Connect with us

ព័ត៌មានជាតិ

តំណាង​កម្ពុជានៅ​ហ្សឺណែវ​៖ ​ការទាមទារ​ដោះលែង បុគ្គលណាម្នាក់ ស្មើនឹងការប្រមាថលើ​ឯក រាជ្យភាព នៃប្រព័ន្ធតុលាការកម្ពុជា​​

បានផុស

នៅ

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ​នៅ​ទីក្រុងហ្សឺណែវ បាន​ប្រាប់ទៅអ្នករាយការណ៍ពិសេសមួយក្រុមតូច​ថា ​ការទាមទាររបស់អ្នករាយការណ៍ពិសេស ឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងបុគ្គលណាម្នាក់ គឺស្មើនឹងការប្រមាថ ទៅលើប្រព័ន្ធបែងចែកអំណាច និងឯករាជ្យភាព នៃប្រ​ព័ន្ធតុលាការកម្ពុជា ​ដែល​ត្រូវ​បានធានា​ ដោយ​រដ្ឋធម្មនុញ្ញរបស់ប្រទេស និង​ទៅលើអធិបតេយ្យជាតិ។​

​ប្រតិកម្មរបស់លោក អាន សុខខឿន ឯកអគ្គរាជទូត និង​ជា​តំណាង​អចិន្រៃ្តយ៍​កម្ពុជា ​ប្រចាំ​ទីក្រុង​ហ្សឺណែវ​ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍​មួយ ដែលទើបទទួលបាននៅថ្ងៃទី៣ ខែកញ្ញានេះ និងបន្ទាប់ពី​អ្នករាយការណ៍ពិសេសមួយក្រុមតូច ​​​បានអំពាវនាវឲ្យកម្ពុជាដោះលែងក្មេងប្រុស​ម្នាក់​ ដែលអះអាងថា មានជំងឺអូទី ស្សឹម ហើយត្រូវបានឃុំខ្លួនបណ្តោះអាសន្ន អស់រយៈពេលជាង ២ខែមក។​

ចំពោះការលើកឡើងនេះ ស្ថាន​តំណាងកម្ពុជា​​ច្រានចោលទាំងស្រុង និងអះអាងថា ជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ហើយថាការចោទប្រកាន់ របស់អ្នករាយការណ៍ពិសេសខាងលើ មកលើអាជ្ញាធរកម្ពុជា តាម រយៈការអត្ថាធិប្បាយ បែបនយោបាយូបនីយកម្ម ដោយជ្រើស​រើស​តែមួយជ្រុង ជាការបង្កឲ្យមានការភ័ន្តច្រឡំ ដល់សាធារណជន។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អាន សុខខឿន​​ លើកឡើងថា​ ការនិយាយយោង ទៅលើសាវតារនយោបាយ របស់គ្រួសារជនជាប់ ចោទ គឺបានចង្អុលបង្ហាញពីការប៉ុនប៉ង ធ្វើនយោបាយូបនីយកម្ម លើរឿងក្តីនេះ។ ការចូលរួមជា​មួយគណ បក្សនយោបាយ និងអង្គការសង្គមស៊ីវិលណាមួយ ពុំមែនជាអភ័យឯកសិទ្ធិ សម្រាប់បំពានច្បាប់ ដោយនិទណ្ឌភាពឡើយ។ នៅកម្ពុជា ការចោទប្រកាន់ ចំពោះបុគ្គលណាម្នាក់ គឺផ្អែកលើបទល្មើស ដែលបានប្រព្រឹត្ត និងមានចែងនៅក្នុងច្បាប់ ពុំមែនផ្អែកលើថា តើពួកគេស្ថិតក្នុងក្រុមណាមួយនោះឡើយ។

ដោយសំអាងលើភស្តុតាងរឹងមាំ និងស៊ីសង្វាក់ ការចោទប្រកាន់ទាំងអស់ ត្រូវបានធ្វើឡើងស្របតាមមាត្រា ៤៩៤ ៤៩៥ និង៥០២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានតាក់តែងឡើងដោយមានជំនួយបច្ចេកទេសពីអ្នកជំនាញ នៃប្រទេសលោកខាងលិច។

លោក អាន សុខខឿន ​អះអាងថា តុលាការកម្ពុជា ជំនុំជម្រះក្តីដោយសំអាង លើភស្តុតាងរឹងមាំជាក់ស្តែង រួមទាំងលិខិតបញ្ចាក់វេជ្ជសាស្ត្រ អះអាងពីស្ថានភាពសុខភាពជាក់លាក់ ពុំមែនផ្អែកលើពាក្យចចាម​អារ៉ាមឡើយ ។ រាល់ការចោទប្រកាន់ និងការអនុវត្តនីតិវិធី គឺស្របតាមច្បាប់ទាំងស្រុង ដូចជាមាត្រា២១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌរបស់កម្ពុជា ពាក់ព័ន្ធនឹងការឃុំខ្លួនបណ្តោះអាសន្ន ចំពោះអនីតិជន។ ការទាមទាររបស់អ្នករាយការណ៍ពិសេស ឲ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែងបុគ្គលណាម្នាក់ គឺស្មើនឹងការប្រមាថ ទៅលើប្រព័ន្ធបែង ចែកអំណាច និងឯករាជ្យភាព នៃប្រព័ន្ធតុលាការកម្ពុជា ដែលត្រូវបានធានា ដោយរដ្ឋធម្មនុញ្ញរបស់ប្រទេស និងទៅលើអធិបតេយ្យជាតិ។

ម្យ៉ាងទៀត ការ​ថ្លែង​អះអាងថា ជនជាប់ចោទ «ត្រូវបានសួរចម្លើយដោយគ្មានមេធាវីការពារក្តី» បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការធ្វេសប្រហែសផ្នែកវិជ្ជាជីវៈ របស់អ្នករាយការណ៍ពិសេស ក្នុងការត្រួតពិនិត្យឲ្យបានត្រឹមត្រូវលើប្រភពព័ត៌មាន។ កំហុសនេះនឹងអាចបញ្ចៀសបាន ប្រសិន​បើពួកគាត់ប្រកាន់យកវិធីសាស្រ្ត ធ្វើការផ្ទៀងផ្ទាត់ព័ត៌មានដែលទទួលបាន មុននឹងប្រញាប់ប្រញាល់ចេញផ្សាយ សេចក្តីប្រកាសព័ត៌មាន ក្រោមហេតុផលជាក់លាក់ណាមួយនោះ។

​បើតាមលោក អាន សុខខឿន ​អ្នករាយការណ៍ពិសេសទាំងនោះ មិនធ្លាប់ទាល់តែសោះ ក្នុង​ការ​លើកទឹកចិត្តឲ្យមានការបែងចែកឲ្យបានច្បាស់ នៃការបញ្ចេញមតិដោយសេរី ពីវោហារសព្ទដែលបង្កគ្រោះថ្នាក់។ វិធីសាស្រ្តបែបនេះ របស់អ្នករាយការណ៍ពិសេស គឺងាកចេញពីគន្លង​វិធីសាស្រ្តរបស់លោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលបាន​សង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយនិងសម្តីស្អប់ខ្ពើម គឺជាការវាយប្រហារលើគោលតម្លៃនៃបទដ្ឋាន និងគោលការណ៍សិទ្ធិមនុស្ស។

ជំនួសឲ្យការប្រើប្រាស់ វិធីសាស្រ្តបញ្ចេញឈ្មោះ ដើម្បីបន្ទោសបង្អាប់ អ្នករាយការណ៍ពិសេស គប្បីជួយដល់ រដ្ឋក្នុងការដោះស្រាយបញ្ហា នៃការប្រើប្រាស់វោហារសព្ទ ដែលបង្កគ្រោះថ្នាក់ នៅលើប្រព័ន្ធអ៊ីនធឺណិត ដែលកំពុងគំរាមកំហែង ដល់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ទូទាំងសកលលោក។

លោក អាន សុខខឿន ​បញ្ជាក់ថា អ្នករាយការណ៍ពិសេស ត្រូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ «ក្រមសីលធម៌ និងសៀវភៅណែនាំប្រតិបត្តិការសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស» ដែលគូសបញ្ជាក់ពីសារៈសំខាន់ នៃការចងក្រងព័ត៌មានពិត ដែលបានផ្ទៀងផ្ទាត់ត្រឹមត្រូវ និងការគោរព​បទប្បញ្ញត្តិក្នុងស្រុក និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ មានតែការអនុវត្តប្រកប ​ដោ​យ​ការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ឲ្យបានហ្មត់ចត់ ស្របតាមពិធីសារខាងលើប៉ុណ្ណោះ ទើបអាចធ្វើឲ្យបណ្ដារដ្ឋទាំងអស់ និងប្រទេសកម្ពុជា អាចរក្សាបាននូវទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការ ជាមួយនឹងយន្តការនេះ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម