ព័ត៌មានជាតិ
សហជីពព្រួយបារម្ភការឆ្លង រាលដាលកូវីដ ក្រោយបើកខារ៉ាអូខេ ក្លឹបកម្សាន្ដ ឌីស្កូតែកឡើងវិញ
សហជីព ដែលធ្វើការងារពាក់ព័ន្ធ នឹងវិស័យសេវាកម្មកម្សាន្ដ នៅមានការព្រួយបារម្ភ ជុំវិញការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រោយពីរាជរដ្ឋាភិបាល បានប្រកាសអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ដ រង្គសាល-ឌីស្កូតែក ឡើងវិញ។
លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករ-និយោជិតវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១ ខែធ្នូនេះថា ចំពោះការអនុញ្ញាតឲ្យបើកឡើងវិញ នូវសេវាកម្មកម្សាន្ដទាំងនោះ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការដំណើរការសង្គម-សេដ្ឋកិច្ច ហើយសម្រាប់លោកមិនមានអ្វី ដែលត្រូវលើកឡើងនោះទេ។ ប៉ុន្តែក្នុងនាមជាមេសហជីព ដែលធ្វើការងារក្នុងវិស័យនេះមួយរូប លោកបានបង្ហាញការព្រួយបារម្ភ ពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបប្លែងថ្មីតែម្ដង។
លោក ម៉ម រិទ្ធី លើកឡើងថា «ខ្ញុំនៅតែមានការព្រួយបារម្ភថា ក្នុងការបើកហ្នឹង គឺវានឹងធ្វើឲ្យមានផលប៉ះពាល់ សម្រាប់ការឆ្លងរីករាលដាលកាន់តែខ្លាំង ហើយមេរោគហ្នឹង វាកាន់តែបប្លែងខ្លួនទៅមួយផ្នែក ដូចពេលបច្ចុប្បន្ននេះ ខ្ញុំឃើញបប្លែងខ្លួនទៅជាស្អីថ្មីមួយទៀត ចឹងខ្ញុំព្រួយបារម្ភរឿងហ្នឹងថា អាចមានផលប៉ះពាល់ខ្ពស់»។
ចំពោះការបើកឡើងវិញនេះ មេសហជីពវិស័យសេវាកម្មកម្សាន្ដ បានអំពាវនាវដល់ម្ចាស់អាជីវកម្ម កម្មករ-និយោជិត និងភ្ញៀវដែលចូលទៅទីតាំងកម្សាន្ដនោះ ត្រូវបន្តមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសត្រូវបន្តចូលរួមទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលកំពុងបន្តកើតមាននៅឡើយ នៅក្នុងប្រទេសកម្ពុជា។
គួរកត់សម្គាល់ថា ក្រោយពីផ្អាកដំណើរការអាជីវកម្ម លើវិស័យសេវាកម្មកម្សាន្ដ ដោយសារការរាតត្បាតជំងឺកូវីដ-១៩ អស់រយៈពេលជាច្រើនខែមកនេះ គឺកម្មករ-និយោជិត ដែលធ្វើការងារពាក់ព័ន្ធក្នុងវិស័យនេះ បានត្រឡប់ទៅស្រុកកំណើតរបស់ពួកគេវិញ និងខ្លះទៀតបានទៅធ្វើការងារក្នុងវិស័យផ្សេង។
ទោះបីជារាជរដ្ឋាភិបាល បានបើកដំណើរការឡើងវិញ នូវអាជីវកម្មសេវាកម្មម្ហូបអាហារ តាំងពីដើមខែវិច្ឆិកា និងចុងក្រោយនេះ បើកដំណើរការសេវាកម្មកម្សាន្ដ ដូចជា៖ ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ដ រង្គសាល-ឌីស្កូតែកជាដើម ក៏កម្មករ-និយោជិត ដែលធ្វើការងារក្នុងវិស័យមួយនេះ មិនទាន់វិលត្រឡប់មកច្រើននោះដែរ។ នេះបើតាមការកត់សម្គាល់ របស់លោក ម៉ម រិទ្ធី ប្រធានសហព័ន្ធសហជីពកម្មករ-និយោជិតវិស័យទេសចរណ៍ និងសេវាកម្មកម្ពុជា។
លោកបានឲ្យដឹងថា «មកដល់ឥឡូវហ្នឹង យើងឃើញថា អត់ទាន់មានទេ អត់មានថាជាលក្ខណៈទ្រង់ទ្រាយដូចមុនទេ បានន័យថា នៅមានតិចតួចៗ តាមហាង ហើយលក្ខណៈលំដាប់ខារ៉ាអូខេ យើងឃើញថា វាមិនទាន់មានដំណើរការល្អដូចមុនទេ ឬមួយក៏បាន ៥០ភាគរយ ដូចពេលមុនទេ បានន័យថា វានៅកម្រិតទាប»។
យ៉ាងណាក៏ដោយ មេសហជីពរូបនេះ មិនមានតួលេខសរុបសម្រាប់កម្មករ-និយោជិត ដែលធ្វើការងារពាក់ព័ន្ធ នឹងវិស័យសេវាកម្មកម្សាន្ដនេះនោះទេ ដោយគ្រាន់តែដឹងថា អំឡុងពេលកូវីដ-១៩ រាតត្បាតខ្លាំង គឺអ្នកធ្វើការងារក្នុងវិស័យនេះកន្លងមក ក៏ជួបបញ្ហាប្រឈមផ្នែកជីវភាព មិនខុសទៅនឹងអ្នកធ្វើការងារ ក្នុងវិស័យកាត់ដេរនោះឡើយ។
សូមជម្រាបថា ក្រសួងទេសចរណ៍ នៅយប់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ បានជម្រាបជូនអភិបាលរាជធានី-ខេត្ត ជុំវិញការអនុញ្ញាតឲ្យបើកដំណើរការអាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ដ រង្គសាល-ឌីស្កូតែក និងម៉ាស្សាឡើងវិញ។ ការអនុញ្ញាតនេះ គឺយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១។
ក្រសួងទេសចរណ៍ បានឲ្យដឹងថា រាជរដ្ឋាភិបាល អនុញ្ញាតឲ្យបើកដំណើរការអាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ដ រង្គសាល-ឌីស្កូតែក និងម៉ាស្សា ឡើងវិញ ចាប់ពីថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២១តទៅ។
ប៉ុន្តែក្រសួងទេសចរណ៍ បានណែនាំថា មុននឹងបើក រដ្ឋបាលរាជធានី-ខេត្ត ត្រូវត្រួតពិនិត្យ និងវាយតម្លៃលក្ខណៈសម្បត្តិ របស់មូលដ្ឋានអាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ដ រង្គសាល-ឌីស្កូតែក និងម៉ាស្សា ឲ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមខ្លឹមសារលិខិត ចុះថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ និងតាមនីតិវិធីប្រតិបត្តិស្ដង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី របស់ក្រសួងទេសចរណ៍ លើមូលដ្ឋាននៃគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល។
ម្យ៉ាងទៀត ក្នុងដំណើរការអនុវត្ត ប្រសិនបើម្ចាស់អាជីវកម្មមិនអនុវត្ត បានត្រឹមត្រូវតាមវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ដ រង្គសាល-ឌីស្កូតែក និងអាជីវកម្មម៉ាស្សា រដ្ឋបាលរាជធានី-ខេត្ត ត្រូវចាត់វិធានការ ស្របតាមខ្លឹមសារលិខិត ចុះថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១ របស់ក្រសួងទេសចរណ៍ ឲ្យបានម៉ឺងម៉ាត់៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


