Connect with us

ព័ត៌មានជាតិ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំ UN ៖ ចំណាត់ការចំពោះសារព័ត៌មានបំពានច្បាប់ មិនសមនឹងទទួលបានការព្រួយបារម្ភអ្វីទាំងអស់

បានផុស

នៅ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (UN) និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដោយបានបង្ហាញការសោកស្ដាយ ដែលអ្នករាយការណ៍ពិសេស ៣រូប បានធ្វើសេចក្តីអត្ថាធិប្បាយដោយលម្អៀង និងមានការរើសអើង ពាក់ព័ន្ធនឹងការបិទវិទ្យុ VOD ដែលទទួលបានជំនួយពីបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសព័ត៌មានផ្សព្វផ្សាយនៅថ្ងៃទី ២១ ខែកុម្ភៈ បានសរសេរថា ជាការគួរឲ្យសោក​ស្ដាយដែលអ្នករាយការណ៍ពិសេស ៣រូប បានធ្វើសេចក្តីអត្ថាធិប្បាយដោយលម្អៀង និងមានការរើសអើង ពាក់ព័ន្ធ​នឹងការបិទស្ថានីយវិទ្យុ ដែលទទួលមូលនិធិពីបរទេស។ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបញ្ជាក់ថា ចំណាត់ការរដ្ឋបាលចំពោះអង្គភាពដែលបំពានច្បាប់ មិនសមនឹងទទួលបានការព្រួយបារម្ភអ្វីទាំងអស់។

អ្វីដែលគួរឲ្យព្រួយបារម្ភនោះ គឺការផ្សាយព័ត៌មានមិនពិត និងការបង្កាច់បង្អួចដោយចេតនា ដែលគ្រប់ប្រទេសទាំងអស់តែងតែថ្កោលទោស។ អង្គភាពសារព័ត៌មានមួយនេះ បានចូលរួមផ្សព្វផ្សាយព័ត៌មានមិនពិត និងបំភ្លៃកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ស្តីពី ការផ្ដល់ជំនួយមនុស្សធម៌។

សេចក្ដីប្រកាសព័ត៌មានដដែល បានសរសេរបន្តថា ការលើកឡើងដោយលម្អៀងរបស់អ្នករាយការណ៍ពិសេសនេះ បានមើលរំលងការពិតមិនអាចប្រកែកបាន ដែលមណ្ឌលផ្សព្វផ្សាយនោះបានរំលោភបំពានវិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងកិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានបដិសេធមិនកែប្រែកំហុស ដោយអនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ ស្តីពី របប សារព័ត៌មាន។

មាត្រា ១០ (ខ) នៃច្បាប់នេះ ចែងថា “ក្នុងករណីបុគ្គលសារធារណៈ គ្រប់ការពោលអះអាង ឬការទម្លាក់កំហុសដែលអ្នកសារព័ត៌មានយកមកចុះផ្សាយដោយផ្ទាល់ ឬយកមកចុះផ្សាយបន្តខុសពីការពិតដោយចេតនាអាក្រក់ប្រឆាំងនឹងបុគ្គលសាធារណៈនោះ គឺជាការប្រមាថ និងត្រូវបានហាមឃាត់”។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ការចោទប្រកាន់ដែលថា វិធានការនេះនឹងលែងឲ្យមានប្រព័ន្ធផ្សព្វផ្សាយសេរីប្រតិបត្តិការ នៅក្នុងប្រទេស គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងមានលក្ខណៈនយោបាយខ្ពស់។ សេរីភាពនៃការបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាបន្តរស់រវើក និងប្រកបដោយថាមវ័ន្ដ។

ក្នុងនោះ ប្រជាជនទូទៅកំពុងទទួលបានសិទ្ធិអំណាច ក្នុងការទទួលបានសេវាអ៊ីនធឺណិតចល័តដោយគ្មានការរំខាន ក្នុងតម្លៃចំណាយទាបបំផុតក្នុងតំបន់។ សំឡេងរបស់ពួកគេ ត្រូវបានពង្រីកបន្ថែមដោយវត្តមានដ៏រឹងមាំនៃប្រព័ន្ធផ្សព្វផ្សាយទាំងឌីជីថល និងប្រពៃណីជិត ២០០០ អង្គភាព រួមទាំងសារព័ត៌មានដែលធ្វើការទិតៀន ដែលសុទ្ធតែទទួលបាននូវការធានា ការសម្ងាត់នៃប្រភព និងដោយគ្មានការពិនិតផ្ទៀងផ្ទាត់ជាមុន។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ទៀតថា ការអះអាងថា ជាសារព័ត៌មាន “ឯក រាជ្យ” មិនមែនជាអាជ្ញាប័ណ្ណដើម្បីបំពានច្បាប់ដោយ និទណ្ឌភាព ឬដើម្បីគេចវេសពីការទទួលខុសត្រូវ និងគណនេយ្យភាពឡើយ។ ចំណាត់ការស្របច្បាប់ចំពោះវិទ្យុមិនគោរពវិជ្ជាជីវៈនេះមិនធ្វើឲ្យចុះខ្សោយសេរីភាពសារព័ត៌មានដ៏រស់រវើកនៅកម្ពុជាទេ តែផ្ទុយទៅវិញ គឺជាការរួមចំណែកដល់ការពង្រឹងវិជ្ជាជីវៈសារព័ត៌មាន។

ជាមួយគ្នានេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ដែរថាកម្ពុជាគាំពារសារព័ត៌មាន ដែលប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ មិនរំលោភសិទ្ធិរបស់អ្នកដទ និងមិនបំភ្លៃការពិត ហើយកម្ពុជាប្តេជ្ញារៀបចំការបោះឆ្នោតជាតិខាងមុខនេះ ឲ្យប្រព្រឹត្តិទៅដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ ដែលឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវឆន្ទៈរបស់ប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា៣ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៦ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម