ព័ត៌មានអន្ដរជាតិ
អតីតនាយករដ្ឋមន្រីកូរ៉េខាងត្បូងបានស្លាប់ បន្ទាប់ពីព្យាបាលនៅវៀតណាម
អតីតនាយករដ្ឋមន្រីកូរ៉េខាងត្បូង លោក Lee Hae-chan ស្លាប់នៅវៀតណាម ដោយសារជំងឺ បន្ទាប់ពីលោកសម្រាកព្យាបាលនៅទីក្រុងហូជីមិញ។ នេះបើតាមក្រសួងការបរទេសវៀតណាម។

យោងតាមសារព័ត៌មាន VN Express, អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បាននិយាយថា អាជ្ញាធរវៀតណាម បានធ្វើការយ៉ាងជិតស្និទ្ធក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីធានាថា លោក Lee ទទួលបានការថែទាំសុខភាពយ៉ាងដិតដល់និងប្រកបដោយប្រសិទ្ធភាព ប៉ុន្តែនៅទីបំផុត លោកបានស្លាប់ដោយសារជំងឺផ្ទាល់ខ្លួន។
លោកស្រី បានបន្ថែមថា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) និងថ្នាក់ដឹកនាំវៀតណាមផ្សេងទៀត បានផ្ញើសាររំលែកទុក្ខដល់រដ្ឋាភិបាលកូរ៉េខាងត្បូង និងក្រុមគ្រួសាររបស់លោក Lee ផងដែរ។
ចំណែក ទីភ្នាក់ងារសារព័ត៌មាន Yonhap News Agency របស់កូរ៉េខាងត្បូង បានដកស្រង់សម្តីមន្ត្រីម្នាក់ដូចនិយាយថា៖«លោក Lee មានអាយុ ៧៣ឆ្នាំ លោកមានរោគសញ្ញាដូចជំងឺផ្តាសាយ មុនពេលចាកចេញទៅប្រទេសវៀតណាមនៅថ្ងៃទី ២២ខែមករា។ ស្ថានភាពជំងឺរបស់លោកកាន់តែអាក្រក់ឡើង ខណៈលោកត្រៀមត្រឡប់ទៅកូរ៉េខាងត្បូងវិញនៅថ្ងៃបន្ទាប់»។
បើត្រឡប់ទៅក្រោយបន្តិច លោក Lee ជាអ្នកនយោបាយជើងចាស់ម្នាក់ កើតចេញពីចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់កូរ៉េខាងត្បូង អំឡុងពេលនៃការគ្រប់គ្រងដោយយោធា និងបានប្រឡូកក្នុងនយោបាយតាមរយៈសកម្មភាពនិស្សិត និងសកម្មភាពប្រឆាំងនានា។
លោកបានជាប់ឆ្នោតជាសមាជិកសភាជាតិលើកដំបូងក្នុងឆ្នាំ ១៩៨៨ ហើយបានបន្តកាន់តំណែងជាសមាជិកសភាចំនួន ៧អាណត្តិ។
មិនតែប៉ុណ្ណោះ លោក Lee ក៏បានបម្រើការជារដ្ឋមន្ត្រីក្រសួងអប់រំផងដែរ ដែលលោកបានដឹកនាំកំណែទម្រង់ដ៏ធំទូលាយ ត្រូវបានគេស្គាល់ថាជា «ជំនាន់ Lee Hae-chan»។ ក្រោយមកលោកបានបម្រើការងារជានាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងពីឆ្នាំ២០០៤ ដល់ឆ្នាំ ២០០៦ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Roh Moo-hyun ។
គួរឱ្យដឹងផងដែរថា លោក Lee Hae-chan ជាអតីតនាយករដ្ឋមន្ត្រីទី៣៦ នៃប្រទេសកូរ៉េខាងត្បូង និងជាអនុប្រធានជាន់ខ្ពស់នៃក្រុមប្រឹក្សាបង្រួបបង្រួមសន្តិភាព (PUAC) ផងដែរ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


