ព័ត៌មានជាតិ
តើការលក់ឥណទានកាបូនពីព្រៃឈើ មានដំណើរការយ៉ាងដូចម្តេច?
មន្រ្តីក្រសួងបរិស្ថានបានពន្យល់ពីដំណើរការលក់ឥណទានកាបូន ខណៈកម្ពុជាបានជោគជ័យលើការលក់ឥណទានកាបូន តាមរយៈការចូលរួមថែរក្សាការពារព្រៃឈើ ដែលបានចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

ឆ្លើយតបសំណួរ «កម្ពុជាថ្មី» ក្នុងដំណើរទស្សនកិច្ចកម្មវិធីពន្លកបៃតងនៅខេត្តមណ្ឌលគិរីកាលពីពេលថ្មីៗនេះ លោក ជួប បារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ការលក់ឥណទានកាបូនមានភាពស្មុគស្មាញ មិនងាយស្រួលដូចការគិតនោះទេ។ ដើម្បីអាចលក់កាបូនបាន មន្រ្តីជំនាញរូបនេះបានពន្យល់ថា ទាមទារឱ្យមានការចូលរួមពីផ្នែកពាក់ព័ន្ធចំនួន ៣ ត្រូវធ្វើការរួមគ្នា។

«បើនិយាយឱ្យខ្លី ការលក់កាបូនអាចធ្វើទៅបាន គឺត្រូវទាមទារឱ្យមានផ្នែកចូលរួមពាក់ព័ន្ធសំខាន់ៗចំនួន ៣ ៖ ទី១ គឺអាជ្ញាធររដ្ឋ ដែលមានក្រសួងបរិស្ថាន ក្នុងនាមរាជរដ្ឋាភិបាលជាម្ចាស់។ ទី២ អ្នកធ្វើគម្រោង ដូចជានៅកែវសីមា មានអង្គការ WCS ដែលជាអ្នកជួយលើកគម្រោងនេះឡើងមក និងទី៣ អ្នកពិនិត្យ និងវាយតម្លៃ ផ្ទៀងផ្ទាត់ និងផ្តល់សុពលភាព ថាតើកាបូនដែលកម្ពុជាអាចលក់បាន ត្រូវតាមតម្រូវការស្តង់ដាររបស់អន្តរជាតិឬនៅ? ដូច្នេះហើយធាតុផ្សំទាំង ៣ នេះ ទើបអាចឱ្យកម្ពុជាអាចឈានទៅដល់ការលក់ឥណទានកាបូនបាន»។ លោក ជួប បារីស៍ ពន្យល់បែបនេះ។
រដ្ឋលេខាធិការរូបនេះ ក៏បានលើកឧទាហរណ៍ជាក់ស្តែងការលក់ឥណទានកាបូនគម្រោងរេដបូកកែវសីមាក្នុងខេត្តមណ្ឌលគិរី ដែលកម្ពុជាជាម្ចាស់ ហើយអង្គការ WCS ជាអ្នកអនុវត្តនៅខាងក្រោម និងអ្នកដែលផ្តល់តម្លៃឱ្យកាបូនគឺក្រុមហ៊ុនវីរ៉ា។ ប្រសិនបើក្រុមហ៊ុន វីរ៉ា គណនាមើលឃើញថាកាបូនមិនស្របតាមស្តង់ដារ និងត្រូវតាមលក្ខណៈអន្តរជាតិទេ ក៏កម្ពុជាមិនអាចលក់កាបូននោះចេញបានដែរ។
មន្រ្តីជំនាញបរិស្ថានរូបនេះក៏បានពន្យល់បន្ថែមកុំឲ្យយល់ច្រឡំលើដំណើរការលក់ឥណទានកាបូន មិនមែនបានន័យថាកម្ពុជាលក់ព្រៃឈើនោះទេ គឺកម្ពុជាលក់មុខងារស្រូបឧស្ម័នកាបូនិច បានន័យថាលក់ឧស្ម័នកាបូនិចដែលព្រៃឈើបានស្រូបចូល ដូច្នេះប្រសិនបើស្រូបបានច្រើន កម្ពុជាក៏អាចលក់កាបូនបានកាន់ច្រើន ហេតុដូចនេះហើយយើងត្រូវតែថែរក្សាការពារព្រៃឈើឱ្យខានតែបាន។

ព្រៃឈើមានតួនាទីជាអ្នកស្រូបយកនូវឧស្ម័នកាបូនិច ហើយបញ្ចេញអុកស៊ីហ្សែន។ ការថែរក្សាទុកព្រៃឈើកាន់តែច្រើន កម្ពុជាត្រូវទទួលបានផលប្រយោជន៍ចំនួន ២ ទី១ ព្រៃឈើ ជាអ្នកផ្ទុកកាបូនដោយដើមឈើមួយដើមស្ងួតមានផ្ទុកកាបូន ៥០% ហើយប្រសិនបើ ១០០ គីឡូឈើស្ងួត មានកាបូន ៥០ គីឡូ និងទី២ ព្រៃឈើបានស្រូបឧស្ម័នកាបូនិចពីបរិយាកាស។
ពាក់ព័ន្ធដំណើរការលក់ឥណទានកាបូន ក្នុងសិក្ខាសាលាអភិវឌ្ឍន៍សមត្ថភាពរបស់អ្នកសារព័ត៌មានពីការប្រែប្រួលអាកាសធាតុ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថានក៏បានពន្យល់ពីដំណើរការលក់ឥណទានកាបូនគឺការលក់មុខងារនៃគម្របព្រៃឈើ ដែលព្រៃឈើមានមុខងារស្រូបយកឧស្ម័នកាបូនិក ជួយបន្សុទ្ធខ្យល់នៅក្នុងបរិយាកាស។

បើតាមលោក ខ្វៃ អាទិត្យា ប្រទេសឧស្សាហកម្មជាអ្នកបំភាយឧស្ម័នកាបូនិកចូលបរិយាកាស ដែលនាំឲ្យកើនកម្តៅផែនដី។ ដូច្នេះព្រៃឈើមានតួនាទីសំខាន់ ស្រូបកាបូន បន្សុទ្ធទឹក រក្សាទឹកក្រោមដីជាដើម។
ប្រទេសកម្ពុជាបានអនុវត្តដោយជោគជ័យ ការលក់ឥណទានកាបូននៅតំបន់ការពារធម្មជាតិចំនួនពីរ គឺនៅដែនជម្រកសត្វព្រៃកែវសីមា និងឧទ្យានជាតិភ្នំក្រវាញ។ ការធ្វើពាណិជ្ជកម្មកាបូន ក្រៅពីចូលរួមគ្រប់គ្រងព្រៃឈើនៅតាមតំបន់ការពារ ក៏បានចូលរួមអភិវឌ្ឍជីវភាពរបស់ពលរដ្ឋក្នុងសហគមន៍ ដោយបង្កើតមុខរបរផ្សេងៗក្រៅពីចូលព្រៃកាប់ឈើ។
លោក ខ្វៃ អាទិត្យា បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០២៣ ប្រទេសកម្ពុជានឹងចាប់ផ្តើមបន្តដំណើរការលក់ឥណទានកាបូនដោយស្ម័គ្រចិត្តឡើងវិញ ក្រោមការត្រួតពិនិត្យ វាយតម្លៃ ផ្ទៀងផ្ទាត់ (Verified) ពីអង្គការ វីរ៉ា ដែលថវិកាទទួលបានពីគម្រោងនេះ នឹងអាចយកទៅអភិវឌ្ឍដល់សហគមន៍ដែលចូលរួមថែរក្សាការពារធនធានព្រៃឈើ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


