Connect with us

ព័ត៌មានអន្ដរជាតិ

EU បដិសេធ​ចាកចេញពីទីក្រុងកៀវ បើទោះបី​ រុស្ស៊ី​គំរាមវាយប្រហារ​​ខ្លំាង​ក្លាលើ​​អ៊ុយក្រែន​​​​​​

បានផុស

នៅ

អ្នកនាំពាក្យគណៈកម្មការអឺរ៉ុប បានលើកឡើង​នៅ​ថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ថា សហភាពអឺរ៉ុប (EU) នឹងមិនជម្លៀស​បេសកកម្មការទូតរបស់ខ្លួនចេញពីទីក្រុងកៀវនោះទេ​ បើ​​ទោះ​បី​ជា មានការគំរាមកំហែងពីសំណាក់រុស្ស៊ី អំពីលទ្ធភាព​នៃការវាយប្រហារ នៅថ្ងៃទី ៩ ខែឧសភា ចំថ្ងៃ​ដែលរុស្ស៊ី​​​ប្រារព្វ​ព្យុហយាត្រា​ជ័យជម្នះ​ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន kyivpost

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោក Anouar El Anouni បាននិយាយថា «សម្រាប់ពួកយើងដែលជាសហភាពអឺរ៉ុប យើងនឹងមិនផ្លាស់ប្តូរ​ជំហរ ឬវត្តមានរបស់យើងនៅក្នុងទីក្រុងកៀវឡើយ។ ជាអកុសល ការវាយប្រហាររបស់រុស្ស៊ីគឺជា តថភាពប្រចាំថ្ងៃនៅក្នុងទីក្រុងកៀវ និងកន្លែងផ្សេងទៀតក្នុងប្រទេសអ៊ុយក្រែន»។

លោក បាន​បន្ថែមទៀតថា រុស្ស៊ីកំពុងព្យាយាមជាថ្មីម្តងទៀតយ៉ាងអាក្រក់បំផុត ក្នុងការទម្លាក់កំហុសលើអ៊ុយក្រែន ចំពោះសង្គ្រាមឈ្លានពានដែលបង្កឡើងដោយខ្លួនឯង។ ជាក់ស្ដែង ការគំរាមកំហែងជាសាធារណៈរបស់រុស្ស៊ីក្នុងការវាយប្រហារលើទីក្រុងកៀវ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្របង្កើនជម្លោះដោយមិនខ្វល់ពីផលវិបាករបស់ខ្លួន។

គួរបញ្ចាក់ដែរថា រុស្ស៊ីបានព្រមានដល់បេសកកម្មការទូតបរទេស និងអង្គការអន្តរជាតិនានា ថា ខ្លួនអាចនឹងបើក «ការវាយប្រហារសងសឹកទ្រង់ទ្រាយធំ» លើទីក្រុងកៀវ រួមទាំងការវាយប្រហារលើ «មជ្ឈមណ្ឌលធ្វើសេចក្តីសម្រេចចិត្ត ឬទីតាំងយុទ្ធសាស្ត្រសំខាន់ៗ» ផងដែរ ប្រសិនបើអ៊ុយក្រែនរំខានដល់ព្រឹត្តិការណ៍ថ្ងៃជ័យជម្នះ នៅក្នុងទីក្រុងមូស្គូ។

សេចក្តីព្រមាននេះ បានធ្វើឡើងនៅមុនពិធីអបអរសាទរ «ថ្ងៃជ័យជម្នះ» ថ្ងៃទី ៩ ខែឧសភារបស់រុស្ស៊ី ដែលជាថ្ងៃរំលឹកដល់ជ័យជម្នះរបស់សហភាពសូវៀត លើរបបណាស៊ីអាល្លឺម៉ង់ ក្នុងសង្រ្គាមលោកលើកទី២៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម