Connect with us

សេដ្ឋកិច្ច

​កម្ពុជា-អាមេរិក ​ចុះកិច្ចព្រមព្រៀង​បើកចំហជើង​មេឃ​ ពង្រីកការតភ្ជាប់ផ្លូវអាកាស ​និងពាណិជ្ជកម្ម​

បានផុស

នៅ

កម្ពុជា ​និង​សហរដ្ឋអាមេរិក ​នៅ​ថ្ងៃទី ​០៥ ​មិថុនា ​២០២៦ ​សម្រេច​បាន​នូវ​ការ​ចុះកិច្ចព្រមព្រៀង​បើក​ចំហជើងមេឃ ​(Open Skies) ​ដែលជា​ការបោះជំហានមួយក្នុងការពង្រីក​ការ​តភ្ជាប់​ផ្លូវ​អាកាស​ ការ​ធ្វើ​ពាណិជ្ជកម្ម ​ទេសចរណ៍ ​និង​ការវិនិយោគរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការចុះកិច្ចព្រមព្រៀងនេះ ​បានធ្វើឡើង​នៅក្នុងជំនួប​របស់លោក​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួល​បន្ទុករដ្ឋ​លេខាធិ​ការដ្ឋានអាកាស​ចរណ៍ស៊ីវិល ជាមួយលោក Hunt VanderToll ឧបការីរងរដ្ឋមន្ត្រីការ​បរទេស​អាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអាស៊ាន។

​ជាជំនួបមានលទ្ធផលវិជ្ជមានខ្ពស់ ​និងមានន័យយុទ្ធសាស្ត្រ សម្រាប់ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ជាពិសេសក្នុងវិស័យវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ និងការតភ្ជាប់ផ្លូវអាកាស​ជាអន្តរជាតិ។

​លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល​ មានប្រសាសន៍ថា ​លទ្ធផល​គួឱ្យកត់សម្គាល់ទី១​​ ការគាំទ្រ​របស់​សហរដ្ឋអាមេរិក​ចំពោះការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធអាកាស​ចរណ៍​ជាពិសេសពាក់ព័ន្ធនឹងអាកាសយានដ្ឋានអន្តរជាតិតេជោបង្ហាញថា កម្ពុជាកំពុងទទួលបានការទទួលស្គាល់កាន់​តែច្រើនក្នុងនាមជាគោលដៅសម្រាប់ការវិនិយោគ និងជាច្រកតភ្ជាប់តាមផ្លូវអាអាកាសសំខាន់មួយក្នុងតំបន់ និងសាកលលោក។​

​លោក ស៊ីន ចាន់សិរីវុត្ថា ​យល់ឃើញថា៖ «​បន្ទាប់ពីការចរចាត្រូវបានអូសបន្លាយ​អស់រយៈពេលជាង​មួយទសវត្សរ៍ក៏ដោយ​ ក៏ការសម្រេចបានកិច្ចព្រមព្រៀង Open Skies រវាងកម្ពុជា និងសហរដ្ឋអាមេរិក​នាពេលនេះ គឺជាជំហានដ៏សំខាន់ មួយក្នុងការពង្រីក និងពង្រឹងការតភ្ជាប់ផ្លូវអាកាស ការធ្វើពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគរវាងប្រទេសទាំងពីរ»។​

​លោក ស៊ីន ចាន់សិរីវុត្ថា ​បន្ថែមថា ​ទោះបីជាក្នុងរយៈពេលខ្លី​ យើងប្រហែលជាមិនទាន់ឃើញ​មាន​ការ​តភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា និងសហរដ្ឋអាមេរិកភ្លាមៗក៏ដោយ ក៏ប៉ុន្តែកិច្ចព្រម​ព្រៀង​នេះបានបង្កើតមូលដ្ឋានគោលនយោបាយ ច្បាប់ វិធាន និងនីតិវិធី ដ៏រឹងមាំសម្រាប់ការ​អភិវឌ្ឍ​នាពេលអនាគត។​

បើតាមមន្ត្រីដដែលរូបនេះ ជំនួបនេះមិនមែននិយាយតែអំពីអាកាសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែជា​ការ​បង្ហាញ​ពីការបន្តពង្រឹងភាពជាដៃគូសេដ្ឋកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

ការកើនឡើង​នៃការ​តភ្ជាប់អាកាសចរណ៍ ​និង​ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ​គឺជាកត្តា​សំខាន់សម្រាប់​ការ​ទាក់​ទាញ​ភ្ញៀវទេសចរ វិនិយោគិន និងពាណិជ្ជកម្មអន្តរជាតិ។​

​លោក ស៊ីន ចាន់សិរីវុត្ថា ​បញ្ជាក់ថា ​លទ្ធផលដ៏សំខាន់បំផុតនៃជំនួបនេះ មិនមែនស្ថិតនៅត្រឹម​តែកិច្ចព្រមព្រៀង ឬគម្រោងវិនិយោគណាមួយនោះទេ ប៉ុន្តែស្ថិតនៅលើការទទួលស្គាល់ជាអន្តរជាតិ (International Recognition) និងទំនុកចិត្ត(Confidence) ដែលដៃគូអន្តរជាតិដ៏សំខាន់​មួយដូច​ជា​សហរដ្ឋអាមេរិក ​បានបង្ហាញចំពោះទិសដៅអភិវឌ្ឍន៍ ​និង​សក្តានុពលរបស់កម្ពុជា។

​ការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអាកាសយានដ្ឋានអន្តរជាតិតេជោ និងការសម្រេចបាន Open Skies Agreement គឺជាសញ្ញាបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាជាគោលដៅដ៏មានស្ថិរភាព​ និងកំពុង​បន្ត​ដើរទៅមុខក្នុងមាគ៌ាដ៏ត្រឹមត្រូវក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ស្តង់ដារអន្តរជាតិ ពង្រឹងការតភ្ជាប់សកល និង​លើកកម្ពស់ភាពប្រកួតប្រជែងរបស់ខ្លួនក្នុងតំបន់ និងលើឆាកអន្តរជាតិ។

​លើសពីនេះ លទ្ធផលនៃជំនួបនេះក៏បានឆ្លុះបញ្ចាំងពីការកើនឡើងនៃភាពជឿជាក់របស់វិនិយោគិន និងដៃគូអភិវឌ្ឍន៍អន្តរជាតិចំពោះវិស័យអាកាសចរណ៍ និងបរិយាកាសវិនិយោគរបស់កម្ពុជា ដែល​នឹង​រួមចំណែកជំរុញ​​កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងភស្តុភារកម្មក្នុង​រយៈពេលវែង។

​ ​វាគឺជាជំហានវិជ្ជមានដ៏សំខាន់មួយទៀតក្នុងដំណើររបស់កម្ពុជាឆ្ពោះទៅកាន់ការប្រែក្លាយខ្លួនទៅជាមជ្ឈ មណ្ឌលអាកាសចរណ៍ និងភស្តុភារកម្មតំបន់ (Regional Aviation and Logistics Hub) ដែលមាន​សមត្ថភាព​តភ្ជាប់កម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក កាន់តែទូលំទូលាយ។

​​លទ្ធផលនៃជំនួបនេះបានឆ្លុះបញ្ចាំងពីការរីកចម្រើនជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ព្រមទាំងការកើនឡើងនៃទំនុកចិត្ត និងការទទួលស្គាល់​កាន់តែខ្ពស់​ចំពោះសក្តានុពល និងទិសដៅអភិវឌ្ឍន៍របស់កម្ពុជា។​

​លទ្ធផលទាំងនេះមិនត្រឹមតែបង្ហាញពីការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកគាំទ្រដល់ចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា ក្នុងការកសាងវិស័យ​អាកាស​ចរណ៍ដែលមានភាពទំនើប ប្រកួតប្រជែង មានចីរភាព និងមានសមត្ថភាពជំរុញកំណើន​សេដ្ឋកិច្ចជាតិ ព្រមទាំងពង្រឹងការតភ្ជាប់ជាមួយតំបន់ និងសកលលោកកាន់តែទូលំទូលាយ។

តាមរយៈការបង្កើតក្របខ័ណ្ឌអាកាសចរណ៍ ដែលមានភាពបើកចំហ តម្លាភាព និងអាចព្យាករបាន  កិច្ចព្រមព្រៀង Open Skies នេះនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការពង្រីក និងពង្រឹង​ការតភ្ជាប់ ផ្លូវអាកាស​រវាងកម្ពុជា និងទីផ្សារសំខាន់ៗរបស់សហរដ្ឋអាមេរិក តាមរយៈការអភិវឌ្ឍ​សេវាដឹកជញ្ជូនផ្លូវអាកាសត្រង់នាពេលអនាគត នៅពេលមានលក្ខខណ្ឌពាណិជ្ជកម្ម និងទីផ្សារសម​ស្រប ក៏ដូចជាការពង្រីកការតភ្ជាប់តាមរយៈជើងហោះហើរតភ្ជាប់ (Connecting Services) កិច្ចព្រមព្រៀង Codeshare និងភាពជាដៃគូរវាងក្រុមហ៊ុនអាកាសចរណ៍។

​ក្នុងរយៈពេលវែង កិច្ចព្រមព្រៀង Open Skies នេះនឹងរួមចំណែកពង្រឹងការតភ្ជាប់ផ្នែកទេសចរណ៍ ពា​ណិជ្ជកម្ម វិនិយោគ និង​ភស្តុភារកម្មអន្តរជាតិ ​ព្រមទាំងគាំទ្រដល់ចក្ខុវិស័យរបស់កម្ពុជា ក្នុងការ​អភិវឌ្ឍខ្លួនឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ (Aviation Hub) ទេសចរណ៍ ពាណិជ្ជកម្ម និង​ភស្តុភា​រកម្មដ៏សំខាន់មួយនៅក្នុងតំបន់ ​និង​លើឆាកអន្តរជាតិ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម