ព័ត៌មានជាតិ
ប្រមុខកាតទូតកម្ពុជា សម្តែងការសោកស្តាយចំពោះមរណភាពរបស់សមាជិកក្រុមដោះមីនកម្ពុជា ៣ នាក់ និងកណ្ដុរម៉ាកាវ៉ា
ប្រមុខកាទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះមរណភាព របស់ក្រុមដោះមីនកម្ពុជា ៣ នាក់ ដែលបានទទួលមរណភាព ខណៈចុះបំពេញបេសកម្ម នៅឃុំសែនតេជោ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងការស្លាប់របស់កណ្តុរ ម៉ាកាវ៉ា (Magawa) ដែលជាកណ្តុររាវមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដ៏ពូកែ។

តាមរយៈហ្វេសប៊ុករបស់ខ្លួន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងថា ក្នុងនាមជាពលរដ្ឋកម្ពុជាម្នាក់ ដែលបានហែលឆ្លងកាត់សោកនាដកម្មនៃសង្គ្រាម លោកពិតជាមានកិត្តិយសដ៏ធំធេង ដែលបានបម្រើប្រទេសកំណើតរបស់ខ្លួនក្នុងសកម្មភាពកម្ចាត់មីន អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមក។


លោកថា “ខ្ញុំមានសេចក្តីសោកសង្រេងដែលទើបបានដឹងពីមរណភាពរបស់សមាជិកក្រុមដោះមីនកម្ពុជា៣នាក់ នៅខេត្តព្រះវិហារ និងម៉ាកាវ៉ា ដែលជាវីរកណ្តុររាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង១០០គ្រាប់ ក្នុងអំឡុងពេលបេសកកម្ម។ ហើយវាក៏ជារឿងមួយដ៏សោកសៅផងដែរ ពេលដែលខ្ញុំនឹកឃើញដល់បងប្អូនខ្មែរស្លូតត្រង់ និងវីរជនដោះមីនទាំងឡាយ ដែលបានស្លាប់បាត់បង់ជីវិត និងរងរបួសដោយសារគ្រាប់មីន និងកាកសំណល់សង្គ្រាម។ សមានចិត្ត និងការបន់ស្រន់របស់ខ្ញុំ នឹងស្ថិតនៅជាមួយក្រុមគ្រួសារក៏ដូចជាមិត្តភក្តិរបស់ជនរងគ្រោះគ្រប់រូប”។
គួររំលឹកថា មន្ត្រីដោះមីនចំនួន ៣ នាក់ នៃអង្គការដោះមីនកម្ពុជា (CSHD) កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ បានពលីជីវិតដោយការផ្ទុះមីនតោន ក្នុងកិច្ចប្រតិបត្តិការប្រមូល និងកម្ទេចគ្រាប់ ក្នុងភូមិសាស្ត្រភូមិសែនតេជៈ ឃុំសែនតេជោ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខណៈដែលពួកគាត់បានបម្រើការងារបោសសម្អាតមីនមនុស្សធម៌រយៈពេលជិត ១០ ឆ្នាំ។ ជនរងគ្រោះទាំង ៣ រូបនេះ គឺលោក ស៊ុន វង្ស, លោក ម៉ា ស៊ីម៉េត និងលោក ម៉ន ចក់ ។

ចំណែកសត្វកណ្តុរយក្សអាហ្វ្រិក ដែលមានឈ្មោះថា ម៉ាហ្គាវ៉ា (Magawa) ដែលទទួលបានមេដាយមាសក្នុងនាមជា HeroRAT សម្រាប់បេសកកម្មហិតមីននៅកម្ពុជា ក៏បានបាត់ជីវិតផងដែរ ពោលគឺប៉ុន្មានខែប៉ុណ្ណោះ ក្រោយការចូលនិវត្តន៍ពីបេសកកម្មដោះមីននៅកម្ពុជាអស់រយៈពេល ៥ ឆ្នាំ។ នេះបើតាមការផ្សាយរបស់អង្គការ APOPO ។

រយៈពេល៥ ឆ្នាំកន្លងមកនេះ ម៉ាហ្គាវ៉ា បានរួមចំណែករុករកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាង៧១គ្រាប់នៅកម្ពុជា ជាពិសេសក្នុងខេត្តសៀមរាប និងព្រះវិហារ។ ដោយចាប់កំណើតនៅតង់ហ្សានីក្នុងខែវិច្ឆិកា ឆ្នាំ ២០១៤ កណ្តុរម៉ាហ្គាវ៉ា ទទួលបានការបណ្តុះបណ្តាលពីជំនាញ ហិតមីន ពីសំណាក់ក្រុមអ្នកជំនាញ នៃអង្គការបែលហ្ស៊ិក APOPO។ ម៉ាហ្គាវ៉ា មកដល់កម្ពុជានៅឆ្នាំ ២០១៦ ហើយបំពេញបេសកកម្មនៅសៀមរាប ឧត្តរមានជ័យ និងព្រះវិហារ។
កាលពីឆ្នាំ ២០២០ កន្លងមក កណ្តុរហិតមីនក្រោមការគ្រប់គ្រងរបស់អង្គការស៊ីម៉ាក់ និងអង្គការ APOPO បែលហ្ស៊ិកមួយនេះ ទទួលបានមេដាយមាសការងារពីអង្គការសប្បុរសធម៌សត្វព្រៃ (PDSA) នៃចក្រភពអង់គ្លេស៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


