Connect with us

សេដ្ឋកិច្ច

សហគ្រិនក្នុងស្រុកគ្រោងច្នៃពងទាចេញជាផលិតជាង៥០មុខ ដាក់លក់លើទីផ្សារ

បានផុស

នៅ

សហគ្រិនខ្មែរមកពីខេត្តកំពង់ធំម្នាក់ គ្រោងដាក់ផែនការច្នៃពងទាឱ្យជាផលិតជាង​៥០មុខ សម្រាប់ដាក់លក់លើទីផ្សារ ខណៈបច្ចុប្បន្នលោកមើលឃើញថាកសិករលក់បានត្រឹមពងទាស្រស់តែមុខគត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិតនៅក្នុងវ័យ ៣៦ឆ្នាំ លោក នី តាំងហ៊ី ជាម្ចាស់កសិដ្ឋាន អិលស៊ីឌីស៊ី អេកូហ្គ្រីន ប្រាប់ កម្ពុជាថ្មី ថា កសិដ្ឋានរបស់លោក ក្រៅពីការចិញ្ចឹមទាយកពង បច្ចុប្បន្នកសិដ្ឋានក៏បាននឹងកំពុងកែច្នៃពងទាស្រស់ឱ្យទៅជាផលិតផលជាច្រើនមុខដាក់លក់លើទីផ្សារផងដែរ។​

លោក នី តាំងហ៊ី បន្ថែមថា ដោយមើលឃើញពីកសិករតែងតែមានបញ្ហាប្រឈមនៃទីផ្សារពងទាស្រស់កន្លងទៅ កសិដ្ឋានរបស់លោកក៏មានគំនិតមួយដោយចង់ឱ្យប្រទេសកម្ពុជាសម្បូរទៅដោយផលិតកែច្នៃដូចនឹងបណ្ដាប្រទេសជិតខាង។ ភាគច្រើនប្រទេសទាំងនោះមានសមត្ថភាពខ្ពស់ក្នុងការច្នៃពងទាស្រស់ឱ្យទៅជាផលិតផលសម្រេចមិនក្រោមពី៥០មុខនោះឡើយ។

សហគ្រិនរូបនេះ បានបញ្ជាក់ទៀតថា កសិដ្ឋានរបស់លោកសព្វថ្ងៃក៏បានច្នៃពងទាស្រស់ៗឱ្យទៅជាផលិតប្រមាណជាង៤មុខ មានដូចជា៖ ពងទាស្រស់វេចខ្ចាប់ ពងទាប្រៃ ពងទាខ​ និងស្នូលស៊ុតទាប្រៃ សម្រាប់ដាក់លក់លើម៉ាត និងផ្សារទំនើបមួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ។

ក្រៅពីការចិញ្ចឹមទា និងកែច្នៃពងទា កសិដ្ឋានរបស់លោក នី តាំងហ៊ី បច្ចុប្បន្នក៏បានប្រមូលទិញពងទាពីកសិករចិញ្ចឹមទាយកពងដើម្បីផ្គត់ផ្គង់មកកាន់ទីផ្សាររាជធានីភ្នំពេញផងដែរ។

គួរឱ្យដឹងថា កសិដ្ឋានរបស់លោក នី តាំងហ៊ី បានបើកដំណើរការឡើងមកតាំងពីឆ្នាំ ២០០០មកម្ល៉េះ។ បច្ចុប្បន្នមានទីតាំងស្ថិតនៅភូមិស្ដុកស្តម្ភ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម