Connect with us

ព័ត៌មានជាតិ

ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកំពង់ចាមបង្កេីតម៉ាកសញ្ញាមួយជាក់លាក់សម្រាប់កសិផលទុរេនបែកអន្លូង

បានផុស

នៅ

កំពង់ចាម ​៖ ក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម បានចងក្រង និងបង្កេីតម៉ាកសញ្ញាមួយជាក់លាក់សម្រាប់កសិផលទុរេនបែកអន្លូង ក្នុងស្រុកស្ទឹងត្រង់ ដើម្បីអាចប្រើប្រាស់ជាផ្លូវការនិងទទួលបានការការពារកម្មសិទ្ធិបញ្ញាក្នុងការធានាគុណភាព និងបរិមាណ ព្រមទាំងរក្សាបាននូវគុណតម្លៃផ្លែទុរេនបែកអន្លូងផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ សហគមន៍ផលិតករ​ និងអាជីវករទុរេនបែកអន្លូង បានរៀបចំពិធីមហាសន្និបាតកំណើតដំបូងការពិនិត្យ និងអនុម័តលក្ខន្តិកៈសហគមន៍ បទបញ្ជារួមគ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាពទុរេនបែកអន្លូងនិងបោះឆ្នោតជ្រើសរើសប្រធានសហគមន៍ផលិតករ និងអាជីវកម្មទុរេនបែកអន្លូង ដោយមានការចូលរួមពីសមាសចូលរួមពី ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម និងលោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម។ 

ដោយសារតែមានការគាំទ្រ និងតម្រូវការលើទីផ្សារខ្ពស់ ជាហេតុធ្វើឱ្យមានការក្លែងបន្លំប្រភពផ្លែទុរេន បែកអន្លូងលក់លើទីផ្សារធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមនិងគុណតម្លៃរបស់ទុរេនបែកអន្លូងយ៉ាងខ្លាំង។ ក្នុងនោះដែរ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តកំពង់ចាម មានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានសម្របសម្រួលបង្កេីតម៉ាកសញ្ញាដើម្បីរក្សាបានកិត្តិនាមនិងគុណតម្លៃទុរេនបែកអន្លូង និងអាចប្រើប្រាស់ជាផ្លូវការនិងទទួលបានការការពារកម្មសិទ្ធិបញ្ញាពេញលេញ ក្នុងគោលបំណង ពង្រឹង ពង្រីកទាំងគុណភាព និង បរិមាណ ព្រមទាំងរក្សាបាននូវគុណតម្លៃផ្លែទុរេនបែកអន្លូងផងដែរ។ ជាមួយនេះ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និមល បានលេីងឡេីងថា ការបង្កើត ឱ្យមានម៉ាកសញ្ញាច្បាស់លាស់ ដើម្បីការពារកម្មសិទ្ធិបញ្ញាទុរេនបែកអន្លូង នឹងផ្តល់អត្ថប្រយោជន៍ ដល់អ្នកពាក់ព័ន្ធអាជីវកម្មផ្លែទុរេនក្នុង ភូមិសាស្រ្តដែលបានកំណត់ ដើម្បីការពារនូវកិត្តិនាម និងគុណតម្លៃទុរេនបែកអន្លូង តាមរយៈការបង្កើនទំនុក ចិត្តលើគុណភាព សុវត្តិភាព ដែលអាចបង្កើនតម្លៃ និងបង្កើនលទ្ធភាព ប្រកួតប្រជែងលើទីផ្សារព្រមទាំង ជំរុញការនាំចេញទៅក្រៅប្រទេសទៀតផង ជាពិសេស ចូលរួមទប់ស្កាត់ការក្លែងបន្លំប្រភពទុរេនបែកអន្លូង។ 

គូសបញ្ជាក់ថា បច្ចុប្បន្ននេះ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម មានផ្ទៃដីដាំដុះដំណាំទុរេនសរុបមានចំនួន១.៨៤៩ហិចតា ផ្ទៃដីប្រមូលផលមានចំនួន១.៣១៩ហិចតា ដែលអាចទទួលបានបរិមាណផលប្រមាណ១២.៧២៤តោនក្នុងមួយឆ្នាំ។

ផ្លែទុរេនអាចប្រមូលផលបាននៅចន្លោះ ពីខែឧសភា រហូត ដល់ខែកក្កដា ដែលទិន្នផលជាមធ្យមរង្វង់ពី៨ ទៅ១០តោនក្នុងមួយហិចតា ក្នុងនោះស្រុកចំនួន២ ដែលមានសក្តានុពលសម្រាប់ដំណាំទុរេនគឺស្រុកស្ទឹងត្រង់ និងស្រុកចំការលើ។

ជាការកត់សម្គាល់ ទុរេនបែកអន្លូង ស្ថិត ក្នុងស្រុកស្ទឹងត្រង់ ត្រូវបានទទួលស្គាល់ និងពេញនិយមពីអ្នកបរិភោគថាមានរសជាតិឆ្ងាញ់ពិសេសប្លែកជាងគេ ព្រមទាំងទទួលបានការគាំទ្រនិងតម្រូវការខ្ពស់លើទីផ្សារជារៀងរាល់ឆ្នាំ៕

អត្ថបទ​និងរូបភាព​ ៖​ឡេក​ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម