ព័ត៌មានជាតិ
កម្ពុជាគ្រោងបង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្មនៅកាណាដា ដើម្បីជំរុញទំហំពាណិជ្ជកម្ម ការវិនិយោគទ្វេភាគីឱ្យកាន់តែខ្លាំងក្លា
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានណែនាំឱ្យក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មកម្ពុជា បង្កើតការិយាល័យតំណាងសភាពាណិជ្ជកម្ម នៅប្រទេសកាណាដា ដើម្បីជាស្ពានតភ្ជាប់ និងជួយពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងស្វែងរកកាលានុវត្តភាពថ្មីៗ ក្នុងការជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី២០ ខែមេសា ក្នុងជំនួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា លោក Christian DesRoches នៅវិមានសន្តិភាព។

នាយករដ្ឋមន្ត្រីកម្ពុជាបានវាយតម្លៃខ្ពស់អំពីការរីកចម្រើននៃទំនាក់ទំនងរវាងកម្ពុជា និងកាណាដា និងសក្កានុពលក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងបានរំលេចអំពីតួនាទី និងបំណងរបស់សហគមន៍ខ្មែរនៅប្រទេសកាណាដា ក្នុងការជួយជំរុញ និងតភ្ជាប់ទំនាក់ទំនងកម្ពុជា-កាណាដា ជាពិសេសវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ សម្ដេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា អំពីការត្រៀមខ្លួនជាស្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកាណាដា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។

ក្នុងឱកាសនៃជំនួប, ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះចំណងការទូតដ៏យូរអង្វែងរវាងកម្ពុជា និងកាណាដា និងបានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេស ពាណិជ្ជកម្ម និងការវិនិយោគរបស់កាណាដា នៅកម្ពុជា។ ឯកអគ្គរដ្ឋទូត Christian DesRoches បានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។

ចំពោះកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌតំបន់, លោក Christian DesRoches បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានផ្ដល់ការគាំទ្រ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កាណាដា-អាស៊ាន លើវិស័យសេដ្ឋកិច្ច និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACFTA) ដែលគ្រោងនឹងបញ្ចប់ និងចុះហត្ថលេខា នាពេលខាងមុខឆាប់ៗនេះ។
ក្នុងជំនួបនេះ សម្ដេច ហ៊ុន ម៉ាណែត និងលោក Christian DesRoches ក៏បានពិភាក្សាគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ ពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច, ការពារជាតិ និងសន្តិសុខ, ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-កាណាដា សម្រេចបាន ១,៣ ពាន់លានដុល្លារ កើនជិត ១៤% ក្នុងនោះកម្ពុជានាំចេញ ១,២ ពាន់លានដុល្លារ កើនឡើង ១៤,៥៨% ចំណែកឯកាណាដានាំចូលមកវិញមានតម្លៃ ៦៣ លានដុល្លារ កើន ៣%។ ទំនិញដែលកម្ពុជានាំចេញទៅកាណាដា មានផលិតផលសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ កង់ និងគ្រឿងបង្គុំអេឡិចត្រូនិក អគ្គិសនី ចំណែកទំនិញកាណាដា នាំចូលមកវិញរួមមាន គ្រឿងអេឡិចត្រូនិក និងរថយន្តជាដើម។
កម្ពុជា-កាណដា ស្ថិតនៅទ្វីបខុសគ្នា ដែលមានចម្ងាយឆ្ងាយពីគ្នាជិត១ម៉ឺន២ពាន់គីឡូម៉ែត្រ។ កាណាដា បានចងភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយកម្ពុជា នៅក្នុងឆ្នាំ១៩៥២ ពោលគឺមុនពេលដែលកម្ពុជាទទួលបានឯករាជ្យពេញលេញពីបារាំងម៉្លេះ។ ចូលមកដល់ឆ្នាំ២០២៦ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរឈានដល់វ័យ៧៤ឆ្នាំ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


