Connect with us

ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជាស្រុកឱរ៉ាល់ បានដាក់បេក្ខជនចូលរួមការបោះឆ្នោតឃុំ សង្កាត់រួចរាល់អស់ហើយ

បានផុស

នៅ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានចាប់ផ្តើមចុះឈ្មោះបេក្ខជនចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ហើយ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ។ ចំណែក គណបក្សប្រជាជនកម្ពុជានៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក៏បានបញ្ជូន និងចុះឈ្មោះបេក្ខជនរបស់ខ្លួនគ្រប់ឃុំទាំង៥រួចហើយដែរគិតមកដល់ពេលនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 លោក យឿន យឿត អនុប្រធានក្រុមការងារចុះជួយស្រុកឱរ៉ាល់ និងជាប្រធានក្រុមការងារចុះជួយឃុំតាសាល បានឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា  គ្រប់បណ្តាការិយាល័យរៀបចំការបោះឆ្នោតនៅតាមឃុំទាំងអស់នៃស្រុកឱរ៉ាល់ បានចាប់ផ្តើមទទួលការចុះឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។ លោក អះអាងថា គណបក្សប្រជាជនកម្ពុជា ក៏បានចុះឈ្មោះបេក្ខជនរបស់ខ្លួនទាំងពេញសិទ្ធ និងបម្រុងចំនួន៦០រូបរួចរាល់ហើយដែរ ដោយបេក្ខជនទាំងអស់នោះសុទ្ធតែមានសមត្ថភាព និងឆន្ទៈ មនសិការបម្រើប្រជាជន និងផលប្រយោជន៍រួមទាំងអស់។

បើតាម យឿន យឿត ការចុះឈ្មោះបេក្ខជន ដើម្បីចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅថ្ងៃសុក្រនេះ គឺបេក្ខជនទាំងអស់របស់គណបក្សប្រជាជនកម្ពុជា នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានគោរពតាមនីតិវិធីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ហើយប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការមានចំនួនជិត១០លាននាក់។ ការិយាល័យដំណើរការរៀបចំការបោះឆ្នោតវិញ មានចំនួនជាង២ម៉ឺនការិយាល័យនៃឃុំ-សង្កាត់នៅទូទាំងប្រទេសសរុបចំនួន ១៦៥២ឃុំ-សង្កាត់៕

ដោយ ៖​ វណ្ណ សុគន្ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម