ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ សេរីភាពសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយនៅកម្ពុជា ត្រូវបានធានាការពារយ៉ាងពេញលេញ
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អះអាងថា សេរីភាពសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយនៅក្នុងប្រទេស កម្ពុជា ត្រូវបានធានាការពារយ៉ាងពេញលេញដោយច្បាប់ ស្ដីពី របបសារព័ត៌មាន និងស្របតាមរដ្ឋធម្មនុញ្ញ។

ការអះអាងនេះ គឺដើម្បីឆ្លើយតបទៅនឹងក្រុមអង្គការសមាគមសារព័ត៌មាន និងអង្គការសមាគមមិនមែនរដ្ឋាភិបាលជាង ១០ ដែលបានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ពាក់ព័ន្ធនឹងការប្រារព្ធខួបលើកទី ៣០ នៃទិវាសេរីភាពសារព័ត៌មាននៅឆ្នាំ ២០២៣នេះ កាលពីថ្ងៃទី ២ ខែឧសភា។
នៅក្នុងសេចក្ដីថ្លែងការណ៍នេះ អង្គការសមាគមទាំងនោះ បានស្នើដល់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធទាំងអស់ ធានាឲ្យបាននូវបរិយាកាសប្រកបដោយសេរីភាព សន្តិសុខ និងសុវត្ថិភាព សម្រាប់អ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មាន ក្នុងការបំពេញការងារវិជ្ជាជីវៈដោយមិនមានការរឹតត្បិត និងភ័យខ្លាច ជាពិសេសនៅមុន អំឡុងពេល និងក្រោយការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នៅខែកក្កដាខាងមុខនេះ។
លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ៣ ខែឧសភានេះថា ការចេញសេចក្តីថ្លែងការណ៍នេះ គឺគ្រាន់តែជាចេតនាក្នុងការទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន និងគ្រាន់តែដើម្បីកៀរគរនូវការគាំទ្រហិរញ្ញវត្ថុពីបណ្តាប្រទេសមួយចំនួន ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមរបស់ពួកគេ និងជាចេតនាបំភាន់សាធារណជនតែប៉ុណ្ណោះ។
លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា សេរីភាពសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយ ត្រូវបានធានាការពារយ៉ាងពេញលេញដោយច្បាប់ ស្ដីព របបសារព័ត៌មាន និងស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ផ្អែកលើស្មារតីនេះ អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានប្រកបដោយភាពចម្រុះ និងមានទស្សនៈគ្រប់និន្នាការ មានចំនួនកើនឡើងជាលំដាប់ ព្រមទាំងបាននិងកំពុងបំពេញតួនាទី ភារកិច្ច និងអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនយ៉ាងសកម្មក្នុងផ្សព្វផ្សាយ ឬរាយការណ៍ព័ត៌មាន ដោយសេរី គ្មានការរើសអើង ការរឹតត្បិត និងគ្មានគំរាមកំហែង គ្រប់ច្រកល្ហកនៅទូទាំងប្រទេសកម្ពុជា។
បន្ថែមពីនេះ បរិយាកាស និងលំហសេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានធានាការពារយ៉ាងគត់មុត និងនៅតែរក្សាភាពល្អប្រសើរ ស្របពេលដែលប្រទេសមួយចំនួន បានហាមប្រាមមន្រ្ដីសាធារណៈ បុគ្គលិកតាមស្ថាប័ន ឬអង្គភាពផ្សេងៗមិនឲ្យប្រើប្រាស់បណ្តាញសង្គមមួយចំនួនដូចជា Tik Tok ជាដើម ហើយក៏បានបិទប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៊ីផងដែរ។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ទៀតថា អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន គឺជាអ្នកប្រកបវិជ្ជាជីវៈមួយ ដែលត្រូវមានកាតព្វកិច្ច និងការទទួលខុសត្រូវដូចអ្នកប្រកបវិជ្ជាជីវៈដទៃទៀតដែរ។ ក្នុងន័យនេះ ប្រសិនបើអង្គភាពសារព័ត៌មាន ឬអ្នកសារព័ត៌មានណាមួយ ដែលប្រព្រឹត្តខុសក្រមសីលធម៌វិជ្ជាជីវៈ ខុសច្បាប់ គឺត្រូវទទួលខុសត្រូវចំពោះមុខច្បាប់នូវទង្វើ ឬសកម្មភាពដែលខ្លួនបានប្រព្រឹត្តខុស។
ដូច្នេះការអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ពុំមែនជាការធ្វើទុក្ខបុកម្និញដល់អ្នកសារព័ត៌មាន ឬអង្គភាពសារព័ត៌មាន ដូចការលើកលើងក្នុងសេចក្ដីថ្លែងការណ៍ របស់អង្គការសមាគមខាងលើនោះទេ។ ការអនុវត្តទោសទណ្ឌ រួមទាំងទោសព្រហ្មទណ្ឌចំពោះអ្នកសារព័ត៌មាន ឬអង្គភាពសារព័ត៌មានដែលប្រព្រឹត្តខុសច្បាប់ មិនមែនជាមានតែនៅកម្ពុជានោះទេ ប្រទេសដទៃទៀតក៏អនុវត្តដូចគ្នាដែរ។ ម្យ៉ាងវិញទៀត ការប្រើឈ្មោះសារព័ត៌មាន ឬអ្នកសារព័ត៌មាន គឺមិនអាចការពារ ឬគេចវេសពីការទទួលខុសត្រូវតាមច្បាប់ នូវអំពើល្មើសច្បាប់របស់ខ្លួនបានឡើយ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


