Connect with us

សេដ្ឋកិច្ច

​ទុរេនបែកអន្លូង​ មិនទាន់​ដល់ពេល​ប្រមូលផល​ផ្លូវការនោះទេ​

បានផុស

នៅ

លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង​បានប្រាប់កម្ពុជាថ្មីនៅថ្ងៃអង្គារទី ៥ ​ឧសភា ២០២៦​ថា ​សហគមន៍​ទុរេនបែកអន្លូង ​ពូជស្រាលដល់ហើយ ​រួមមានពូជ ​មូសាំងឃីង ​ភួងមុន្នី​ ​មានដល់​ប្រមូល​ផល​ប្រហែល ៦០% ​ដែល​បាន​ប្រមូល​ផល​ចាប់​តាំង​ពី​ថ្ងៃ ​២០ ខែ មេសា​ ដែល​មាន​ចំនួន ​២០ តោន ​លក់​ឱ្យ​ឈ្មួញ​ចិន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ហេង ឆេងលី ​បញ្ជាក់ថា៖ «ចំណែក​ប្រភេទ​ម៉ានថង ​នៅមុនចូលឆ្នាំខ្មែរ ​មានតិចតួចប្រមាណ ​៣-៥ តោន ហើយ​មកដល់​ថ្ងៃ​នេះ ​គឺ​ទទួល​ទាន​អស់ហើយ។ ​ហើយ​ទុរេន​ដល់​ផ្លូវការ ​មិនទាន់​ដល់​ទេ​ប្រហែល​ ថ្ងៃ ២០ ខែ ៥ នេះ ​អាច​មាន​លក់​តិចតួច​ហូរហែរ»។​​

ការអះអាងរបស់ប្រធានសហគមន៍ទុរេនបែកអន្លូង បានធ្វើឡើងបន្ទាប់ពីការចរាចរទុរេនជាច្រើននៅលើទីផ្សារ ដោយអះអាងថា ជាទុរេនមានប្រភពមកពីខេត្តកំពង់ចាម។

​ប្រធានសហគមន៍ទុរេនបែកអន្លូង​បានបន្ថែមថា ​ខេត្តកំពង់ចាម ​និង​ត្បូងឃ្មុំ ​អាចប្រមូល​ផល​ដំ​ណាល​គ្នា ​តែបើ​នៅ​តំបន់មាត់សមុទ្រ​អាចលឿនជាង ​ដូចស្រែអំបិល ​កំពត ​តែនៅរតនៈគិរី​ ក្រោយ​គេ។​

​លោក ហេង ឆេងលី ​អំពាវនាវឱ្យអាជីវករនាំចូល ពិចារណាពីពេលវេលាក្នុងការលក់ដូរ មិនគួរ​នាំ​ចូល​ទុរេន​ពីប្រទេសជិតខាង ដែលកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយ និងមានរឿងអាស្រូវ​ការ​ប្រើ​សារធាតុគីមីហាមឃាត់ មកចែកចាយក្នុងស្រុកយើងនោះទេ។ សម្រាប់អ្នកទទួលទាន ត្រូវស្វែង​រក​ប្រភពច្បាស់លាស់ដោយទទួលទានទុរេនក្នុងស្រុកជំនួសឱ្យទុរេននាំចូល។

អគ្គនាយកដ្ឋាន​កិច្ចការពារ​អ្នកប្រើប្រាស់ ​និង​ការប្រកួតប្រជែង ​នៃ​ក្រសួងពាណិជ្ជកម្ម ​នៅ​ថ្ងៃ​ទី ០៤ ខែឧសភា ២០២៦ បានហាមអាជីវករ នាំចូល លក់ និង​ចែកចាយនូវផលិតផល​ទំនិញ​មាន​ផ្ទុកសារធាតុគីមីហាមឃាត់ ​ឬកែច្នៃលួចលាយសារធាតុដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព​ សុវត្ថិភាពអ្នកប្រើប្រាស់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម