Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិហក់ឡើងជាថ្មី ដល់ ១០០ ដុល្លារ/បារ៉ែល

បានផុស

នៅ

តម្លៃប្រេងឆៅអន្តរជាតិ​បានហក់ឡើងជាថ្មី សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃព្រហស្បតិ៍ (១២ មីនា) នេះ ដល់ ១០០ ដុល្លារ/បារ៉ែល ចំពេលដែលជម្លោះនៅមជ្ឈិមបូព៌ានៅបន្តតានតឹង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងអន្តរជាតិ​នាពេលអនាគត ម៉ាក Brent បាន​កើនឡើង ៨,១១ ដុល្លារ ឬ ៨,៨២% ដល់ ១០០ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងអាមេរិក បាន​កើនឡើង ៧,៧២ ដុល្លារ ឬ ៨,៨៥% ដល់ ៩៤,៩៧ ដុល្លារ/បារ៉ែល។

តម្លៃប្រេងទាំង២ បាន​កើនឡើងជិត ​១២០ ដុល្លារ/បារ៉ែល កាលពីថ្ងៃចន្ទ មុនធ្លាក់ចុះមកវិញជាបន្តបន្ទាប់មកជាង ៨០ ដុល្លារ/បារ៉ែល ដោយសារតែភាពស្រាកស្រាន្តនៃជម្លោះ។ យ៉ាងណាមិញ ស្ថានភាពនៃជម្លោះមានការប្រែប្រួលជាប្រចាំ ដែលធ្វើឱ្យតម្លៃប្រេងឡើងចុះទៅតាមនោះដែរ។

ការហក់ឡើងជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះ កើតឡើងក្រោយមាន​សេចក្ដីរាយការណ៍ថា អ៊ីរ៉ង់បាន​វាយប្រហារលើនាវាដឹកប្រេងចំនួន ២ គ្រឿងរបស់អ៊ីរ៉ាក់លើដែនទឹកប្រទេសនេះ ដោយបង្កើនក្ដីបារម្ភបន្ថែមទៀតសម្រាប់ការផ្គត់ផ្គង់ប្រេងពីតំបន់ឈូងសមុទ្រពែរ្ស ដែលរាំងស្ទះរួចស្រាប់ទៅហើយ ដោយសារតែអសុវត្ថិភាព​នៅ​ច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវដឹកជញ្ជូន ២០% នៃតម្រូវការប្រេងប្រចាំថ្ងៃរបស់សកល។ ​

អ្នកវិភាគទីផ្សារប្រេងបាន​ប្រាប់រ៉យទ័រថា ការវាយប្រហាររបស់អ៊ីរ៉ង់ ហាក់ដូចជាការឆ្លើយតបខ្លាំងៗរបស់ប្រទេសនេះ ទៅកាន់ចំណាត់ការរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ដែលប្រកាសភ្លាមៗអំពីការបញ្ចេញស្តុកប្រេងបម្រុង​ដ៏ធំ ដើម្បី​កាត់បន្ថយតម្លៃប្រេងសកលដែលកំពុងហក់ឡើង។ ​

IEA គ្រោងបញ្ចេញប្រេង ៤០០ លាន​បារ៉ែល ពីស្ដុកបម្រុងសកល ដោយ​សហរដ្ឋអាមេរិកនឹង​រួមចំណែកច្រើនជាងគេដល់ប្រមាណ ១៧២ លាន​បារ៉ែល ពីស្ដុកបម្រុងប្រេងឥន្ធនៈយុទ្ធសាស្ត្ររបស់ខ្លួន។ ​

យ៉ាងណាមិញ អ្នកវិភាគយល់ឃើញថា ការបញ្ចេញប្រេងក្នុងស្តុកនេះ គ្រាន់តែជាវិធានការបណ្ដោះអាសន្នប៉ុណ្ណោះ ដោយមិនអាចបំពេញតម្រូវការក្នុងបរិបទដែលការរាំងស្ទះនៅច្រកសមុទ្រហ័រមូហ្សជាប់គាំងរយៈពេលយូរបានទេ។ ពួកគេបន្តថា ទីផ្សារតម្លៃប្រេងបច្ចុប្បន្ន កំពុងប្រឈមមុខនឹង​ការប្រែប្រួលខ្លាំង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម