Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ៖ អាមេរិក​គ្រោងលើកលែងទណ្ឌកម្ម​ទាក់ទង​ប្រេងមួយចំនួន ដើម្បីធានាការផ្គត់ផ្គង់​

បានផុស

នៅ

​ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែងកាលពីថ្ងៃចន្ទ (៩ មីនា) ថា ​អាមេរិក​នឹង​​លើកលែងទណ្ឌកម្ម​ទាក់ទងនឹងប្រេងមួយចំនួន​ ដើម្បីធានាបាននូវការផ្គត់ផ្គង់ប្រេងគ្រប់គ្រាន់ និងតម្លៃទាប។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងយ៉ាងដូច្នេះរបស់លោក ធ្វើឡើងក្រោយពេលដែលទីផ្សារប្រេងសកល បាន​ធ្លាក់ចូលទៅក្នុងភាពមិនប្រាកដប្រជានៃការផ្គត់ផ្គង់ ដោយធ្វើឱ្យតម្លៃ​ហក់ឡើងខ្ពស់ ដោយសារតែសង្រ្គាមមជ្ឈិមបូព៌ា ដែលបំផ្ទុះឡើងដោយការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិក លើអ៊ីរ៉ង់។ ជម្លោះបាន​ធ្វើឱ្យ​ការដឹក​ជញ្ជូនតាមច្រកហ័រមូហ្ស ដែលជា​ផ្លូវសម្រាប់លំហូរប្រេង ២០% ​នៃ​តម្រូវការប្រចាំថ្ងៃរបស់សកល ត្រូវជាប់គាំង។

យ៉ាងណាមិញ​ ថ្លែងក្នុងសន្និសីទព័ត៌មាន​ចេញពី​ក្លឹបវាយកូនហ្គោល Doral ​ នៅថ្ងៃចន្ទ លោក ត្រាំ បាននិយាយថា តម្លៃប្រេងមិន​ហក់ឡើងខ្លាំង ដូចដែលលោកបាន​ខ្លាចនោះទេ។

លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក​នឹង​លើកលែងទណ្ឌកម្មទាក់ទងនឹងប្រេងមួយចំនួន ដើម្បីកាត់បន្ថយតម្លៃ។ លោកបន្តយ៉ាងដូច្នេះថា៖ ​«យើងមានទណ្ឌកម្មលើប្រទេសមួយចំនួន។ យើងនឹងដកទណ្ឌកម្មទាំងនោះចេញ រហូតដល់ច្រកសមុទ្រ (ហ័រមូហ្ស) ​បើកដំណើរការឡើងវិញ»។

លោកមិនបានបញ្ជាក់ឱ្យច្បាស់ថាជាទណ្ឌកម្មលើប្រទេសណានោះទេ ប៉ុន្តែសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានចេញការលើកលែងបណ្តោះអាសន្នរយៈពេល ៣០ ថ្ងៃ ឱ្យឥណ្ឌាអាចនាំចូលប្រេងរុស្ស៊ី ដែលនៅជាប់គាំងលើសមុទ្រដោយសារតែទណ្ឌកម្ម ដើម្បី​កាត់បន្ថយសម្ពាធលើទីផ្សារប្រេងពិភពលោក។

តម្លៃប្រេងអន្តរជាតិ​បាន​ធ្លាក់ចុះជាគំហុក​សម្រាប់ការជួញដូរនៅថ្ងៃអង្គារ (១០ មីនា) នេះ មកត្រឹមជាង ៨០ ដុល្លារ/បារ៉ែល ដោយមាន​សញ្ញាបង្ហាញពីភាពស្រាកស្រាន្តនៃភាពតានតឹងជម្លោះរវាងអ៊ីស្រាអែល-សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលជួយ​បន្ធូរបន្ថយកង្វល់ពាក់ព័ន្ធនឹង​ការរំខានផ្នែកផ្គត់ផ្គង់។ យ៉ាងណាមិញ តម្លៃនេះនៅតែខ្ពស់ បើធៀបនឹង​តម្លៃជួញដូរជាង ៦០ ដុល្លារ/បារ៉ែល មុនពេលសង្រ្គាមផ្ទុះឡើងនាថ្ងៃទី ២៨ កុម្ភៈ ខណៈវា​បានហក់ឡើងដល់ជិត ១២០ ដុល្លារ នៅព្រឹកថ្ងៃចន្ទ មុនធ្លាក់ចុះមកវិញជាបន្តបន្ទាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម