ព័ត៌មានជាតិ
វិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍នៅមិនទាន់ដោះស្រាយបញ្ចប់នៅឡើយទេ
រហូតមកដល់រសៀលថ្ងៃទី ២១ ខែមីនានេះ វិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍មិនទាន់ដោះស្រាយបញ្ចប់នៅឡើយទេ ខណៈដែលភាគីកម្មករនិយោជិត និងភាគីក្រុមហ៊ុនសន្យាថា នឹងបន្តដោះស្រាយវិវាទនេះនៅរសៀលថ្ងៃទី ២៣ ខែមីនាឆ្នាំ២០២២ជាបន្តទៀត។

សេចក្តីជូនដំណឹងអំពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍របស់ក្រសួងការងារ បានឱ្យដឹងថា នៅរសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២ នេះក្រសួងបានបន្តដឹកនាំកិច្ចប្រជុំសម្របសម្រួល វិវាទការងារវាងអតីតបុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍ ជាលើកទី៤ ដែលកិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានរបស់លោក ទេស រុក្ខាផល អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ក.ប. តំណាងកម្មករចូលរួមប្រជុំនេះមានដូចជា លោកស្រី ឈឹម ស៊ីថរ លោកស្រី ឈឹម សុខន លោកស្រី រី សុវណ្ណឪ លោកស្រី សុន ស្រីពេជ្រ និងលោកស្រី ហៃ សុភាព។
ចំណែកតំណាងនិយោជកមានលោក Hein Dames លោក ហយ វលាភ លោកស្រី ឌី សីហា លោកស្រី រស់ ប៊ុនឡេង និងលោកស្រី ចន្ទ រក្សា។

ភាគីនិយោជិតបានស្នើឱ្យលើកយកចំណុចទាមទារយកចូលធ្វើការវិញ មកពិភាក្សាមុននឹងឈានទៅពិភាក្សាចំណុច វិវាទផ្សេងទៀត ដោយស្នើឱ្យនិយោជកផ្តល់ចម្លើយតបចំពោះការទាមទារនេះ។ ប្រសិនបើភាគីនិយោជកមិនព្រមយកចំណុចនេះមកពិភាក្សាគ្នាទេ នឹងនាំឱ្យការចរចានេះ ជាប់គាំងបន្តទៀត។
រហូតមកដល់ពេលនេះ នៅសល់កម្មករនិយោជិតប្រហែល ២០០នាក់ ដែលបន្តទាមទារយកចូលធ្វើការវិញ ខណៈដែលម្មករនិយោជិតកំពុងធ្វើការប្រហែល ៣០០នាក់ យល់ព្រមលាឈប់ ពីការងារ ដើម្បីធ្វើការដោះដូរជាមួយកម្មករនិយោជិតប្រហែល២០០នាក់ ដែលទាមទារចូលធ្វើការវិញ។

ជម្រើសនេះ អាចឱ្យនិយោជកសម្រេចគម្រោងកាត់បន្ថយបុគ្គលិករបស់ខ្លួនផង និងអាចឱ្យកម្មករនិយោជិតដែលទាមទារចូលធ្វើការវិញ អាចចូលធ្វើការវិញផងដែរ។ ដូច្នេះ ស្នើឱ្យភាគីនិយោជកពិចារណាអំពីជម្រើសនៃការដោះដូរ កម្មករនិយោជិតនេះ។
ភាគីនិយោជិត មានការសោកស្តាយ ដែលភាគីនិយោជកមិនជជែកពីជម្រើសនៃដំណោះស្រាយនៃការដោះដូរ។ តំណាងកម្មករនិយោជិត នឹងបន្តដាក់សំណើនេះជាលាយលក្ខណ៍អក្សរទៅភាគីនិយោជក ដើម្បីទទួលបានចម្លើយ បន្ថែមទៀត។ប្រសិនបើភាគីនិយោជកមិនមានដំណោះស្រាយទៅនឹងសំណើដោះដូរទេ ភាគីតំណាងកម្មករនិយោជិត នឹងមិនអាចមកចូលរួមប្រជុំបន្តទៀតទេ។

ចំណែកតំណាងក្រុមហ៊ុន ណាហ្គាវើលដ៍បានស្នើលើកយកចំណុចវិវាទទី៣ និងទី៤ នៃសេចក្តីបង្គាប់អាជ្ញាកណ្តាលលេខ០១២/២១ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មកជជែកជាមុន ដែលវានឹងផ្តល់អត្ថប្រយោជន៍ច្រើនដល់បុគ្គលិកភាគច្រើន ជាជាងចំណុច ទី១ ដែលពាក់ព័ន្ធតែក្រុមបុគ្គលិកមួយចំនួនតូច។
ប៉ុន្តែប្រសិនបើភាគីតំណាងកម្មករនិយោជិតនៅតែបន្តលើក យកចំណុចវិវាទទី១ មកពិភាក្សាមុន ភាគីនិយោជកយល់ព្រមពិភាក្សា។
ក្នុងគម្រោងរៀបចំរចនាសម្ព័ន្ធផ្ទៃក្នុង ក្រុមហ៊ុនបានត្រួតពិនិត្យអំពីលក្ខខណ្ឌជាច្រើន និងជាក់លាក់ ហើយក្រុមហ៊ុនប្រើឆន្ទានុសិទ្ធិរបស់ខ្លួនក្នុងការសម្រេចដោយឆ្លងកាត់ការប្រឹក្សាយោបល់តាមច្បាប់ស្តីពីការងារ។
រីឯការលើកឡើងរបស់ភាគីតំណាងកម្មករនិយោជិត មានន័យហាក់ដូចជាសហជីពចង់ដើរតួជាអ្នកទទួលខុស ត្រូវអំពីដំណើរការអាជីវកម្មជំនួសក្រុមហ៊ុនទៅវិញ។
បច្ចុប្បន្ននេះ មានកម្មករនិយោជិតដែលកំពុងបម្រើការងារប្រហែល ៦០០នាក់ នៅតែជាចំនួនដែល លើសពីតម្រូវការជាក់ស្តែង។ ដូចនេះ ប្រសិនបើអ្នកទាំង ៣០០នាក់ ដែលចង់លាឈប់នោះ អាចសម្រេចចិត្ត ដាក់ពាក្យលាឈប់បាន ហើយក្រុមហ៊ុននឹងទូទាត់ប្រាក់បំណាច់តាមការលាឈប់ពីការងារដោយស្ម័គ្រចិត្ត។
ដូច្នេះហើយ ទើបភាគីនិយោជកនៅតែចង់លើកយកចំណុចផ្សេងទៀត ដែលមានក្នុងសេចក្តីបង្គាប់អាជ្ញាកណ្តាល មកពិភាក្សា ព្រោះវាមានអត្ថប្រយោជន៍មិនត្រឹមតែចំពោះកម្មករនិយោជិតដែលត្រូវបានបញ្ឈប់ទេ តែក៏មាន អត្ថប្រយោជន៍ចំពោះកម្មករនិយោជិតដែលកំពុងធ្វើការផងដែរ។
ចំពោះជម្រើសនៃការដោះដូររវាងកម្មករនិយោជិតដែលចង់លាឈប់ពីការងារ និងកម្មករនិយោជិតដែល ទាមទារចូលធ្វើការវិញ គឺភាគីនិយោជកនឹងមិនពិចារណាទេ។
ក្រោយពីការពិភាក្សាគ្នាយ៉ាងផុសផុល និងការធ្វើបទបង្ហាញអំពីទិដ្ឋភាពច្បាប់ពាក់ព័ន្ធនឹងការទូទាត់ប្រាក់ បំណាច់បញ្ចប់កិច្ចសន្យាការងាររបស់អធិការការងារ ភាគីទាំងពីរបានឯកភាពគ្នាកំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី។
បើទោះបីជាមិនទាន់មានការឯកភាពគ្នាក៏ក្រសួងការងារ នឹងបន្តធ្វើការសម្របសម្រួល និងកំណត់កាលបរិច្ឆេទ ប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីដែលកំណត់ដោយច្បាប់ ក៏ដូចជាការទាមទាររបស់គូភាគី។
ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។
យោងតាមនីតិវិធីច្បាប់ ប្រសិនបើការចរចានៅតែមិនអាចមានដំណោះស្រាយបាន នីតិវិធីបន្ទាប់ គឺភាគីទាំងពីរអាចដាក់ពាក្យបណ្តឹងទៅតុលាការដើម្បីរកដំណោះស្រាយចុងក្រោយ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


