Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ ទាមទារឱ្យអាមេរិកសងជំងឺចិត្ត និងសុំគ្រប់គ្រងច្រកសមុទ្រហ័រមូសដាច់មុខ

បានផុស

នៅ

សារព័ត៌មានរដ្ឋអ៊ីរ៉ង់ Press TV បានចុះផ្សាយនៅព្រឹកថ្ងៃចន្ទ ទី​១១ ខែ​ឧសភា នេះ ថា ទីក្រុងតេហេរ៉ង់ បានផ្ញើសារបដិសេធ​ផែនការ​សន្តិភាពរបស់អាមេរិក ហើយថែមទាំងបានដាក់សំណើតបវិញយ៉ាងក្តៅគគុក។

(រូបថត៖ aa)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសំណើនោះ អ៊ីរ៉ង់ បានទាមទារឱ្យសហរដ្ឋអាមេរិកសងជំងឺចិត្តចំពោះការខូចខាតកន្លងមក ព្រមទាំងសង្កត់ធ្ងន់ថា ខ្លួនត្រូវតែមានអធិបតេយ្យភាពពេញលេញ ក្នុងការគ្រប់គ្រងច្រកសមុទ្រហ័រមូស ដែលជាផ្លូវនាវាចរណ៍ដ៏សំខាន់បំផុតមួយ នៃប្រេងឆៅ​ពិភពលោក។

ក្រៅពីការទាមទារអធិបតេយ្យភាពលើផ្លូវទឹក អ៊ីរ៉ង់ ក៏ឱ្យអាមេរិកដកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ចេញ និងត្រូវ​បញ្ចេញ​ទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកនៅក្រៅប្រទេសមកវិញផងដែរ។ ភាគីអ៊ីរ៉ង់ បានបញ្ជាក់ច្បាស់ៗថា ខ្លួនមិនអាចទទួលយកផែនការសន្តិភាពរបស់លោក ដូណាល់ ត្រាំ បានឡើយ ព្រោះវាជាការបង្ខំឱ្យអ៊ីរ៉ង់ឱនក្បាល តាមការទាមទារ ដែល «ហួសហេតុពេក» និងរំលោភលើសិទ្ធិជាមូលដ្ឋាននៃប្រជាជាតិរបស់ខ្លួន។

ដោយឡែក បន្ទាប់ពីបានពិនិត្យមើលសំណើតបវិញរបស់អ៊ីរ៉ង់រួច លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់លោកភ្លាមៗ ថា ចម្លើយរបស់អ៊ីរ៉ង់គឺ «មិនអាចទទួលយកបានជាដាច់ខាត»។ ពាក្យសម្តីនេះ បានធ្វើឱ្យស្ថានការណ៍ដែលកំពុងតែផុយស្រួយស្រាប់ កាន់តែមានភាពតានតឹងឡើងវិញ បន្ទាប់ពីតំបន់មជ្ឈិមបូព៌ាបានធ្លាក់ក្នុងសង្គ្រាម តាំងពីចុងខែកុម្ភៈមកម្ល៉េះ។

រហូតមកដល់ពេលនេះ បើទោះបីជាមានបទឈប់បាញ់បណ្តោះអាសន្ន ដែលសម្របសម្រួលដោយប្រទេសប៉ាគីស្ថាន តាំងពីដើម​ខែមេសា ក៏ដោយ ក៏​ការចរចានៅទីក្រុងអ៊ីស្លាម៉ាបាដ ហាក់មិនទាន់ឈានដល់ចំណុចព្រមព្រៀងដ៏យូរអង្វែងណាមួយឡើយ។ ស្ថានភាពកាន់តែពិបាក បន្ទាប់ពីអាមេរិក បានចាប់ផ្តើមអនុវត្តវិធានការបិទខ្ទប់ផ្លូវទឹក ចាប់តាំងពីពាក់កណ្តាលខែមេសាមក ដែលធ្វើឱ្យនាវាដឹកជញ្ជូនរបស់អ៊ីរ៉ង់មិនអាចធ្វើដំណើរចេញចូលបានស្រួលឡើយ ដែលនេះជាចំណុចដ៏រស៊ើប​បំផុត ក្នុងជម្លោះរវាងមហាអំណាចទាំងពីរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម