ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ទូទាំងខេត្ត បន្តខិតខំថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនពលរដ្ឋឲ្យកាន់តែល្អប្រសើរ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងនូវការជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់ជាន់ថ្នាក់ទូទាំងខេត្ត បន្តខិតខំថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនពលរដ្ឋឲ្យកាន់តែល្អប្រសើរ ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្សផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តស្វាយរៀង ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលាខេត្តស្វាយរៀង នារសៀលថ្ងៃព្រហស្បតិ៍ ២ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣។

លោកជំទាវកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា ស្នាដៃ និងលទ្ធផលរបស់រដ្ឋបាលខេត្តស្វាយរៀងសម្រេចបាននោះ គឺពិតជារួមចំណែកក្នុងការថែរក្សាសុខសន្ដិភាព ស្ថិរភាពនយោបាយ ហើយរដ្ឋបាលខេត្តស្វាយរៀង ក៏បានខិតខំថែរក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៃសុវត្ថិភាពសង្គម ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្សផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្ដថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាគ្រប់គ្រងបាន និងឆ្លើយតបដោយប្រសិទ្ធភាព និងទាន់ពេលវេលានូវជំងឺឆ្លងរាតត្បាតជាសកលកូវីដ-១៩ ព្រមជាមួយការដាក់ចេញនូវវិធានការនានា ដើម្បីស្តារផលប៉ះពាល់ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ គ្រោះជំនន់ទឹកភ្លៀង និងវិបត្តិនានាជាសកល ធ្វើឲ្យសេដ្ឋកិច្ចជាតិស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងអត្រាកំណើនប្រមាណ ៥,២ ភាគរយ ក្នុងឆ្នាំ ២០២២ កន្លងទៅនេះ។

ក្នុងនាមរាជរដ្ឋាភិបាល លោកជំទាវ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ រស់នៅខេត្តស្វាយរៀង ដែលបានសហការចូលរួមថែរក្សា ការពារ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ហើយធានាបាននូវសុវត្ថិភាពយ៉ាងល្អប្រសើរ ហើយក៏ទទួលបានការកោតសរសើរដល់សមត្ថកិច្ចរបស់កម្ពុជា ក្នុងការថែរក្សាសន្តិសុខ។

ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបានខាងលើនេះ លោកជំទាវ ក៏បានកត់សម្គាល់នូវបញ្ហាប្រឈម ដែលនៅសេសសល់ រួមទាំងកិច្ចការងារសំខាន់នានាជាច្រើនទៀត ដែលត្រូវខិតខំបន្តពុះពារអនុវត្តឲ្យបានល្អ នៅក្នុងឆ្នាំ ២០២៣ នេះ ជាពិសេសធានាឲ្យបាននូវការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី ០៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ ឲ្យប្រព្រឹត្តិទៅប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ និងជោគជ័យ និងត្រូវរួមគ្នាសាងអំពើល្អ និងរួមគ្នាដោះស្រាយនូវសេវាសាធារណៈឲ្យបានទាន់ពេលវេលា រហ័ស និងមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


