Connect with us

KPT+

កែប ជាក្រុងឆ្នេរសមុទ្រតូច តែពេញនិយមសម្រាប់ “សាកថ្មជីវិត”

បានផុស

នៅ

កែប ជាខេត្តដែលមានផ្ទៃដីតូចជាងគេក៏ដោយ ប៉ុន្តែសម្រស់ធម្មជាតិនៃខេត្តនេះ បានទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្តមិនដែលដាច់។ តួយ៉ាង ក្រុងកែប ដែលមានសក្ដានុពលទេសចរណ៍ខ្ពស់ តាមរយៈការរួមបញ្ចូលគ្នារវាងឆ្នេរសមុទ្រខៀវស្រងាត់ ភ្នំធម្មជាតិ និងរមណីយដ្ឋានជាច្រើន បង្កើតបានជាផ្ទាំងទស្សនីយទេសភាព និងបរិយាកាសល្អឥតខ្ចោះ សម្រាប់ការសម្រាកលំហែកាយ និងការកម្សាន្តមិនចេះជិនណាយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ក្នុងចំណោមគោលដៅទេសចរណ៍ដ៏ពេញនិយមនៃក្រុងកែប រួមមាន៖

១. រង្វង់មូលឆ្នេរតេជោសន្តិភាព ឬ រង្វង់មូលផ្សារក្ដាម
ជានិមិត្តរូបថ្មីដ៏លេចធ្លោមួយរបស់ក្រុងកែប រំលេចទៅដោយក្បាច់រចនាខ្មែរ និងទំហំធំលាតសន្ធឹងលើផ្ទៃសមុទ្រ អាចឱ្យយើងស្រូបខ្យល់អាកាសបរិសុទ្ធពីតំបន់នោះ។ ដោយសារតែស្ថិតនៅតំបន់ផ្សារក្តាម ដែលជាបេះដូងសេដ្ឋកិច្ចរបស់ខេត្តទេសចរណ៍មួយនេះ អ្នកទេសចរអាចមកទិញគ្រឿងសមុទ្រស្រស់ៗ ពិសេសក្តាមសេះដ៏ល្បីល្បាញ និងអាចឈៀងចូលថតរូបលេងកម្សាន្តនៅទីបានថែមទៀត។

រូបភាពពី ៖ កណ្ដៀរ
រូបភាពពី ៖ កណ្ដៀរ

២. ឆ្នេរសមុទ្រកែប
ជាតំបន់ឆ្នេរ ដែលអំណោយផលខ្លាំងសម្រាប់ការជួបជុំគ្រួសារ ទទួលទានអាហារសមុទ្រស្រស់ៗ និងអង្គុយលំហែកាយស្រូបខ្យល់អាកាសបរិសុទ្ធ។ ឆ្នេរនេះត្រូវបានកែលម្អជាបន្តបន្ទាប់ ធ្វើឲ្យមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងស្រស់ស្អាតខ្លាំង។

៣. ឧទ្យានជាតិកែប
ជារមណីយដ្ឋានធម្មជាតិដ៏ល្បីល្បាញមួយរបស់ខេត្តកែប ដែលមានព្រៃឈើខៀវស្រងាត់ ផ្លូវដើរលំហែកាយតាមជម្រាលភ្នំ និងខ្យល់អាកាសបរិសុទ្ធ ដែលផ្ដល់នូវបរិយាកាសស្ងប់ស្ងាត់ និងផាសុកភាព ខណៈស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តដើរព្រៃ និងគយគន់រុក្ខជាតិ ។ លើសពីនេះ ទេសចរក៏អាចកម្សាន្តដោយការជិះខ្សែរ៉កនៅរមណីយដ្ឋានលើខ្នងផ្នំ និងភ្លក់រសជាតិកាហ្វេដ៏ឈ្ងុយគយគន់ទិដ្ឋភាព ក្រុងកែប ពីលើកំពូលភ្នំផងដែរ។

ក្រៅពីគោលដៅទេសចរណ៍ខាងលើ ទេសចរអាចលំហែកាយតាមកញ្ជុះ នៃរមណីយដ្ឋានតាមបណ្តោយមាត់សមុទ្រ ឬក៏ជិះទូកប្រហែល ២០-៣០ នាទី ពីក្រុងកែប ទៅកាន់តំបន់កោះដ៏ពេញនិយមក្នុងភូមិសាស្ត្រនេះផងដែរ “កោះទន្សាយ” (ត្រូវប្រុងប្រយ័ត្នខ្ពស់ ពេលមានដំណើរកម្សាន្តនៅតំបន់សមុទ្រ ក្នុងខែនេះ) ។

នារដូវកាលទេសចរណ៍បៃតង (រដូវវស្សា) នេះ ខេត្តកែប កំពុងបង្អួតសម្រស់ថ្មីដ៏ទាក់ទាញ។ បើទោះបីជាមានភ្លៀងធ្លាក់ជាប្រចាំក៏ដោយ ប៉ុន្តែធម្មជាតិបានប្រែក្លាយទីក្រុងមាត់សមុទ្រមួយនេះឱ្យកាន់តែមានជីវិត និងស្រស់បំព្រងជាងមុន។

ជាមួយនឹងខ្យល់អាកាសបរិសុទ្ធ ទេសភាពធម្មជាតិដ៏ស្រស់ស្អាតភ្នំ ព្រៃឈើ ឆ្នេរសមុទ្រ និងរមណីយដ្ឋាននានា ក្រាលគ្របដោយពណ៌បៃតងខ្ចី ក្រុងកែប ពិតជាជាគោលដៅទេសចរណ៍ដ៏ស័ក្តិសមសម្រាប់ការមក “សាកថ្មជីវិត” និងបង្កើតអនុស្សាវរីយ៍ថ្មីៗក្នុងរដូវកាលបៃតងនេះ៕ ដោយ ៖ ជុំ សុជាតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម