ព័ត៌មានជាតិ
អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ
នេះជាការអំពាវនាវរបស់លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក្នុងឱកាសអញ្ជើញនាំទៀនព្រះវស្សា ព្រមទាំងទេយ្យទាន ទេយ្យវត្ថុ ជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាស ទូទាំងខេត្តប៉ៃលិន នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

លោកស្រី បាន ស្រីមុំ បានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គ គណៈកម្មការអាចារ្យវត្ត និងពុទ្ធបរិស័ទទាំងអស់ ដែលសម្ដេចតែងតែគិតគូរ អំពីការលើកកម្ពស់ វិស័យព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ និងជាមូលដ្ឋានគ្រឹះ នៃសីលធម៌សង្គមខ្មែរ។ លោកស្រី អភិបាលខេត្ត បានមានប្រសាសន៍បន្តថា ការចុះប្រគេនទៀនព្រះវស្សានេះ មិនត្រឹមតែ ជាការចូលរួមចំណែក ក្នុងពិធីបុណ្យប្រពៃណីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញ ពីការយកចិត្តទុកដាក់ របស់អាជ្ញាធរខេត្ត ចំពោះព្រះពុទ្ធសាសនា និងការលើកកម្ពស់នូវតម្លៃសាសនា វប្បធម៌ និងប្រពៃណីជាតិ នៅក្នុងខេត្តប៉ៃលិន។

លោកស្រីអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ការចូលរួមនេះ មានសារៈសំខាន់ណាស់ ក្នុងការរក្សាបាន នូវអត្តសញ្ញាណជាតិ និងសេចក្ដីសុខសាន្ត របស់សង្គម។ ជាមួយគ្នានេះលោកស្រី ក៍បានជំរុញឲ្យប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមគន្លងធម៌ ស្របតាមពាក្យទូន្មានរបស់ព្រះសម្មាសម្ពុទ្ធ ដើម្បីរួមចំណែកកសាងសង្គមជាតិមួយដែលមានការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសុខដុមរមនាផងដែរ។

បើតាមព្រះវិជ្ជារតនញាណ ក្តៀង សារ៉ាត់ ព្រះបាទ្បាត់គណខេត្តប៉ៃលិន និងជាព្រះចៅអធិការវត្តរតនសោភ័ណ ហៅវត្តកោងកាង មានថេរៈដីការថា៖ បុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យ ដ៏សំខាន់មួយ ក្នុងព្រះពុទ្ធសាសនា ដែលជាពេលវេលា សម្រាប់ព្រះសង្ឃគង់ចាំវស្សាអស់រយៈពេល ៣ ខែ ចាប់ពីថ្ងៃ ១រោច ខែអាសាឍ រហូតដល់ថ្ងៃ ១៥កើត ខែអស្សុជ។ ក្នុងអំឡុងពេលចាំវស្សា ព្រះសង្ឃ មានពេលវេលាច្រើន ក្នុងការសិក្សាព្រះធម៌វិន័យ ឱ្យបានស៊ីជម្រៅ និងបង្កើនការភាវនាធម៌។ ទៀនវស្សា គឺជាវត្ថុដ៏មានសារៈសំខាន់បំផុតមួយ សម្រាប់ព្រះពុទ្ធសាសនា ជាពិសេសក្នុងអំឡុងពេលចូលវស្សា។ ការប្រគេនទៀនវស្សា មានអត្ថប្រយោជន៍ជាច្រើន ទាំងសម្រាប់ព្រះសង្ឃ និងសម្រាប់ពុទ្ធបរិស័ទ៖ទី១.ទៀនវស្សាត្រូវបានប្រើប្រាស់សម្រាប់បំភ្លឺក្នុងកុដិ ក្នុងពេលដែលព្រះសង្ឃសិក្សាធម៌ ភាវនាធម៌ ឬធ្វើកិច្ចការសាសនាផ្សេងៗ នៅពេលយប់ ក្នុងអំឡុងពេលដែលពុំទាន់មានអគ្គិសនីប្រើប្រាស់ទូលំទូលាយដូចបច្ចុប្បន្ន។ នេះជានិមិត្តរូបនៃការបំភ្លឺផ្លូវចិត្ត និងផ្លូវធម៌។ទី២.ក្នុងរដូវវស្សា ព្រះសង្ឃ ត្រូវគង់ចាំវស្សាក្នុងវត្តរយៈពេល ៣ ខែ ដោយមិនអាចនិមន្ត ចេញទៅណាឆ្ងាយបានឡើយ។ ការមានទៀនវស្សាគ្រប់គ្រាន់ ជួយឱ្យព្រះសង្ឃ អាចបំពេញកិច្ចរបស់ខ្លួន បានត្រឹមត្រូវតាមពុទ្ធវិន័យ។ទី៣. សម្រាប់ពុទ្ធបរិស័ទ ការប្រគេនទៀនវស្សា ដល់ព្រះសង្ឃ គឺជាការធ្វើបុណ្យមួយ ដែលទទួលបានអានិសង្សយ៉ាងច្រើន។

គេជឿថា ការធ្វើបុណ្យ ដោយការប្រគេនពន្លឺ នឹងនាំមកនូវបញ្ញាស្មារតីភ្លឺស្វាង និងសេចក្តីសុខចម្រើនក្នុងជីវិត។ សរុបមក ការប្រគេនទៀនវស្សា មិនត្រឹមតែជាការជួយសម្រួល ដល់ការរស់នៅ របស់ព្រះសង្ឃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញនូវការគោរពប្រតិបត្តិ ការគាំទ្រ និងការចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា និងពង្រឹងវិស័យព្រះពុទ្ធសាសនានៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា លោកស្រីអភិបាលខេត្ត និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការ បានប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាទូទាំងខេត្តប៉ៃលិន ចំនួន ៣៥វត្ត ដោយក្នុង១វត្តៗទទួលបាន ៖ ទៀនព្រះវស្សា អង្ករ ទឹកសុទ្ធ ទឹកផ្លែឈើ ទឹកដោះគោ ទឹកត្រី ត្រីខ មី តែ ស្ករស និងបច្ច័យមួយចំនួនផងដែរ ៕
អត្ថបទ៖ សេង សុវណ្ណារិទ្ធ


-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


