ព័ត៌មានជាតិ
សហជីពថា អតីតពលករដែលទទួលបានការងារក្នុងវិស័យវាយនភណ្ឌកាត់ដេរ គ្មានបំណងត្រឡប់ទៅថៃទេ
ភ្នំពេញ ៖ សហជីពធំៗនៅកម្ពុជាបានលើកឡើងថា អតីតពលករខ្មែរដែលទទួលបានការងារនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូប គ្មានគោលបំណងវិលត្រឡប់ទៅធ្វើការងារនៅប្រទេសថៃទៀតនោះទេ ដោយសារការងារក្នុងស្រុកមានសម្បូរបែប និងទទួលបានអត្ថប្រយោជន៍ច្រើនជាងនៅប្រទេសថៃ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជាបានថ្លែងថា អតីតពលករខ្មែរដែលទទួលបានការងារនៅក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល ធ្វើដំណើរនិងកាបូប មិនមានគោលបំណងណាមួយត្រឡប់ទៅធ្វើការងារនៅប្រទេសថៃដូចការលើកឡើងរបស់សង់ត្រាល់នោះទេ ដោយសារអត្ថប្រយោជន៍ដែលពួកគាត់ទទួលបានពីការងារក្នុងស្រុកមានច្រើនជាងធ្វើការងារនៅប្រទេសថៃ។
លោកបន្តថា បច្ចុប្បន្នកម្ពុជាមានរោងចក្រ ក្រុមហ៊ុន និងវិស័យសេវាកម្មកើនឡើង ដែលបង្កើតការងារច្រើនសម្រាប់ពលរដ្ឋ។ ការងារក្នុងស្រុកផ្តល់ប្រាក់ខែមានស្ថេរភាព មានធានារ៉ាប់រងសុខភាព និងអត្ថប្រយោជន៍ផ្សេងៗទៀត ហើយពួកគាត់អាចចៀសវាងហានិភ័យដូចជា ការបោកប្រាស់ ការជួញដូរមនុស្ស ឬបញ្ហាច្បាប់នៅស្រុកថៃ ជាពិសេសពួកគាត់អាចរស់នៅជាមួយគ្រួសារ មិនបែកបាក់ និងអាចថែទាំកូនចៅបានល្អជាង។
ថ្នាក់ដឹកនាំសហជីពរូបនេះបញ្ជាក់ថា៖«ទន្ទឹមលើការទទួលបានអត្ថប្រយោជន៍ទាំងនេះ គឺរាជរដ្ឋាភិបាលកម្ពុជា កំពុងលើកទឹកចិត្ត ការបង្កើតវិធានការ និងកិច្ចអន្តរាគមន៍ជាច្រើន ដើម្បីបង្កើនឱកាសការងារ កិច្ចគាំពារសង្គម និងការអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ គឺធ្វើយ៉ាងណាបង្កើតការងារ ពង្រឹងសមត្ថភាពពលរដ្ឋ និងពង្រីកការផលិតក្នុងការធានាស្ថេរភាពសេដ្ឋកិច្ចជាតិ»។
ចំពោះលោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា (CWPUC)បានថ្លែងថា លោកបានសួរនាំពីគោលបំណងរបស់អតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃជាច្រើននាក់ដែរ ប៉ុន្ដែពួកគាត់ឆ្លើយដូចៗគ្នាថា គ្មានបំណងត្រឡប់ទៅវិញទេ បើទោះបីជាស្ថានភាពនៃទំនាក់ទំនងរវាងប្រទេសទាំងពីមានប្រក្រតីភាពឡើងវិញក៏ដោយ។

លោកបន្តថា ពួកគាត់ធ្លាប់ប្រឈមនឹងបញ្ហាជាច្រើនដូចជា ការបោកប្រាស់ ការងារមិនស្របច្បាប់ រីឯពលករខ្លះមិនមានឯកសារត្រឹមត្រូវ អាចមានបញ្ហាជាមួយអាជ្ញាធរ ឬត្រូវផាកពិន័យ និងការចាប់ខ្លួនជាដើម។ ករណីខ្លះមានការងារលំបាក ម៉ោងធ្វើការងារច្រើន ប្រាក់ខែមិនសមស្រប ឬមិនទទួលបានអត្ថប្រយោជន៍គ្រប់គ្រាន់ ជាពិសេសត្រូវឃ្លាតឆ្ងាយពីគ្រួសារដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងសតិអារម្មណ៍ក្នុងគ្រួសារផងដែរ។

លើសពីនេះ លោកថា៖«ខ្ញុំបានឃើញរបាយការណ៍របស់សង់ត្រាល់ដែរ ប៉ុន្ដែវាមិនឆ្លុះបញ្ចាំងពីការពិតនោះទេ ព្រោះខ្ញុំក៏បានស្ទង់មតិ ឬក៏សួរនាំកម្មករដែលជាអតីតពលករដែរ គឺពួកគាត់ប្រាប់ខ្ញុំថា ពួកគាត់នឹងមិនទៅធ្វើការងារនៅស្រុកថៃទៀតទេ ព្រោះការងារនៅស្រុកយើងក៏សម្បូរបែបដែរ ហើយគ្មានបារម្ភពីសុវត្ថិភាពអ្វីទេ ធ្វើការងារនៅស្រុកយើង ជួយអភិវឌ្ឍន៍ស្រុកទេសយើងដែរ»។

លោក រ៉ាវី បានអំពាវនាវដល់អតីតពលករខ្មែរកុំវិលត្រឡប់ទៅប្រទេសថៃវិញ ហើយស្វែងរកការងារនៅក្នុងប្រទេសកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅរង់ចាំផ្ដល់ឱកាសការងារគ្រប់ពេលវេលា ព្រមទាំងមានលេខទូរសព្ទសម្រាប់ទំនាក់ទំនង ១២៩៧ ដើម្បីទទួលបានឱកាសការងារសមរម្យ៕

-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


