Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តប៉ៃលិន ដំឡើងរូបសំណាក “ព្រះវិស្ណុ” នៅរង្វង់មូលថ្មី ដើម្បីបង្កើនសោភ័ណភាព និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍

បានផុស

នៅ

រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំពិធីក្រុងពាលី និងបួងសួងសុំសេចក្តីសុខសិរីសួស្តី ជ័យមង្គលវិបុលសុខ ក្នុងឱកាសដំឡើងរូបសំណាក «ព្រះវិស្ណុ» ធ្វើពីថ្មភ្នំ លើរង្វង់មូលថ្មី ស្ថិតនៅចំណុចផ្លូវបំបែកជាបួន ក្នុងភូមិអូរច្រាលិច សង្កាត់ទួលល្វា ក្រុងប៉ៃលិន នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរៀបចំសមិទ្ធផលថ្មីនេះ គឺជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែស្រស់ស្អាត ទាក់ទាញ និងមានអត្តសញ្ញាណវប្បធម៌កាន់តែច្បាស់លាស់។ ជាមួយគ្នានេះ រង្វង់មូលថ្មីដែលមានរូបសំណាកព្រះវិស្ណុជាចំណុចកណ្តាល ក៏នឹងក្លាយជាទីសម្គាល់ដ៏លេចធ្លោមួយ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរ និងអ្នកធ្វើដំណើរចូលមកកាន់ខេត្តប៉ៃលិនផងដែរ។

លោកស្រី បាន ស្រីមុំ បានមានប្រសាសន៍ថា ការស្ថាបនារង្វង់មូល និងដំឡើងរូបសំណាកព្រះវិស្ណុនេះ ត្រូវបានគិតគូរដោយផ្តោតលើផលប្រយោជន៍សាធារណៈ ជាពិសេសការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅចំណុចផ្លូវបំបែកជាបួន ដែលកន្លងមកតែងកើតមានហេតុការណ៍គ្រោះថ្នាក់ជាញឹកញាប់។ ក្រោយពេលសមិទ្ធផលនេះបញ្ចប់ វានឹងជួយសម្រួលលំហូរចរាចរណ៍ ធ្វើឱ្យអ្នកបើកបរបន្ថយល្បឿន និងរួមចំណែកការពារអាយុជីវិតប្រជាពលរដ្ឋបានកាន់តែប្រសើរ។

ក្នុងឱកាសនោះ លោកស្រីអភិបាលខេត្តប៉ៃលិន បានលើកឡើងយ៉ាងស៊ីជម្រៅ ដោយផ្សារភ្ជាប់សមិទ្ធផលថ្មីនេះ ទៅនឹងតម្លៃនៃសន្តិភាពថា តម្លៃនៃនយោបាយឈ្នះឈ្នះ ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញផ្ទៃប្រទេស និងមានស្ថិរភាពនយោបាយរឹងមាំ។

លោកស្រី បាន ស្រីមុំ គូសបញ្ជាក់ថា កត្តាសន្តិភាពនេះហើយបានធ្វើឱ្យខេត្តប៉ៃលិនដែលជាខេត្តជាយដែន និងធ្លាប់ជាអតីតសមរភូមិយ៉ាងក្តៅគគុកនាពេលអតីតកាល ត្រូវបានប្រែក្លាយមុខមាត់ថ្មី ដោយមានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែធូរធារ និងល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ គួរជាទីមោទនភាពបំផុត៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម