Connect with us

ព័ត៌មានជាតិ

មន្ត្រីកសិកម្មលើកឡើងថា កសិករចាំបាច់អនុវត្តវិធីសាស្ត្រចម្រុះ ដើម្បីកាត់បន្ថយការពឹងផ្អែកលើថ្នាំពុល

បានផុស

នៅ

លោក​បណ្ឌិត យ៉ង សាំង​កុមារ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ ២ ចំណុច​សំខាន់​ៗ ដើម្បី​លើក​ស្ទួយ​កសិកម្ម​ប្រកប​ដោយ​ចីរភាព កាត់​ជួយបន្ថយ ឬ​បំបាត់​ការ​ពឹងផ្អែក​លើថ្នាំពុល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យ៉ង សាំង​កុមារ ​មាន​ប្រសាសន៍​ថា ការប្រើប្រាស់​ថ្នាំពុលគីមី​លើ​ដំណាំស្រូវ​យ៉ាង​លើសលប់បានបង្កការ​ប្រឈម​យ៉ាង​ធ្ងន់ធ្ងរ​ដល់បរិស្ថាន គុណភាពដី សុខភាពដំណាំ ហើយ​ចុងក្រោយប៉ះពាល់​ដល់​ជីវភាព​របស់កសិករ។

ក្នុង​នោះ​ ដើម្បីលើកស្ទួយកសិកម្មប្រកបដោយចីរភាព និងការពារធនធានធម្មជាតិ កសិករ​គឺចាំបាច់​ត្រូវ​តែ​អនុវត្តន៍​នូវ​វិធីសាស្ត្រចម្រុះ ដែល​​ជួយបន្ថយ ឬបំបាត់ការពឹងផ្អែកលើថ្នាំពុល។

លោក​ថា នេះ​បាន​បង្ហាញ​ពីវិធានការ​ជាក់ស្តែងដែលផ្តោតលើការកែលម្អសុខភាពដី សុខភាពដំណាំ និងការរក្សា​តុល្យភាពបរិស្ថាន ដើម្បីបន្ថយការប្រើថ្នាំពុល ខណៈពេលដែលថែរក្សា ឬបង្កើនទិន្នផលស្រូវ និងប្រាក់​ចំណូលរបស់កសិករ។

​ទី​១ ជាវិធានការ​ដែលនាំ​ឱ្យ​មានការកាត់បន្ថយ ឬលែងបាញ់ថ្នាំស្មៅ កសិករ​ចាំ​បាច់​ត្រូវ​រៀបចំដី​ឱ្យបានល្អ ចាំស្មៅដុះខ្លះសិនចាំភ្ជួរ ដាក់ជីសរីរាង្គ​ទ្រាប់បាត​ដែលជួយ​ឱ្យដីល្អ និង​ដុះតែ​ស្មៅដែល​ស្រួលយកចេញឬងាយស្រួលកម្ចាត់។ មួយ​វិញ​ទៀត ត្រូវ​រៀបដី​ឱ្យស្មើ ដោយសារកន្លែងខ្ពស់មានស្មៅដុះ ត្រូវ​យកស្មៅចេញ​ដោយដៃនិងឧបករណ៍ជំនួយ បើចាំបាច់ត្រូវតែបាញ់ថ្នាំស្មៅគឺបាញ់​ឱ្យចំគោលដៅ។

ទី២ វិធានការដែលនាំ​​ឱ្យ​មាន​ការកាត់​បន្ថយ ឬអាចឈាន​ដល់ការឈប់​ប្រើថ្នាំសត្វល្អិត និងថ្នាំ​គីមី​ការពារ​ដំណាំ​ផ្សេង​ទៀត ក្នុង​នោះ​កសិករ​ចាំ​បាច់​ត្រូវ​តែ​ បង្កលក្ខ​ខណ្ឌ​ឱ្យឫសដំណាំ និងដំណាំ​ដុះលូតលាស់​បាន​ល្អតាម​វិធីសាស្រ្ត​កាត់បន្ថយ ឬឈប់ប្រើថ្នាំកសិកម្ម។

ជាក់ស្តែង ការមិនបាញ់ថ្នាំកសិកម្មក៏ជួយ​មិន​ឱ្យស្រូវរងនូវភាពពុល ដែលធ្វើ​ឱ្យស្រូវមានសុខភាពល្អ និង​នាំ​ឱ្យស្រូវដុះមកមានកម្លាំងពេញ។ មួយ​វិញ​ទៀត​ការព្រោះស្តើង ក៏​នាំ​ឱ្យស្រូវមានចន្លោះគុម្ពអាចលូតលាស់ឫស ទទួលបានទឹក ជី និងខ្យល់ហើយស្លឹកទទួលបានពន្លឺគ្រប់គ្រាន់ដែលនាំឲ្យស្រូវមានសុខភាពល្អ, ការទុក​ឱ្យមាន​ចង្អូរខ្វាត់ខ្វែង​ជួយកាត់​បន្ថយ​ការផ្ទុះឡើងកត្តាចង្រៃ ងាយស្រួលគ្រប់គ្រងទឹក និង​ងាយ​ស្រួលដើរ​ត្រួតពិនិត្យស្រែ។ ការទុកឱ្យស្រែមានទឹកតិចហើយមានស្ងួតសើម នាំ​ឱ្យមានខ្យល់ចូល​ក្នុងដីដែលជួយ​ឱ្យឫសដុះបានល្អ និងសត្វល្អិតក្នុងដី។

លោក ​បន្ថែម​ថា ការបង្កលក្ខខណ្ឌ​ឱ្យសត្វមាន​ប្រយោជន៍កើតមាន​ឡើងក្នុងស្រែជា​ពិសេសកង្កែប​ដែល​ជួយ​ការពារស្រូវ។ ការបាញ់ថ្នាំការពារ ដូចជា ថ្នាំពុលធម្មជាតិ ទឹកខ្មេះ អង្កាមជាដើម ជួយការពារស្រូវ​ដោយបណ្តេញសត្វល្អិតមិន​ឱ្យមកជិត ព្រម​ទាំង​ការចុះត្រួត​ពិនិត្យស្រែ​ឱ្យបានទៀងទាត់ដើម្បី​ចាត់វិធានការការពារទាន់ពេល និងកម្ចាត់ទាន់នៅតិចដោយប្រើប្រាស់វិធីសាស្រ្តមេកានិក និង​វិធីសាស្រ្ត​ផ្សេងទៀត​ដែល​មិនមែន​ជា​​ថ្នាំ​កសិកម្ម មិន​តែ​ប៉ុណ្ណោះ​ការបាញ់ថ្នាំកសិកម្មជាជម្រើសចុងក្រោយ ដោយបាន​ឱ្យ​ចំ​គោលដៅ និង​បាញ់តែ​ថ្នាំដែល​អនុញ្ញាត្តិ​ឱ្យប្រើ។

បើ​តាម​លោក​ យ៉ង សាំងកុមារ វិធានការទាំងអស់បើអនុវត្ត​ឱ្យ​បានត្រឹមត្រូវ និងផ្គុំចូលគ្នានឹង​ចូលរួម​ចំណែក​លើកស្ទួយ​សុខភាពដំណាំ និងការពារ​ដំណាំពីការ​បំផ្លាញដែល​ប៉ះពាល់ខ្លាំង​ដល់ផលិតកម្ម​ និង​ប្រាក់​ចំណូល​កសិករ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម