Connect with us

ព័ត៌មានអន្ដរជាតិ

​អាមេនី​​ ងាក​ចេញ​កាន់តែ​ឆ្ងាយពី​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធ​​មិត្ត​​​រាប់ទសវត្សរ៍​ ទៅ​ចាប់អឺរ៉ុប​​​វិញ​

បានផុស

នៅ

​​ចាប់​តាំងពី​​ជម្លោះ​​​ តំបន់ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) ​ដែល​អាស៊ែបៃ​ហ្សង់ បាន​ក្រសោប​​យក​តាំង​ពីខែ​កញ្ញា​ឆ្នាំ​២០២៣ ​អាមេនី​ដែល​តែ​​ង​តែ​ស្វែងរកការការពារ និងអន្តរាគមន៍ពីរុស្ស៊ី​​ក្នុងជម្លោះ​នៃ​ប្រទេសទាំងពីរនោះ បាន​​​លែងទុក​ចិត្តរុស្ស៊ី ហើយ​ងាក​ទៅចាប់​ដៃ​​​ប្លុកសេរីវិញ មាន​​អឺរ៉ុប​ និង​អាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​សកម្មភាព​នេះ​ បាន​ស្តែង​ឲ្យឃើញ​នៅប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ ​នៅ​ពេល​ដែល​ មេដឹកនាំ​អឺរ៉ុប និង​ប្រទេសជាដៃ​គូ​អឺរ៉ុប​ផ្សេង​ៗទៀត រួម​ទាំង​​ប្រធានាធិបតី​អ៊ុយក្រែន​ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ផង​ សរុប​​ប្រមាណ​​​៤៨​រូប​ បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រជុំ​​ដ៏​គគ្រឹក​គគ្រេង ដែលឲ្យ​ឈ្មោះ​ថា «សហគមន៍​​នយោបាយ​​អឺរ៉ុប»​​ នៅទីក្រុង​យ៉េរ៉េវ៉ា ប្រទេសអាមេនី​។

​ដំណើរចូលរួម​ដ៏​ធំ​មិនធ្លាប់មាននាពេលចុងក្រោយនេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​អាមេនី​លែង​នៅជាមួយ​រុស្ស៊ី​បន្តទៅទៀត​ហើយ ថ្វីត្បិតតែ​​អាមេនី​ជា​ប្រទេសតូច និង​ធ្លាប់ពឹង​ផ្អែក​​​សន្តិសុខ​ពី​សំណាក់រុស្ស៊ី​រា​ប់​ទសវត្សរ៍​មកហើយ​ក្តី។​

​ការ​ងាក​ចេញ​ពី​មហាអំណាច​​​រុស្ស៊ី​​​របស់​អាមេនី​ ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា កើត​​ឡើង​ក្រោយ​ការឆ្លើយតបរបស់រុស្ស៊ីត្រូវបានគេមើលឃើញថា «មិនគ្រប់គ្រាន់» ឬថា​ ជា«ការក្បត់»​ នៅពេលដែល អាស៊ែបៃហ្សង់ បានបង្កើនសកម្មភាពយោធា​​របស់ខ្លួន រួមទាំងការបិទផ្លូវតែមួយគត់ដែលតភ្ជាប់ណាហ្គ័រណូ-ការ៉ាបាកជាមួយអាមេនី ក្នុងខណៈ​ពេលដែល​រុស្ស៊ី​​​​​ជា​កង​​រក្សាសន្តិសុខ​តំបន់​នោះ មិនអើពើ និង​អន្តរាគមន៍​អ្វីសោះ​​កាលខែ​កញ្ញា​ឆ្នាំ​២០២៣​។

អាមេនីកាន់តែឃ្លាតឆ្ងាយពីរុស្ស៊ី ដោយសារតែការបរាជ័យរបស់ទីក្រុងមូស្គូក្នុងការផ្តល់ការធានាសន្តិសុខគ្រប់គ្រាន់ ជាពិសេសទាក់ទងនឹងជម្លោះណាហ្គ័រណូ-ការ៉ាបាក់ និងការជាប់​ផុត​​​ក្នុងសង្គ្រាម​របស់រុស្ស៊ីជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែន។ ការផ្លាស់ប្តូរនេះបាននាំឱ្យអាមេនីស្វែងរកដៃគូសន្តិសុខថ្មី និងធ្វើពិពិធកម្មគោលនយោបាយការបរទេសរបស់ខ្លួន ដោយងាកទៅរកប្រទេសលោកខាងលិច មាន​​អឺរ៉ុប​ ក៏ដូចជាសហរដ្ឋអាមេរិក​។

យោង​តាមការ​ផ្សាយ​របស់ The Moscow Times ការបែកបាក់​សម្ព័ន្ធ​ភាព​រវាង​រុស្ស៊ី​និង​អាមេនី អាចត្រូវបានតាមដានយ៉ាងច្បាស់បំផុតទៅឆ្នាំ ២០២១​ និង ២០២២​ នៅពេលដែលកងកម្លាំងអាស៊ែបៃហ្សង់ បានបើកការវាយប្រហារឆ្លងកាត់ព្រំដែនលើទឹកដីអាមេនី និងបានសម្លាប់ទាហានអាមេនីរាប់រយនាក់។ ជាសមាជិកស្ថាបនិកនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដឹកនាំដោយរុស្ស៊ី ​ភាគី​អាមេនី រំពឹងថានឹងមានសាមគ្គីភាព។ ផ្ទុយទៅវិញ ​​អាមេនី​​ត្រឹម​តែ​ទទួលបាននូវ​ភាពស្ងៀមស្ងាត់​ពី​ខាង CSTO ដឹកនាំ​ដោយ​​ភាគី​រុស្ស៊ី​​ ដែល​ជា​អ្នក​ធានា​សន្តិសុខ​តែប៉ុណ្ណោះ​។

ការបដិសេធមិនធ្វើអន្តរាគមន៍របស់ CSTO បានបំផ្លាញការបំភាន់ថា រុស្ស៊ីនឹងគាំទ្រការបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្លួន។ នៅពេលដែល Nagorno-Karabakh ដែលជាតំបន់ដែល​​មាន​ជនជាតិអាមេនី​ប្រមាណ​១២ម៉ឺននាក់​តាំងទីលំនៅ ហើយ​ត្រូវ​បាន​បិទ​ខ្ទប់​ដោយ​ភាគី​ អាស៊ែបៃ​ហ្សង់​ និង​បន្ទាប់មកត្រូវបានកាន់កាប់យ៉ាងឆាប់រហ័សដោយអាស៊ែបៃហ្សង់នៅឆ្នាំ ២០២៣​ កងកម្លាំងរក្សាសន្តិភាពរបស់រុស្ស៊ីបានត្រឹម​«ឈរមើល» ប៉ុណ្ណោះ​​។

​ក្នុង​រយៈពេលជាង​​២ឆ្នាំ​ចុងក្រោយនេះ អាមេនីដែលស្ថិត​នៅតំបន់​កូកាស​ខាង​ត្បូង (South Caucasus) បាន​​​ងាក​​ទៅ​​ចុះកុងត្រា​​​​ទិញ​អាវុធ​ ពី​​បារាំង​ ពីអាមេរិក ​និង​ពី​​ឥណ្ឌា​ផងដែរ​។ ​ស្របពេលជាមួយគ្នានេះ ប្រទេសអឺរ៉ុប​ដទៃទៀត មាន ប៊ុលហ្គារី ​សាធារណរដ្ឋឆែក អាល្លឺម៉ង់ ក្រិច និង អ៊ីតាលី ក៏​ស្ថិតក្នុងបញ្ជី​ផ្គត់ផ្គង់​អាវុធ​ឲ្យ​អាមេនី​ដែរ។

នាយករដ្ឋមន្ត្រី​អាមេនី​ លោក​ Nikol Pashinyan ដែល​បាន​ត្រឹមឈរមើល​ការ​បាត់បង់ តំបន់ណាហ្គ័រណូ-ការ៉ាបាក ទៅ​​ក្នុងដៃ​ អាស៊ែបៃហ្សង់នោះ​ បានសម្រេច​ផ្អាកការចូលរួមរបស់អាមេនីនៅក្នុងសកម្មភាព CSTO រួចហើយ ហើយបានបដិសេធមិនចូលរួមកិច្ចប្រជុំកំពូលថ្មីៗនេះ។

ទាក់​ទង​នឹង​បញ្ហា​នេះ តាំង​ពី​​ពាក់​កណ្តាល​​​ឆ្នាំ​មុន ប្រធានគោលនយោបាយ​ការបរទេស​របស់សហ​ភាពអឺរ៉ុប លោកស្រី Kaja Kallas បាន​លើក​ឡើង​ពី​​​​ការ​រីកចម្រើន​នៃ​ទំនាក់​ទំន​ង​​រវាង​អឺរ៉ុប​និង​អាមេនី​ ដែល​ជា​ការ​វិវឌ្ឍ​​ន៍​រីកចម្រើន​ពុំធ្លាប់មាន​ បន្ទាប់​ពី​អាមេនី​អនុម័ត​ច្បាប់​​​ដើម្បី​​ចូលជាសមាជិក​របស់​សហភាពអឺរ៉ុប។

Kaja Kallas បាន​ថ្លែង​កាល​ពេល​នោះថា៖«សហភាពអឺរ៉ុប និងអាមេនី មិនដែលមានភាពជិតស្និទ្ធគ្នាដូចពេលនេះទេ»​៕

រ៉ាន់ រើយ​

មេដឹកនាំអឺរ៉ុប​​​​​ទៅ​ចូលរួម​ប្រជុំ​កំពូលសហគមន៍​​នយោបាយ​អឺរ៉ុប​នៅ​ប្រទេសអាមេនី។ NATO
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម