Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ជួបវិបត្តិបះបោរផ្ទៃក្នុងបក្ស ព្រោះតែ​សមាជិក​សភា​​បក្ស​សាធារណរដ្ឋខ្លះ​លែង​ទុកចិត្ត​​

បានផុស

នៅ

សភាតំណាងរាស្ត្រអាមេរិក កាលពីថ្ងៃពុធ ទី៣ ខែមិថុនា បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្តមួយដែល​ផ្តូច​ផ្តើម​​ដោយបក្សប្រជាធិបតេយ្យ ឈាន​ទៅ​​បញ្ឈប់សង្គ្រាមជាមួយអ៊ីរ៉ង់ ដែល​អំណាច​ប្រធានាធិបតី​​​​​ត្រូវ​​ដើរតាម​អំណាច​សភា​។ ការសម្រេចចិត្តនេះឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងសភា​តំណាង​រាស្រ្ត​​ ជុំវិញបញ្ហាសង្គ្រាម​នៅ​អ៊ីរ៉ង់​ សូម្បីតែក្នុងចំណោមសមាជិកសភា​មក​ពី​បក្សសាធារណរដ្ឋរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ខ្លួនឯង​ក៏បាន​ងាក​ទៅ​គាំទ្រ​​​ដំណោះស្រាយ​នោះដែរ​​។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​សារព័ត៌មាន Reuters សភាតំណាងរាស្ត្របានអនុម័តសេចក្តីសម្រេចចិត្តនេះ ក្នុងសំឡេងគាំទ្រ ២១៥ ទល់នឹង ២០៨ សំឡេង ដោយក្នុងនោះមានសមាជិកបក្សសាធារណរដ្ឋចំនួន ៤ រូប បានចូលរួម​បោះឆ្នោតគាំទ្រជាមួយបក្សប្រជាធិបតេយ្យ​លើច្បាប់ស្តីពីអំណាចសង្គ្រាមនេះ។ ច្បាប់នេះបានបង្គាប់ឲ្យលោក ត្រាំ ដកកងទ័ពអាមេរិកចេញពីអ៊ីរ៉ង់ លើកលែងតែសភាប្រកាសសង្គ្រាម ឬអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងយោធាជាផ្លូវការ។ ព្រឹត្តិការណ៍នេះគឺជាការខកចិត្តចុងក្រោយ​បង្អស់សម្រាប់លោក ត្រាំ នៅក្នុងសភា ទោះបីជាគណបក្សរបស់លោកមានសំឡេងភាគច្រើន​តិចតួច​នៅក្នុងសភាទាំងពីរ​​ថ្នាក់​​ក៏ដោយ។

ទោះជាយ៉ាងណា ការបោះឆ្នោតនេះភាគច្រើនគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ។ ដើម្បីឲ្យមានប្រសិទ្ធភាពអនុវត្តជាផ្លូវការ សេចក្តីសម្រេចចិត្តណាមួយត្រូវតែឆ្លងកាត់ការអនុម័តពីព្រឹទ្ធសភា​មួយដំណាក់​កាល​ទៀត​​ ហើយចាំបាច់ត្រូវទទួលបានសំឡេងគាំទ្ររហូតដល់ទៅពីរភាគបីនៅក្នុងសភាទាំងពីរ ដើម្បីអាចលុបចោលអំណាចវេតូ (អំណាចបដិសេធ) របស់លោក ត្រាំ ដែលស្ទើរតែប្រាកដជានឹងកើតមាន។

ទោះជាយ៉ាងនេះក្តី ការអនុម័តនេះបានកើតឡើងបន្ទាប់ពីសេចក្តីសម្រេចចិត្តស្តីពីអំណាចសង្គ្រាមចំនួន ៣ លើកមុនៗ បានបរាជ័យនៅក្នុងសភាតំណាងរាស្ត្រ ក្នុងសំឡេងដេញដោលគ្នាកាន់តែកៀកកិតបំផុត។ លើសពីនេះ ព្រឹទ្ធសភាក៏បានរុញសេចក្តីសម្រេចចិត្តដាច់ដោយឡែកមួយ ប៉ុន្តែមានខ្លឹមសារស្រដៀងគ្នានេះ ទៅមុខមួយជំហានកាលពីខែមុន នៅក្នុងការបោះឆ្នោតតាមនីតិវិធី បន្ទាប់ពីការប៉ុនប៉ងចំនួន ៧ លើកមុន បានបរាជ័យ។

គួរបញ្ជាក់ថា នៅផ្ទៃក្នុងអាមេរិក លោក ដូណាល់ ត្រាំ កំពុងរងការវាយប្រហារនយោបាយយ៉ាងខ្លាំង ក្រោយសភាបោះឆ្នោតរួមដៃគ្នាអនុម័តច្បាប់រឹតត្បិតអំណាចសង្គ្រាមដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់។ លើសពីនេះ រដ្ឋបាល ត្រាំ ត្រូវបានបង្ខំឲ្យបោះបង់ចោលមូលនិធិ «អាវុធភាវូបនីយកម្ម» ក្នុងទំហំទឹកប្រាក់ ១,៨ ពាន់លានដុល្លារ ក្រោយរងការបះបោរពីសមាជិកបក្សខ្លួនឯង និងរងការរិះគន់ខ្លាំងជុំវិញការតែងតាំងលោក Bill Pulte ជាស្តីទីប្រធាន​​ទីភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់ជាតិ​​ (DNI) ដែលគ្មានបទពិសោធន៍សន្តិសុខសោះ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

យោធាអ៊ីរ៉ង់ ថា ខ្លួន​មិនទាន់បញ្ចេញ «សន្លឹកបៀឈ្នះ» អស់ទេ និងត្រៀមខ្លួនសម្រាប់សង្គ្រាម​​ជានិច្ច​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម