ព័ត៌មានជាតិ
ចិន នឹងបន្តផ្តល់ជំនួយ ជាសម្ភារៈវេជ្ជសាស្រ្ដបន្ទាន់ ជូនកម្ពុជា តម្លៃជាង២០លានយ័ន
ក្នុងពេលឆាប់ៗនេះ រដ្ឋាភិបាលចិន នឹងបន្តផ្ដល់ជំនួយជាសម្ភារៈបន្ទាន់ ជូនរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាត នៃជំងឺកូវីដ-១៩។ នេះបើតាមការឲ្យដឹង ពីស្ថានទូតចិនប្រចាំកម្ពុជា។
ស្ថានទូតចិនប្រចាំកម្ពុជា បានសរសេរ នៅលើទំព័រហ្វេសប៊ុកផ្លូវការ របស់ខ្លួនកាលពីថ្ងៃម្សិលមិញថា ចាប់តាំងពីមានការផ្ទុះឡើង នូវជំងឺវីរុសកូវីដមក ចិន និងកម្ពុជា បានជួយគ្នាទៅវិញទៅមក និងរួមគ្នាជម្នះរាល់ការលំបាកទាំងឡាយ ហើយបង្កើតបានជាគម្រូសម្រាប់កិច្ចសហប្រតិបត្តិការ ទប់ស្កាត់ជំងឺវីរុស ក្នុងសហគមន៍អន្តរជាតិ។ ប្រភពដដែល បានឲ្យដឹងទៀតថា ចាប់តាំងពីដើមឆ្នាំ២០២១នេះ រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាំងកូវីដ ដល់កម្ពុជាសរុប១៨.៧លានដូស។ ក្នុងនោះ៣.២លានដូស ជាជំនួយឥតសំណង និង១៥.៥លានដូស ជាការបញ្ជាទិញរបស់ភាគីកម្ពុជា។

ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា «ក្នុងពេលឆាប់ៗនេះ ភាគីចិន នឹងផ្តល់ជំនួយជាសម្ភារៈបន្ទាន់ ជូនភាគីកម្ពុជា សម្រាប់កិច្ចទប់ស្កាត់ជំងឺវីរុស ដែលមានតម្លៃសរុបជាង២០លានយ័ន។ ក្នុងនោះរួមមាន ម៉ាស៊ីនអុកស៊ីសែនសម្រាប់វេជ្ជសាស្រ្ត ម៉ាស៊ីនជំនួយដកដង្ហើម និងសម្លៀកបំពាក់ការពារជាដើម ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស»។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ វ៉ាក់សាំងចិនស៊ីណូហ្វាម ចំនួន១លានដូស បន្ថែមទៀតដែលជាជំនួយ របស់រដ្ឋាភិបាលចិន ជូនរាជរដ្ឋាភិបាលកម្ពុជា បានមកដល់រាជធានីភ្នំពេញ។ នេះជាជំនួយវ៉ាក់សាំងលើកទី៥ របស់ភាគីចិនជូនមកកម្ពុជា។
បើតាមស្ថានទូតចិន ចិននិងកម្ពុជា គឺជាបងប្អូនល្អប្រៀបដូចដៃ និងជើង និងជាមិត្តភក្តិល្អ ក្នុងសហគមន៍វាសនារួម។ ភាគីចិន នឹងបន្តធ្វើជាកម្លាំងគាំទ្រ យុទ្ធសាស្ត្រដ៏រឹងមាំ និងជាបង្អែកយុទ្ធសាស្ត្រវ៉ាក់សាំង សម្រាប់កម្ពុជា និងគាំទ្រមិនងាករេ ដល់កិច្ចការងារប្រយុទ្ធប្រឆាំង ជំងឺវីរុសនៅកម្ពុជា។ ដរាបណាជំងឺវីរុសកូវីដនៅកម្ពុជា មិនទាន់បញ្ចប់ ការផ្តល់ជំនួយរបស់ចិនមកកម្ពុជា ក៏មិនអាចបញ្ឈប់បានឡើយ៕ (ដោយ)៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


