ព័ត៌មានជាតិ
កម្ពុជាជោគជ័យការពារព្រៃឈើ រហូតលក់ឥណទានកាបូនបានលុយរាប់សិបលានដុល្លារ
តាមការសិក្សា ព្រៃឈើអាចជួយទប់ស្កាត់ការបំភាយឧស្ម័នផ្ទះកញ្ចក់នៅលើបរិយាកាសបានរហូតដល់ ៣៣%។ កត្តានេះហើយដែលធ្វើឲ្យប្រទេសជាច្រើនយកចិត្តទុកដាក់លើការការពារព្រៃឈើ និងធនធានធម្មជាតិ។
លោក កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន និងជាប្រធានលេខាធិការដ្ឋានរេដបូកថ្នាក់ជាតិបានឲ្យដឹងថា កម្ពុជាជាប្រទេសឈានមុខគេមួយ ដែលបានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការពារព្រៃឈើ ដើម្បីរួមចំណែកជាមួយពិភពលោក ក្នុងការកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាស និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសាកល។

លោក កែន សេរីរដ្ឋា
លោកអះអាងថា កម្ពុជាមិនមែនជាប្រទេសដែលគំរាមកំហែងដល់ការប្រែប្រួលអាកាសធាតុ ប៉ុន្តែជាប្រទេសចូលរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
កម្ពុជាបានជោគជ័យក្នុងការលក់ឥណទានកាបូន ក្នុងគម្រោងដែនជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរី និងតំបន់ជួរភ្នំក្រវ៉ាញខាងត្បូង។ ថវិកាដែលបានពីការលក់ឥណទានកាបូន ត្រូវបានប្រើប្រាស់សម្រាប់អភិវឌ្ឍសហគមន៍នៅមូលដ្ឋាន ដែលចូលរួមអនុវត្តកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ។
នៅក្នុងវេទិការផ្សព្វផ្សាយបញ្រ្ជាបចំណេះដឹងពីការប្រែប្រួលអាកាសធាតុកាលពីម្សិលមិញនេះ លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងឲ្យដឹងថា កម្ពុជាក៏ជាប្រទេសរងគ្រោះមួយពីការប្រែប្រួលអាកាសធាតុ។

លោក ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន
ការប្រែប្រួលអាកាសធាតុនាំឲ្យមានខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។ លោកបញ្ជាក់ថា រាល់កិច្ចប្រជុំអន្តរជាតិ ប្រទេសកំពុងអភិវឌ្ឍតែងតែតវ៉ាទៅប្រទេសធំៗដែលមានសេដ្ឋកិច្ចរីកចម្រើនថាជាអ្នកបំផ្លាញធ្វើឲ្យប្រែប្រួលដល់អាកាសធាតុ។
លោកអះអាងថា កម្ពុជាទទួលបានជោគជ័យលើការលក់ឥណទានកាបូន ជាសារនយោបាយបង្ហាញយ៉ាងច្បាស់ថាកម្ពុជាបានចូលរួមគាំពារលើការការពារព្រៃឈើនិងជីវចម្រុះបានយ៉ាងល្អ។ តាមរយៈគម្រោងការលក់ឥណទានកាបូន ថវិកាដែលទទួលបានត្រូវបានយកទៅការពារព្រៃឈើ និងយកទៅប្រើប្រាស់អភិវឌ្ឍដល់សហគមន៍វិញ។
កម្ពុជាមានមហិច្ចតាពង្រីកផ្ទៃដីលក់ឥណទានកាបូនឱ្យបាន ២ លានហិកតា ខណៈបច្ចុប្បន្នមានផ្ទៃដីប្រមាណជាង ១.៤ លានហិកតា ដែលបានអនុវត្តគម្រោងលក់ឥណទានកាបូន នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា តំបន់ជួរភ្នំក្រវាញខេត្តកោះកុង និងពោធិ៍សាត់ និងកំពុងជំរុញបន្ថែមលើដែនជកម្រកសត្វព្រៃភ្នំសំកុក ដែនជម្រកសត្វព្រៃឆែបនៅខេត្តព្រះវិហារ ដែនជកម្រកសត្វព្រៃព្រះរកា, ដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព និងតំបន់បេតិកភ័ណធម្មជាតិភ្នំត្បែង ភ្នំពក និងភ្នំត្នោតជាដើម។
ក្រសួងបរិស្ថានក៏បានកំពុងធ្វើការជាមួយអង្គការ CI ធ្វើការលក់ឥណទានកាបូននៅដែនជម្រកសត្វព្រៃព្រៃឡង់ ព្រមទាំងបានជំរុញការលក់ឥណទានកាបូននៅតាមតំបន់ការពារធនធានធម្មជាតិមួយចំនួនទៀតរួមមាន៖ ដែនជម្រកសត្វព្រៃស្រែពក, ដែនជកម្រកសត្វព្រៃភ្នំព្រិច ដែលក្រសួងបរិស្ថានសហការជាមួយអង្គការ WWF, ដែនជម្រកសត្វព្រៃលំផាត់ ដើម្បីយកថវិកាមកអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។
ចាប់ពីឆ្នាំ២០១៦ ក្រសួងបរិស្ថានបានកំពុងរៀបចំនិងអនុវត្តគម្រោងរេដបូកចំនួន ៣ រួមមាន៖ គម្រោងរេដបូកកែវសីមា គម្រោងរេដបូកតំបន់ជួរភ្នំក្រវាញខាងត្បូង និងគម្រោងរេដបូកព្រៃឡង់។ គម្រោងរេដបូកទាំង ៣ នេះ រហូតមកដល់ពេលនេះទទួលបានថវិកាពីការលក់ឥណទានកាបូនប្រមាណ ១១,៦ លានដុល្លារអាមេរិក ដែលថវិកាទាំងនេះត្រូវបានបែងចែកដល់សហគមន៍មូលដ្ឋាន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


