Connect with us

ព័ត៌មានជាតិ

៥ខែដើមឆ្នាំនេះ រដ្ឋាភិបាលចំណាយថវិកា​១២លាន​ដុល្លារ ឧបត្ថម្ភដល់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកូនជាង២០ម៉ឺននាក់

បានផុស

នៅ

ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលតាមរយៈ ប.ស.ស. បានចំណាយថវិកាចំនួន៤៨,៣៣៣.២៨​លានរៀល ស្មើនិងប្រមាណ ១២លានដុល្លារអាមេរិក ឧបត្ថម្ភដល់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះចំនួន ៨២ ០២៥នាក់ និងកូន អាយុក្រោម២ឆ្នាំចំនួន ១៣១ ២៨៧នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី៣មិថុនានេះថា ដោយឡែកគិតត្រឹមខែឧសភា ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលបានចំណាយថវិកាសរុបចំនួន ៤៥៨,២៩៧.៤៤លានរៀល ស្មើនឹងប្រមាណ ១១៤.៥៧លានដុល្លារអាមេរិក ឧបត្ថម្ភដល់សមាជិក ប.ស.ស. ជាស្រី្តមានផ្ទៃពោះសរុបចំនួន ៧៧៨ ៧៧៦នាក់ និងកូនអាយុក្រោម២ឆ្នាំ ចំនួន ៨៦៣ ៤១០នាក់។

លោកបណ្ឌិត បានបន្តថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនសមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំដល់ សមាជិក ប.ស.ស ជាមន្ដ្រីរាជការ ជាស្រ្ដីមានផ្ទៃពោះក្នុងក្របខណ្ឌមុខងារសាធារណៈ ដែលបម្រើការងារនៅតាមក្រសួង-ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោម​បទប្បញ្ញត្តិ នៃច្បាប់ ស្ដីពីសហលក្ខន្ដិកៈ មន្រ្ដីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា។ មន្រ្ដីកម្មសិក្សា និងមន្ដ្រីជាប់កិច្ចសន្យាបម្រើការងារនៅតាមក្រសួង-ស្ថាប័ន អង្គភាព នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលមានការទទួលស្គាល់ដោយក្រសួងមុខងារសាធារណៈ។ ស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលជាមន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារ។ ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នៃក្រុមប្រឹក្សារាជធានី ខេត្ត-ក្រុង-ស្រុក-ខណ្ឌ និង ក្រុមប្រឹក្សាឃុំ-សង្កាត់ និង ស្ត្រីមានផ្ទៃពោះជាកម្មការិនី និង កុមារអាយុក្រោម ២ ឆ្នាំ ។

លោកបណ្ឌិត បានបន្ថែមថា ក្នុងនោះ មុនពេលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដោយ ១ លើក ទទួលបានថវិកា ៨ ម៉ឺនរៀល។ ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភ ដោយកូន ១ ទទួលបានថវិកា ៨០ ម៉ឺនរៀល កូនភ្លោះ ២ ទទួលបាន ១ លាន ២ សែនរៀល និង កូនភ្លោះ ៣ ទទួលបាន ១ លាន ៦ សែនរៀល និង ទទួលបានការឧបត្ថម្ភពិសេសបន្ថែមពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥ លានរៀល ទៀតផងដែរ។

ក្រោយពេលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០ លើក ដោយ ១ លើក ទទួលបាន ៨ ម៉ឺនរៀល ក្នុងនោះ ៣ លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧ លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ ឆ្នាំ។

លោកបណ្ឌិត បន្ថែមទៀតថា កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់សមាជិក ប.ស.ស ជាស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពមាតា និង ទារក ព្រមទាំងរួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់តាំងពីកូននៅក្នុងផ្ទៃរហូតដល់កូនមានអាយុ ២ ឆ្នាំ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម