ព័ត៌មានជាតិ
អាជ្ញាធររាជធានីត្រៀមរួចជាស្រេចនូវដំណើរសង្ក្រាន្ត៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំ
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំនេះ នឹងប្រព្រឹត្តទៅតាមដំណើរសង្ក្រាន្តថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០និង០០នាទីព្រឹក រហូតដល់ថ្ងៃទី១៦ខែមេសា ព្រះនាម កិរិណីទេវី ។
ជុំវិញពិធីបុណ្យប្រពៃណីនេះ អាជ្ញាធររាជធានីភ្នំពេញត្រៀមរួចរាល់ទាំងរៀបចំការតុបតែងរាជធានី ការធ្វើពិធីសាសនា ,ការរៀបចំអោយមានការលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងកិច្ចការពាររក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយសង្គម និងសណ្តាប់ធ្នាប់ឱ្យបានល្អទាំងមុន ក្រោយ និងអំឡុងពេលពិធីបុណ្យនេះផងដែរ។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ គ.ស.២០២២ ព្រះនាម កិរិណីទេវី នឹងប្រព្រឹត្តទៅ តាមដំណើរសង្ក្រាន្ត នាថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១០និង០០នាទីព្រឹកជាថ្ងៃចូលឆ្នាំថ្មី , ថ្ងៃសុក្រ ១៤កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃវ័នបត, ថ្ងៃសៅរ៍ ១៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២ ជាថ្ងៃឡើងស័ក គម្រប់សង្ក្រាន្ត ០៣ថ្ងៃ ចប់ដោយបរិបូណ៌ និងចូលឆ្នាំខាល ចត្វាស័ក តរៀងទៅ។

រដ្ឋបាលរាជធានីបានត្រៀមរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងពិធីទទួលទេវតាឆ្នាំថ្មី នៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ។ ចំពោះមន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងបណ្តាញវិទ្យុ និងស្ថានីយវិទ្យុ-ទូរទស្សន៍ប៉ុស្តិ៍លេខ៣ រាជធានីភ្នំពេញ ចុះធ្វើសកម្មភាពយកព័ត៌មាន ថតរូប ថតទូរទស្សន៍នូវរាល់សកម្មភាព ទិដ្ឋភាព ជាក់ស្ដែងនាថ្ងៃបុណ្យទាំងពិធីខាងសាសនា និងទាំងពិធីខាងប្រពៃណីជាតិ ដូចជា សកម្មភាព លេងល្បែងប្រជាប្រិយគ្រប់ប្រភេទតាមតំបន់នីមួយៗ ហើយធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជូនប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិ ទស្សនា និងយល់ជ្រួតជ្រាបតីពិធីបុណ្យប្រពៃណីជាតិ។

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តាមការណែនាំពីអាជ្ញាធររាជធានី បានរៀបចំតុបតែងលម្អបំភ្លឺភ្លើងតាមបណ្ដា សួនច្បារ និងតាមដងផ្លូវឱ្យបានព្រោងព្រាត ដំឡើងរបាកាត់ទទឹងផ្លូវនៅមហាវិថីសំខាន់ៗ ដើម្បី ចូលរួមអបអរសាទរពិធីបុណ្យ លាងសម្អាតផ្លូវតាមបណ្តាមហាវិថី និងវិថីសំខាន់ៗ ដើម្បីធានារក្សា បរិស្ថាន និងសោភណភាពស្រស់ស្អាត ព្រមទាំងរៀបចំដាក់ធុងសំរាម និងបង្គន់អនាម័យចល័ត នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងទីតាំងសាធារណៈនានា ឱ្យបានគ្រប់គ្រាន់ និងសមស្របតាមទំហំទីតាំង។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបញ្ជាការដ្ឋានយោធភូមិភាគពិសេស ត្រូវរៀបចំ និងអនុវត្តផែនការការពាររក្សាសន្តិសុខ សុវត្ថិភាព របៀបរៀបរយសង្គម និងសណ្តាប់ធ្នាប់ឱ្យបានល្អទាំងមុន ក្រោយ និងអំឡុងពេលពិធីបុណ្យ ដើម្បីធានាឱ្យប្រជាពលរដ្ឋបានចូលរួមពិធីបុណ្យប្រកបដោយសុវត្ថិភាព និងភាពសប្បាយរីករាយ នៅគ្រប់ទីកន្លែង។ ជាមួយគ្នានេះ ត្រូវបង្កើនការយកចិត្តទុកដាក់ និងជួយសម្រួលចរាចរណ៍ នៅតំបន់គោលដៅដែលមានការកកស្ទះខ្លាំង។ ដោយឡែក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវចាត់តាំងក្រុមពន្លត់អគ្គិភ័យ និងត្រៀមរថយន្តពន្លត់អគ្គិភ័យឱ្យបានគ្រប់គ្រាន់ ដើម្បីប្រចាំការជួយសង្គ្រោះបន្ទាន់ នៅពេលមានបញ្ហាគ្រោះអគ្គិភ័យណាមួយកើតឡើងជាយថាហេតុ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


