Connect with us

ព័ត៌មានជាតិ

កម្ពុជា-UNV បើកកិច្ចពិភាក្សាពង្រឹងឱកាសយុវជនកម្ពុជា ចូលរួមកម្មវិធីស្ម័គ្រចិត្តអន្តរជាតិរបស់ UN

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់កម្ពុជា និងមន្ត្រីនៃអង្គការសហប្រជាជាតិ បានពិភាក្សាអំពីឱកាសពង្រឹងសមត្ថភាពសម្រាប់ប្រជាជនកម្ពុជា ជាពិសេសយុវជន ក្នុងការចូលរួមកម្មវិធីស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ (UNV) ដែលជាស្ថាប័នអន្តរជាតិដ៏សំខាន់មួយ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពទាំងនៅកម្ពុជា និងលើពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចពិភាក្សានេះ បានធ្វើឡើងរវាងលោក កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Toily Kurbanov អ្នកសម្របសម្រួលប្រតិបត្តិនៃកម្មវិធីអ្នកស្ម័គ្រចិត្តអង្គការសហប្រជាជាតិ (UNV) ដែលបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ជាលើកដំបូង កាលពីព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។ កិច្ចពិភាក្សាបានផ្តោតលើតួនាទីរបស់ UNV ក្នុងការលើកកម្ពស់ស្មារតីស្ម័គ្រចិត្ត ជាចលករសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅទូទាំងពិភពលោក ព្រមទាំងពិនិត្យលើក្របខ័ណ្ឌយុទ្ធសាស្ត្រ UNV សម្រាប់ឆ្នាំ២០២៦–២០២៩ ផងដែរ។

មន្រ្តីជាន់ខ្ពស់ទាំងពីរ បានផ្លាស់ប្តូរយោបល់អំពីការពង្រឹងកិច្ចសហប្រតិបត្តិការ ដោយផ្តោតជាពិសេសលើការពង្រីកឱកាសសម្រាប់ប្រជាជនកម្ពុជា ជាពិសេសយុវជន ក្នុងការចូលរួមកម្មវិធីស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ ព្រមទាំងការលើកកម្ពស់សមត្ថភាព និងជំនាញ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។ ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការ  កាន់ ផារិទ្ធ ក៏បានជម្រាបជូនអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ ជូនភាគី UNV ផងដែរ។

ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព សន្តិភាព និងភាពធន់នៅកម្ពុជា។

គួរជម្រាបថា អ្នកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិមានតួនាទីយ៉ាងសំខាន់សម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នៅឆ្នាំ២០២៤ ប្រទេសកម្ពុជាមានអ្នកស្ម័គ្រចិត្តរបស់អង្គការសហប្រជាជាតិ (UNV) សរុបចំនួន ៣៥ នាក់ ដែលពួកគាត់មកពីទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិចំនួន៨។ តួនាទីរបស់អ្នកស្ម័គ្រចិត្តគ្រប់រូបពិតជាសំខាន់សម្រាប់ការអភិវឌ្ឍវិស័យនានានៅកម្ពុជា។

អ្នកស្ម័គ្រចិត្ត បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមរយៈក្របខណ្ឌសហប្រតិបតិ្តការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃប្រព័ន្ធអង្គការសហប្រជាជាតិសម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៨ (CF)។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការនេះ គឺតំណាងឱ្យយុទ្ធសាស្ត្រសហការរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមសម្រាប់ការអភិវឌ្ឍ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម