ព័ត៌មានជាតិ
បណ្ឌិត យ៉ង សាំងកុមារ ៖ ការចុះកិច្ចសន្យាផលិតកម្មស្រូវស្ដង់ដា នឹងជួយជំរុញផលិតកម្មស្រូវនានានៅទូទាំងប្រទេស
លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មស្រូវស្ដង់ដា Sustainable Rice Platform (SRP) នឹងជួយជំរុញផលិតកម្មស្រូវនានានៅទូទាំងប្រទេស។

ការលើកឡើងនេះ គ្រាដែលលោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពីធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មស្រូវស្ដង់ដា Sustainable Rice Platform (SRP) រវាងក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវភូមិយើង និងសហភាពសហគមន៍កសិកម្មបាត់ដំបង នៅរោងម៉ាស៊ីនភូមិយើង ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣។

សូមជម្រាបថា កិច្ចសន្យាកសិកម្មនេះ គ្របដណ្ដប់លើផលិតកម្មស្រូវតាមស្ដង់ដា SRP ក្នុងឆ្នាំ ២០២៣ ដោយប្រើប្រាស់ប្រភេទពូជស្រូវផ្ការំដួល និងសែនក្រអូប ០១ ក្នុងបរិមាណសរុបចំនួន ៤,៥០០តោន។ មានសហគមន៍ចំនួន ៧ ជាសមាជិកសហភាពសហគមន៍បាត់ដំបង បានចូលរួមក្នុងការផលិតស្រូវចំណីស្តង់ដា SRPនេះ ដែលមានសមាជិកចំនួន ៣៧៤គ្រួសារ និងមានផ្ទៃដីផលិតកម្មចំនួន ១,៣៩២ហិកតា។

នៅក្នុងឱកាស លោកបណ្ឌិត យ៉ង សាំងកុមារ បានក្រើនរំលឹក និងសំណូមពរឲ្យភាគីពាក់ព័ន្ធបន្តសហការគ្នា និងស្មោះត្រង់នឹងគ្នាទៅវិញទៅមក។ លោកថា «ការចុះកិច្ចសន្យាកសិកម្មនៅថ្ងៃនេះ វាគ្រាន់តែជាការចាប់ផ្ដើមសាកល្បងតូចមួយប៉ុណ្ណោះ យើងត្រូវបន្តធ្វើការជាមួយគ្នាបន្តទៀត ក្នុងការតាមដាន ត្រួតពិនិត្យ និងអនុវត្តកិច្ចសន្យានេះឲ្យបានជោគជ័យ»។

លោកបណ្ឌិត បានបន្ថែមថា ភាពជោគជ័យនៃការសហការគ្នានេះ នឹងជួយជំរុញផលិតកម្មស្រូវនានានៅទូទាំងប្រទេស និងកសាងខ្សែច្រវាក់ផលិតកម្មស្រូវមួយ ដែលកសិករផលិតស្រូវនឹងទទួលបានទីផ្សារសម្រាប់ស្រូវរបស់ពួកគាត់។ រីឯរោងម៉ាស៊ីននឹងទទួលបានស្រូវគុណភាពល្អសម្រាប់កែច្នៃ ក្នុងខណៈដែលកសិករផលិតពូជ ក៏មានទីផ្សារសម្រាប់ពូជសុទ្ធរបស់ពួកគាត់ដែរ។ លើសពីនេះទៀត ផលិតកម្មតាមកិច្ចសន្យានេះ នឹងចូលរួមចំណែក្នុងការសម្រេចគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការនាំចេញអង្ករចំនួន ១លានតោន នាពេលខាងមុខ។

សូមបញ្ជាក់ថា ការចុះកិច្ចសន្យាលើផលិតកម្មស្រូវនេះ ត្រូវបានរៀបចំក្រោមការសម្របសម្រួលពីកម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរវិស័យកសិកម្មសម្រាប់ប្រទេសកម្ពុជាដំណាក់កាលទី ១ (WAT4CAM) នៃក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមការឧបត្ថម្ភគាំទ្រពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហគមន៍អឺរ៉ុបប្រចាំកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


