Connect with us

កីឡា

គ្មានអ្វីបារម្ភទេ ឈឿង ល្វៃ វិលចូលជំរំ​ហ្វឹកហាត់​ជម្រើសជាតិវិញហើយ

បានផុស

នៅ

កីឡាករ​ប្រដាល់​គុន​ខ្មែរ និង​ឃីកបុកស៊ីងជម្រើស​ជាតិ​កម្ពុជា ឈឿង ល្វៃ បាន​វិល​ចូល​ជំរំ​ហ្វឹក​ហាត់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​វិញ​ហើយ បន្ទាប់​ពី​ប្រកួត​ជា​មួយ​កីឡាករ​ថៃ Sammy កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា នៅ​ខេត្ត​សៀមរាប ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។

ឈឿង ល្វៃ ត្រូវ​បានកីឡាករថៃ Sammy ទាត់​ឲ្យ​ខូច​ជើង​ក្រោម​រហូត​បោះ​ចោល​ការ​ប្រកួត​ក្នុង​ទឹក​ទី​៤ ប៉ុន្តែ​មុន​ពេល​ចាញ់​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បាន​វាយកែង និង​ទាត់​ផ្កាប់​ចាន​ឲ្យ​លោក​អាជ្ញា​កណ្តាល​ ជា រិទ្ធ ​រាប់​៨​ដល់​ទៅ​ពីរ​ដង​លើ​កីឡាករ​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ខូច​ជើង​ក្រោម​របស់ ឈឿង ល្វៃ ​​បាន​ធ្វើ​ឲ្យ​​អ្នក​គាំទ្រមួយ​ចំនួន​​ព្រួយ​បារម្ភ​ក្រែង​មាន​សភាព​ធ្ងន់​ធ្ងរ​​រំខាន​ដល់​ការ​ហ្វឹក​ហាត់​ក្នុង​ការ​ត្រៀម​ខ្លួន​សម្រាប់​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ។

ទោះ​បី​ជា​យ៉ាង​ណា លោក ហេង សុឃន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​ឃីក​បុក​ស៊ីង​កម្ពុជា​បាន​ប្រាប់សារព័ត៌មាន​កម្ពុជា​ថ្មី​​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មេសា ថា គ្មាន​អ្វី​ធ្ងន់​ធ្ងរ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ទេ។

លោក​បាន​បញ្ជាក់​ថា ៖«អត់អី​ទេ គាត់ (ឈឿង ល្វៃ) ​មក​​ជំរំ​ហ្វឹក​ហាត់​វិញ​ហើយ។ អត់​អី​ទេ កីឡា​តែង​តែ​មាន​ប៉ះ​ទង្គិច​តិច​តូច ហើយ​សហព័ន្ធ​បាន និង​កំពុង​ខិត​ខំ​មើល​ថែ​គាត់​ និង​ជម្រើស​ជាតិ​ផ្សេង​ទៀត។ យើង​បាន​យក​ចិត្ត​ទុកដាក់​ថែទាំ​តាំង​ពី​ស៊ីហ្គេម លើក​ទី​៣១​ នៅ​ប្រទេស​វៀតណាម»។

តាម​ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន កាល​ពី​យប់​ថ្ងៃ​ទី​១៦ ខែ​មេសា ស្នើ​ឲ្យ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ និង​ឃីក​បុក​ស៊ីង យក​ចិត្ត​ទុក​ដាក់ និង​ពិនិត្យ​មើល​​គ្រប់​អត្តពលិក​ជម្រើស​ជាតិ​ទាំង​អស់​​ ​ដែល​ត្រៀម​ស៊ីហ្គេម​ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ឡើង​ប្រកួត​ញឹក​ញាប់​ទៀត​ទេ​ដើម្បី​កុំ​ឲ្យ​កើត​មាន​បញ្ហា​ជា​យថា​ហេតុ​ណា​មួយ​​រំខាន​ដល់​ការ​ត្រៀម​ខ្លួន និង​ការ​ប្រកួត​ដែល​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម