Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន BYD ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ អភិវឌ្ឍកម្លាំងពលកម្មលើជំនាញយានយន្តអគ្គិសនី

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី ០១ ខែមេសា ២០២៦ បានជួបពិភាក្សាការងារជាមួយលោក យៀក ឆឹងហ៊ុយ (Ye Chenghui) ប្រធានផ្នែកលក់នៃក្រុមហ៊ុន BYD (Cambodia) Co., Ltd. និងជានាយកផ្នែកលក់រថយន្តប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន BYD ដើម្បីផ្លាស់ប្តូរយោបល់លើការបង្កើតឱកាសពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញយានយន្តអគ្គិសនី (EV) ក្នុងទិសដៅបំពេញតម្រូវ​ការទីផ្សារ និងចូលរួមថែរក្សាបរិស្ថាននៅកម្ពុជា ជាពិសេសក្នុងពេលមានវិបត្តិប្រេងឥន្ធនៈ​សកល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង សួរ បានថ្លែងអរគុណចំពោះក្រុមហ៊ុន BYD ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង អភិវឌ្ឍធនធានមនុស្ស និងផ្តល់ឱកាសការងារនៅកម្ពុជា តាមរយៈការនាំមកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់វិស័យ EV ដោយបញ្ជាក់ថា វត្តមានក្រុមហ៊ុន BYD គឺជាការផ្តល់ទំនុកចិត្តខ្ពស់ដល់កម្ពុជា និងផ្តល់ជម្រើសថ្មីនៃការប្រើប្រាស់ EV ដែលមានតម្លៃសមរម្យ និងបច្ចេកវិទ្យាខ្ពស់ សម្រាប់ប្រជាពលរដ្ឋ។

លោក ហេង សួរ បានបញ្ជាក់ថា រាជរដ្ឋាភិបាលគាំទ្រយ៉ាងពេញទំហឹងចំពោះប្រតិបត្តិការក្រុមហ៊ុន BYD និងបានជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធជួយសម្របសម្រួល ដើម្បីឱ្យក្រុមហ៊ុនទទួលបានជោគជ័យ សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋផង និងចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផងតាមរយៈការប្រើប្រាស់ EV។ ជាក់ស្តែង នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធទាំងស្រុងលើការនាំចូល EV ជាលក្ខណៈគ្រួសារ ដែលនេះជាការលើកទឹកចិត្តឱ្យមានការវិនិយោគ និងការប្រើប្រាស់ EV កាន់តែច្រើននៅកម្ពុជា។

លោករដ្ឋមន្រ្តីបានកត់សម្គាល់ពីភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន BYD តាមរយៈការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា។ កំណើននៃការប្រើប្រាស់រថយន្តរបស់ក្រុមហ៊ុន BYD នេះបង្ហាញពីតម្រូវការនៃការបង្គុំរថយន្ត ការនាំចូល និងបន្ដកើនឡើង។ ដូចនេះ វាជាគឺជាឱកាសដ៏ល្អបំផុត ដែលក្រុមហ៊ុន និងក្រសួងត្រូវសហការគ្នាក្នុងការបណ្តុះបណ្តាល​​យុវជនឱ្យទទួលបានជំនាញកាន់តែខ្ពស់។

លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពជាដៃគូ ដើម្បីការកសាងកម្លាំងពលកម្មជំនាញ ត្រៀមខ្លួនសម្រាប់អនាគត និងមានភាព​ធន់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍជាតិ និងភាពប្រកួតប្រជែងក្នុងតំបន់ផងដែរ។

លោក យៀក ឆឹងហ៊ុយ បញ្ជាក់ថា ប្រតិបត្តិការរបស់ក្រុមហ៊ុន BYD ផ្តោតសំខាន់លើគាំពារបរិស្ថានឱ្យកាន់តែប្រសើរ និងផ្តល់ជម្រើសថ្មីនៃការប្រើប្រាស់ EV ទំនើបក្នុងតម្លៃសមរម្យ។

ភាគីទាំងពីរបានប្តេជ្ញារួមគ្នាយ៉ាងមុតមាំក្នុងការពិនិត្យលទ្ធភាពលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសម្រាប់ជាឧត្តមប្រយោជន៍ដ៏យូរអង្វែងសម្រាប់ប្រជាជាតិទាំងពីរ ជាពិសេស តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូបង្គោល និងសិស្ស, ការចុះកម្មសិក្សា និងការធ្វើទស្សនកិច្ចសិក្សាខ្សែច្រវាក់ផលិតកម្មផ្ទាល់ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម