Connect with us

សេដ្ឋកិច្ច

​អ្នក​ឧកញ៉ា គិត ម៉េង៖ កំណើន​សេដ្ឋកិច្ចអាស៊ាន​ នឹង​ប្រឈម​ដោយសារ​ជម្លោះ​នៅ​តំបន់មជ្ឈិមបូព៌ា​

បានផុស

នៅ

អ្នក​ឧកញ៉ា គិត ម៉េង​ ​ប្រធាន​សភា​ពាណិជ្ជកម្មកម្ពុជា ​និង​ជាប្រធាន​ក្រុម​ប្រឹក្សា​ពិគ្រោះយោបល់​ធុរកិច្ច​អាស៊ាន-កម្ពុជា មានប្រសាសន៍ថា ​ជម្លោះ​រវាង​សហរដ្ឋអាមេរិក ​អ៊ីស្រាអែល​ និង​អ៊ីរ៉ង់ នឹង​បង្កឱ្យមានការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក ​ហើយ​កំណើន​សេដ្ឋកិច្ច​របស់​អាស៊ាន​នឹង​ត្រូវ​ប្រឈម​ដោយផ្ទាល់នៅឆ្នាំ ២០២៦។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នក​ឧកញ៉ា គិត ម៉េង ​បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៦ ​នៅ​ព្រឹក​ថ្ងៃទី ​០៤ ​ខែមីនា ​ឆ្នាំ ២០២៦។​

​ប្រធាន​សភា​ពាណិជ្ជកម្មកម្ពុជា ​បានលើកឡើងថា ​កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា​រៀបចំឡើង​នៅដំណាក់កាលដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចពិភពលោក ​ខណៈការប្រកួតប្រជែង​ជាយុទ្ធសាស្ត្រ​កាន់តែខ្លាំង ​រវាងមហាអំណាចធំៗ ​ដែលអាស៊ានកំពុងតែធ្វើដំណើរឆ្លងកាត់រលកសម្ពាធ។​

​រលកថ្មីៗ​នៃវិធានការពន្ធឯកតោភាគី ​និងការឆ្លើយតបជាប​ន្តបន្ទាប់​ បានធ្វើឱ្យសេដ្ឋកិច្ចកាន់​តែការ​បែក​បាក់ខ្លាំងឡើង ដោយ​បានបង្កើនល្បឿននៃគម្លៀត និងបង្ហាញពីការផ្លាស់ប្តូរបន្តិចម្តងៗ​ងាក​ចេញ​ពីប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលអាចព្យាករបាន ​និង​ផ្អែកលើបទបញ្ញត្តិច្បាប់​ ឆ្ពោះទៅ​រក​សណ្តាប់​ធ្នាប់​សកល​មួយ​ដែល​ត្រូវ​បាន​ជំរុញ​ដោយប្រតិបត្តិការ និង​ផលប្រយោជន៍។​

​អ្នក​ឧកញ៉ា គិត ម៉េង បញ្ជាក់ថា៖ ​«ជាមួយ​តម្លៃ​ប្រេងឆៅប្រភេទ Brent កើនឡើងខ្ពស់ ​និងការរំខាន​នៅក្នុងច្រកសមុទ្រ Hormuz ដែលជាចំណុចឆ្លងកាត់សម្រាប់ការដឹកជញ្ជូនប្រេង ២០% របស់ពិភព​លោក អាជីវកម្មក្នុងតំបន់របស់យើងត្រូវប្រឈមនឹងសម្ពាធអតិផរណាភ្លាមៗ»។​

បើតាមប្រធានសភាពាណិជ្ជកម្ម​ នៅក្នុងបរិយាកាសនេះ ចំណុចខ្លាំងរបស់​អាស៊ានមិន​មែន​ស្ថិតនៅលើការជ្រើសរើសភាគីនោះទេ ប៉ុន្តែស្ថិតនៅលើការរក្សាភាពបើកចំហ អព្យាក្រឹតភាព និងជាមជ្ឈភាព។

​អ្នកឧកញ៉ា ​គិត ម៉េង ​បញ្ជាក់ថា ​ភារកិច្ចរួមរបស់យើងគឺរក្សាអាស៊ានជាកម្លាំងដែលមានស្ថិរភាព ដែលជាកម្លាំងជំរុញការសន្ទនា រក្សាទំនាក់ទំនងទីផ្សារ​ និងធានាថា កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​នៅ​តែត្រូវបានគ្រប់គ្រងដោយ​ភាពត្រឹមត្រូវ​យុត្តិធម៌ តម្លាភាព និងការគោរពគ្នាទៅវិញទៅមក៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម