Connect with us

សេដ្ឋកិច្ច

ប្រតិភូធុរកិច្ចអ៊ឺរ៉ុប-អាស៊ាន ចាប់អារម្មណ៍ស្វែងយល់ និងទាញយកប្រយោជន៍ពីសក្តានុពល​វិនិយោគនៅកម្ពុជា

បានផុស

នៅ

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅ​ថ្ងៃ​ទី​០៥ ខែ​មិនា ឆ្នាំ​២០២៦ នេះ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអ៊ឺរ៉ុប-អាស៊ាន (EU-ABC) បានបង្ហាញការចាប់អារម្មណ៍ក្នុងការស្វែងយល់ និងទាញយក​ប្រយោជន៍ពី​សក្តានុពល​វិនិយោគ​នៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នា​ឱកាស​នោះ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអ៊ឺរ៉ុប-អាស៊ាន (EU-ABC)ដែលមាន​តំណាងក្រុមហ៊ុន​អ៊ឺរ៉ុបធំៗជាច្រើន បានបង្ហាញការចាប់អារម្មណ៍ក្នុងការស្វែងយល់ និងទាញយក​ប្រយោជន៍ពី​សក្តានុពល​វិនិយោគ​នៅកម្ពុជា ដែលជាសមាជិកដ៏សំខាន់មួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។

ជា​ការ​ឆ្លើយ​តប លោក​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុល បានលើកឡើងពីឧត្តមភាពនៃ​សក្តានុពល​វិនិយោគ​កម្ពុជា ដោយបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកែទម្រង់ និងបង្កើតបរិយាកាស​អំណោយផល​សម្រាប់​ការ​វិនិយោគបរទេស តាមរយៈការអនុវត្ត ច្បាប់ស្តីពីការវិនិយោគ ដែលមានការលើកទឹកចិត្តជាច្រើន, រាជរដ្ឋាភិបាលដែលផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់វិស័យឯកជន, កម្លាំងពលកម្មវ័យក្មេងនិងស្វាហាប់ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច  និងទីតាំង​ភូមិសាស្ត្រដ៏មាន​សក្តានុពល​របស់​កម្ពុជា​ដែលស្ថិត​នៅចំ​កណ្តាល​មហាអនុតំបន់ទន្លេមេគង្គ។

កត្តាទាំងនេះ រួមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាមាន វិនិយោគិននឹងអាច​ឈានជើងចូល​ក្នុង​ទីផ្សារដែលមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់ នៅពេលបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។

បន្ថែមពីនេះ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ជាពិសេសការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្ដល់សេវាសាធារណៈ តួយ៉ាងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធ cdcIPM។

ជា​មួយ​គ្នា​នេះ កម្ពុជា និង​អ៊ឺរ៉ុប ក៏​បាន​គូស​បញ្ជាក់​ពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា និងសហភាពអ៊ឺរ៉ុប ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ ភាគីទាំងពីរ ក៏​បាន​​ពិភាក្សា​ពី​យន្តការ និងកាលានុវត្តភាពថ្មីៗ ក្នុងការជំរុញលំហូរទុន​វិនិយោគ​ដោយផ្ទាល់ (FDI) ពីអ៊ឺរ៉ុប មក​កាន់​កម្ពុជាឱ្យកាន់តែច្រើន និងការស្វែងរក​មធ្យោបាយ​ដើម្បីពង្រឹង​ទំនាក់ទំនង​រវាង​រាជរដ្ឋាភិបាលកម្ពុជា និង​វិស័យ​ឯកជន​អ៊ឺរ៉ុប ក្នុងគោលបំណងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព និង​បានផ្លាស់ប្តូរទស្សនៈ​លើ​កំណែ​ទម្រង់គោលនយោបាយ និងបរិយាកាសវិនិយោគរបស់កម្ពុជា ជាពិសេសច្បាប់ស្តីពីការវិនិយោគថ្មី និងការសម្របសម្រួលពាណិជ្ជកម្មផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម