការណ៍បានឈានដល់ការបង្ហូរឈាម ដោយប្រទេសអូម៉ង់បានរាយការណ៍ថា ទូកដ្រូនផ្ទុកគ្រាប់បែកមួយបានបុកនាវាដឹកប្រេងដោតទង់ជាតិកោះ Marshall នៅក្នុងឈូងសមុទ្រអូម៉ង់ ដែលបណ្តាល​​ឲ្យ​នាវិកម្នាក់ស្លាប់។ ទោះបីជាមានបំពង់បង្ហូរប្រេងមួយចំនួននៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមដែលអាចជៀសវាងផ្លូវនេះបានក៏ដោយ ក៏រដ្ឋបាលព័ត៌មានថាមពលអាមេរិកបានបញ្ជាក់ថា បរិមាណប្រេងភាគច្រើនដែលឆ្លងកាត់ច្រកសមុទ្រនេះ គឺគ្មានផ្លូវផ្សេងសម្រាប់ចាកចេញពីតំបន់នោះទេ ដែលធ្វើ​ឲ្យ​​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពាណិជ្ជកម្មថាមពលពិភពលោក៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម