Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យបញ្ចប់រឿងក្ដីលោក ស ឡុងដេត ក្រោយពីបុគ្គលនេះចេញវីដេអូសុំទោស

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់ក្រសួងយុត្តិធម៌ ធ្វើការជាមួយដើមបណ្តឹង និងតុលាការដើម្បីបញ្ចប់រឿងក្តីលោក ស ឡុងដេត ក្រោយពីបុគ្គលនេះចេញវីដេអូសុំទោសសម្ដេចតេជោ​ និងរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើបែបនេះ បន្ទាប់ពីលោក ស ឡុងដេត ប្រធានប្រតិបត្តិរាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៣នេះ ​បានចេញវីដេអូសុំទោសសម្តេចតេជោ ហ៊ុន សែន និងប្រកាសផ្តាច់ខ្លួនពីអតីតមេបក្សប្រឆាំង ហើយស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ផងដែរ។

តាមរយៈវីដេអូជាង ២នាទី​ លោក ស ឡុងដេត បាននិយាយបែបនេះថា «ខ្ញុំបាទសុំអភ័យទោសដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលខ្ញុំបាននិយាយទៅកាន់សមាជិក-សមាជិកាគណបក្សភ្លើងទៀន កាលពីថ្ងៃមុន ស្ដីពី ស៊ីហ្គេមលើកទី ៣២ ដែលធ្វើនៅព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យមតិជាតិ-អន្តរជាតិ យល់ច្រឡំ ដូច្នេះខ្ញុំសុំអភ័យទោសសម្ដេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលទាំងមូល ដែលខ្ញុំបានិយាយជ្រុលហួស»។

ជាមួយគ្នានេះ លោក ស ឡុងដេត បានប្រកាសលាឈប់ពីតួនាទីទាំងអស់ នៅក្នុងគណបក្សភ្លើងទៀន និងផ្ដាច់ខ្លួនចេញពីអតីតមេបក្សប្រឆាំង ហើយបានស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន​ បានបង្ហោះសារនៅក្នុងតេលេក្រាមថា «ដោយសាម៉ីខ្លួនបានដឹងកំហុស និងបានសុំទោសជាសាធារណៈ ខ្ញុំស្នើសុំដល់ក្រសួងយុត្តិធម៌ធ្វើការជាមួយដើមបណ្តឹង និងតុលាការដើម្បីបញ្ចប់រឿងក្តីនេះ តាមវិធីដែលអាចធ្វើទៅបាន ដូចជាការដកពាក្យបណ្តឹង ឬលើកលែងការចោទប្រកាន់»។

សូមជម្រាបថា កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានព្រមានលោក ស សាឡុងដេត ក្រោយពីបុគ្គលនេះបានរិះគន់លើការរៀបចំស៊ីហ្គេមលើកទី ៣២ ដែលកម្ពុជាមិនយកថ្លៃសំបុត្រ មិនយកថ្លៃស្នាក់នៅនិងអាហារ ព្រមទាំងមិនយកថ្លៃលើសិទ្ធិផ្សាយបន្តផ្ទាល់ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម