កីឡា
វិភាគភាពខ្លាំងរបស់ ពេជ្រ សម្បត្តិ មុនប៉ះ ធន់ ផានិត ថ្ងៃអាទិត្យនេះ
អ្នកប្រដាល់គុនខ្មែរកំពុងល្បីឈ្មោះ ពេជ្រ សម្បត្តិ នឹងត្រូវប្រកួតជាមួយ ធន់ ផានិត ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រខ្សែក្រវាត់ភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវ វេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី២ ខែតុលា ខាងមុខនេះនៅសង្វៀនបាយ័នស្ទឹងមានជ័យ។

ធន់ ផានិត លេចមុខក្នុងពិភពប្រដាល់គុនខ្មែរយូរឆ្នាំជាង ពេជ្រ សម្បត្តិ ដែលទើបតែល្បីក្នុងអន្តរកាលកូវីដ-១៩ពីរឆ្នាំចុងក្រោយនេះ ប៉ុន្តែបើនិយាយពីប្រជាប្រិយភាពវិញ អ្នកទាំងពីរមិនចាញ់គ្នាប៉ុន្មានឡើយ ហើយកំពុងលេចធ្លោឈានមុខគេក្នុងចំណោមជើងខ្លាំងគុនខ្មែរ។
ពេជ្រ សម្បត្តិ អាយុ១៩ឆ្នាំ កម្ពស់១.៦៥ម៉ែត្រ ទម្ងន់៦០គីឡូក្រាមមានស្រុកកំណើតនៅភូមិកណ្តាល ឃុំ ពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ រូបគេមានបទពិសោធប្រកួតលើសង្វៀន៤២ដង ក្នុងនោះឈ្នះ៣២ដង ចាញ់៧ដង និងស្មើ៤ដង ហើយធ្លាប់ផ្តួលដៃគូឲ្យសន្លប់២២ដង។ ជាកូនសិស្សរបស់លោកគ្រូ ពេជ្រ សុផាន់ ស្ថិតក្នុងក្លឹបចលនាយុវជនកម្ពុជា១៥៧គុនខ្មែរ។

សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុខ្សែក្រវាត់នេះ ពេជ្រ សម្បត្តិ ធ្វើបានល្អជាងគេក្នុងចំណោមបេក្ខភាពទាំង៤រូបឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ បើកឆាក រូបគេចាញ់ពិន្ទុ ទួនប៉េ ទាំងចម្រូងចម្រាស ប៉ុន្តែផ្តួលដៃគូឲ្យសន្លប់២លើក និងឈ្នះដោយពិន្ទុ១លើក។
៤ប្រកួតវគ្គសន្សំពិន្ទុ
- ប្រកួតទី១ ចាញ់ ទួនប៉េ ដោយពិន្ទុ
- ប្រកួតទី២ ផ្តួល រ៉ាក់ថែ ឲ្យសន្លប់ទឹកទី២
- ប្រកួតទី៣ ឈ្នះ ផាត់ថាណា ដោយពិន្ទុ
- ប្រកួតទី៤ ផ្តួល ផេតម៉េម៉ៃ ឲ្យសន្លប់ទឹកទី២

អាវុធពិឃាត
ពេជ្រ សម្បត្តិ មានកណ្តាប់ដៃជាអាវុធពិឃាត។ រូបគេតែងតែផ្តួលដៃគូឲ្យសន្លប់តាមរយៈកណ្តាប់ដៃដែលមានទម្ងន់ លឿនរហ័ស ច្បាស់ និងមានប្រសិទ្ធភាព។ ក្រៅពីកណ្តាប់ដៃ រូបគេក៏អាចប្រើកែងបានល្អដែរ ជាក់ស្តែងការប្រកួតចុងក្រោយផ្តួល ផេតម៉េតម៉ៃ ដោយកែងឲ្យសន្លប់ក្នុងទឹកទី២។ ចំណែកទាត់ និងជង្គង់មិនសូវពូកែទេ។
ចំនុចប្រុងប្រយ័ត្នចំពោះ ធន់ ផានិត
ពេជ្រ សម្បត្តិ ចាញ់ប្រៀបកម្ពស់ ធន់ ផានិត ដែលមានកម្ពស់១.៧០ម៉ែត្រ។ ដោយមានប្រៀបខាងកម្ពស់ ធន់ ផានិត ជាកីឡាករដែលពូកែទាត់ និងឡើងជង្គង់ ដូច្នេះជាកន្លែងដែល សម្បត្តិ ត្រូវប្រុងប្រយ័ត្នជានិច្ច។ លើសពីនេះទៀត ធន់ ផានិត ក៏ពូកែចេញកែងថែមទៀត។

ស្មារតីប្រយុទ្ធ
ពេជ្រ សម្បត្តិ ជាកីឡាករដែលមានស្មារតីប្រយុទ្ធក្លាហាន និងមិនញញើតដៃគូឡើយ។ រាល់ពេលឡើងសង្វៀនរូបគេកម្រដើរថយក្រោយ និងទប់ការពារណាស់។ ផ្ទុយទៅវិញរូបគេដើរចូលវ៉ៃ និងតទល់ជាមួយដៃគូជានិច្ច។ ស្មារតីប្រយុទ្ធនេះដូចគ្នាទៅនឹង ធន់ ផានិត ដែរ ដូច្នេះច្បាស់ណាស់គឺកក្រើកហើយ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


